ប្រទេសសមាជិក នៃសហភាពអឺរ៉ុប (EU) កំពុងខ្វែងគំនិតគ្នា បែកបាក់លើការបែងចែកមិនត្រូវរ៉ូវគ្នា វ៉ាក់សាំងកូវីដ Pfizer ១០លានដូស

អឺរ៉ុប៖ នៅ​សហភាពអឺរ៉ុប ​ប្រទេស​សមាជិក​ទាំង ២៧ ត្រូវ​ជជែកគ្នា២ថ្ងៃ ដើម្បីបែងចែកវ៉ាក់សាំងចំនួន​១០លានដូសរបស់​ក្រុមហ៊ុន​អាមេរិកាំង Pfizer-BioNTech។ ការទាមទារ​បែងចែក​ឲ្យ​ស្មើភាពគ្នា​បាន​បង្ក​ឲ្យ​មាន​ការខ្វែង​គំនិត​គ្នា​ក្នុងចំណោម​ប្រទេស​សមាជិកអឺរ៉ុប នៅថ្ងៃ​សុក្រទី​២​មេសា។ អូទ្រីស សាធារណរដ្ឋឆែក និង​ស្លូវ៉េនី ជាប្រទេសអឺរ៉ុប​បីដែល​បានចេញមុខបដិសេធ​មិនព្រមចែករំលែក​វ៉ាក់សាំង​របស់ខ្លួនជាមួយ​ប្រទេស​អឺរ៉ុប​ដែល​កំពុង​ខ្វះជួប​ការលំបាកខ្លាំងក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​នោះទេ។

សហភាពអឺរ៉ុប​មាន​សំណាង​បាន​ទទួលវ៉ាក់សាំង​ ១០លាន​ដូស​ពី​ក្រុមហ៊ុន​Pfizer –BioNTech មុនកាលកំណត់។ ១០លាន​ដូសនេះ ​ស្ថិតក្នុង​ចំណោម​វ៉ាក់សាំង១០០​លាន​ដូស ដែល​ក្រុមហ៊ុន​អាមេរិកាំង Pfizer ត្រូវ​ប្រគល់​ឲ្យ​សហភាពអឺរ៉ុបនៅត្រីមាស​ទី៣ ប៉ុន្តែ Pfizer បាន​បញ្ជូនមកឲ្យអឺរ៉ុប​មុនកាលកំណត់។ ប៉ុន្តែសំណាងប្រែក្លាយ​ជាប្រភព​នៃ​កូនវិបត្តិរកាំរកូស​ក្នុងចំណោម​ប្រទេស​សមាជិក​អឺរ៉ុប។

មូលហេតុគឺ​ប្រទេស​បីរបស់​សហភាពអឺរ៉ុប ទាមទារចង់បាន​ចំណែក​របស់ខ្លួនដោយមិន​ព្រមចែករំលែកវ៉ាក់សាំងជាមួយ​ប្រទេស​អឺរ៉ុប​ចំនួន ៥ ដែល​កំពុង​ជួបការលំបាកក្នុង​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ​១៩។ អូទ្រីស ស្លូវ៉េនី និង​សាធារណរដ្ឋឆែក បដិសេធ​មិនចូលរួម​ក្នុង​ផែនការ​សាមគ្គីភាព​របស់​សហភាព​អឺរ៉ុប​នោះទេ។

នាយករដ្ឋមន្ត្រីស្លូវេនី Janez Jansa ដែលបានបដិសេធមិនចែករំលែកវ៉ាក់សាំង Pfizer តាមការស្នើសុំ

ទៅតាម​ការបែងចែកស្នើឡើងដោយ​ព័ទុហ្កាល់ដែល​ជាប្រធាន​ប្តូរវេន​របស់សហភាព​អឺរ៉ុបនៅក្នុង​ចំណោម​វ៉ាក់សាំង១០លានដូស ដែល​អឺរ៉ុបបាន​ទទួល​មុនកាលកំណត់​ពីក្រុមហ៊ុន ​Pfizer គេ​គួរ​ទុក៣លាន​ដូសសម្រាប់​ប្រទេស​៥ដែលកំពុង​មានបញ្ហា​កូវីដ​ខ្លាំងជាងគេដូចជា ក្រូអាស៊ី អេស្តូនី ឡេតូនី ស្លូវ៉ាគី និង​ប៊ុលហ្ការី ចំណែក​៧លានដូសនឹង​ត្រូវ​បែងចែក​រវាង​ប្រទេស​អឺរ៉ុប​ទាំង២៧ ទៅតាម​គោលការណ៍​សមាមាត្រ​ប្រជាជន។

