“កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ” ចាប់ដំណើរការ ក្រោមកិច្ចសហការពីស្ថានទូត និងស្ថាប័នដៃគូ ដើម្បីបង្រៀនភាសា និងវប្បធម៌ខ្មែរ ដល់កូនកាត់ខ្មែរ-កូរ៉េ

កូរ៉េខាងត្បូង៖ ឆ្លងកាត់ការពិភាក្សាគ្នាជាច្រើនដងកន្លងមក ទីបំផុត “កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារ” ដែលស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានសហការជាមួយមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសងណាំ បានសម្ពោធដាក់អោយសិក្សាជាលើកដំបូងហើយនៅព្រឹកថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១នេះ នេះបើតាមការចែករំលែកផ្ទាល់ដោយលោកឯកអគ្គរាជទូត ឡុង ឌីម៉ង់ក្នុងទំព័រហ្វេសប៊ុក។

កម្មវិធីអប់រំភាសាខ្មែរសម្រាប់កុមារនេះ នឹងត្រូវរៀបចុះធ្វើឡើងតាមប្រព័ន្ធអនឡាញសិន ទំរាំអាចរៀបចំចូលរួមរៀនក្នុងផ្ទាល់នាពេលខាងមុខ អាចអាស្រ័យតាមស្ថានភាពនៃជំងឺកូវីដក្នុងប្រទេសកូរ៉េ។ បើតាមការបញ្ជាក់របស់លោកទូត ការសិក្សាតាមអនឡាញនេះ ដែលមានរយៈពេល២ម៉ោងរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ១០.០០ រហូត ១២.០០ ព្រឹក បង្រៀនដោយនិស្សិតខ្មែរ២រូប គឺជាការចាប់ផ្ដើមក្នុងទ្រង់ទ្រាយតូចសិន។ សម្រាប់ដំណាក់កាលទី២បន្ទាប់ នឹងពង្រីកដល់ទីក្រុងប៊ូសាន ហើយបើមានការឧបត្ថម្ភគាំទ្រពីសំណាក់អាជ្ញាធរ ក៏ដូចជាអង្គការសង្គមស៊ីវិលកូរ៉េផ្សេងៗ ស្ថានទូតនឹងជម្រុញបង្កើតគម្រោងនេះ ឲ្យបានច្រើនទីតាំងបន្ថែមទៀត ដល់កន្លែងដែលមានសហគមន៍ខ្មែរមានគ្រួសារកូរ៉េរស់នៅ។

គម្រោងកម្មវិធីសិក្សានេះ ត្រូវបានអនុវត្តតាមកម្មវិធី Zoom ដោយមានការសម្របសម្រួលផ្ទាល់ពីសំណាក់ក្រុមការងារស្រ្តីស្ថានទូត និងនិស្សិតស្ម័គ្រចិត្តចំនួន ២រូបផងដែរ។

ក្នុងឱកាសសម្ភោធពិធីដាក់អោយដំណើរការគម្រោងដ៏មានសារៈសំខាន់នេះសម្រាប់កូនកាត់ខ្មែរ-កូរ៉េ នូវភាសា វប្បធម៌ និងសីលធម៌ខ្មែរនេះ មានការចូលរួមជាអធិបតីពីសំណាក់លោកឯកអគ្គរាជទូតផ្ទាល់ និងលោក Lee Sang-Rak ប្រធានមជ្ឈមណ្ឌលគាំពារជនបរទេសទីក្រុងសុងណាំ មន្រ្តីស្ថានទូត ក្រុមការងារស្រ្តី សមាគមនិស្សិតខ្មែរនៅកូរ៉េ មាតាបិតា-អាណាព្យាបាលសិស្ស១៥នាក់ និង ក្រុមសារព័ត៌មាន សរុបចំនួន ជិត ៤០នាក់។

Leave a Reply

Your email address will not be published. Required fields are marked *