ប៉ុន្តែប្រទេស​សមាជិក​អឺរ៉ុប​ចំនួន ៣ អូទ្រីស ស្លូវ៉េនី និង​សាធារណរដ្ឋឆែក ដែល​សុទ្ធតែ​ធ្លាប់ចេញមុខ​តវ៉ា​ពី​រឿងអយុត្តិធម៌ក្នុងរឿង​បែងចែក​វ៉ាក់សាំង​កន្លងមកបាន​បណ្តោយខ្លួន​ឲ្យ​ភាពអាត្មានិយមជាតិនិយម​ដឹកមុខ មិនព្រម​ចែករំលែកចំនួន​វ៉ាក់សាំង​ដែល​ខ្លួនត្រូវ​ទទួល​បានជាមួយ​ប្រទេសទាំង៥​ដែល​កំពុង​ជួប​ការលំបាក។

សាធារណរដ្ឋឆែក​លើកឡើងថាកាយវិការ​សាមគ្គីភាព​របស់​អឺរ៉ុប​ធ្វើ​ឲ្យ​សាធារណរដ្ឋ​ឆែកខាតបង់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៤៣ ០០០ដូស ចំណែកអធិការបតី​អូទ្រីសបាននិយាយ​សរសើរ​ខ្លួនឯង​ថាដោយសារ​តែជំហររឹងមាំ​របស់រដ្ឋាភិបាល​របស់លោក អូទ្រីស​នៅរក្សា​វ៉ាក់សាំងចំនួន ១៩៩ ០០០​ដូស ដែលខ្លួន​ត្រូវ​ទទួល​បានតាំង​ពីដំបូងទីពោល​គឺ​មិនបាន​បាត់បង់ ៦ម៉ឺនដូសដោយសារ​ផែនការ​សាមគ្គី​របស់​អឺរ៉ុប​នោះទេ។

និយាយ​ដោយ​មិនបញ្ចេញឈ្មោះ មន្រ្តីទូត​អឺរ៉ុប​ម្នាក់បាន​រិះគន់ប្រទេស​អឺរ៉ុប​ទាំងបីថាខ្វះសាមគ្គីភាព និង​បាន​បែរខ្នងបោះបង់ចោល ប៊ុលហ្ការី ក្រូអាស៊ី អេស្តូនី ឡេតូនី និង ស្លូវ៉ាគី។ នៅថ្ងៃ​សុក្រទី ២​មេសា នៅពេលអូទ្រីស ស្លូវ៉េនី និង​សាធារណរដ្ឋឆែក ទទួលបាន​ចំណែកវ៉ាក់សាំង គ្រប់ចំនួនប្រទេស​អឺរ៉ុប​ចំនួន ១៩ ដែល​បង្ហាញ​សាមគ្គីភាព​ជាមួយប្រទេស ទាំង៥ ​សុខចិត្ត​ទទួល​វ៉ាក់សាំងតិចជាងមុន ដោយ​ត្រូវ​បែងចែក​រវាង​គ្នានូវ​វ៉ាក់សាំង​ជាង ៦លាន ៦សែនដូស។ សម្រាប់សហភាព​អឺរ៉ុប ប្រទេស​អឺរ៉ុប​ទាំង៥ ប៊ុលហ្ការី ក្រូអាស៊ី អេស្តូនី ឡេតូនី និង​ស្លូវ៉ាគី​ដែល​កំពុង​ជួបការលំបាកក្នុង​ការចាក់វ៉ាក់សាំង​ឲ្យប្រជាជន​របស់ខ្លួនត្រូវ​ទទួល​ចំណែក​វ៉ាក់សាំង​របស់ខ្លួនពី​ចំនួន ១០លាន​ដូស ហើយ​និង​ត្រូវបែងចែក​គ្នានូវ​វ៉ាក់សាំងជិត៣លាន​ដូស​ផ្សេងទៀត៕

ខ្លឹមសារទំាងស្រុងពី៖ RFI

Leave a Reply

Your email address will not be published. Required fields are marked *