ប៉ូលីស និងអជ្ញាធរនៅហាដុង បើកការស៊ើបអង្កេតករណីហឹង្សា ក្នុងសាលារៀនស្នាក់បែបប្រពៃណីមួយ ដែលមានដល់ករណីបង្ខំសិស្សឱ្យផឹកទឹកនោមជាដើម

កូរ៉េខាងត្បូង៖ មន្ត្រីប៉ូលីស មន្ត្រីអប់រំ និងមន្ត្រីមូលដ្ឋាននៅហាដុង ខេត្តឃ្យ៉ុងសាងខាងត្បូង បានកំពុងបើកប្រតិបត្តិការស៊ើបអង្កេតរួមគ្នាមួយ លើករណីសង្ស័យជាអំពើហឹង្សាជាលក្ខណៈជាប្រព័ន្ធច្រើនករណីចេញពីសាលារៀនបែបប្រពៃណីមួយកន្លែងនៅក្នុងភូមិនៃមូលដ្ឋាននោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times

ប៉ូលីសនៃខេត្តយ៉ុងសាងខាងត្បូង បានបញ្ជាក់ថាករណីស៊ើបអង្កេតនេះគឺដើម្បីចង់ស្វែងរកឱ្យច្បាស់ថាតើមានករណីហឹង្សាណាផ្សេងដែលធ្លាប់បានកើតមានឡើងក្នុងសាលារៀនបែបប្រពៃណីកើតហេតុខាងលើនេះឬអត់ ក្រោយពីកន្លងមកថ្មីៗនេះគេបានដឹងពីការបែកធ្លាយនូវការប្រើប្រាស់អំពើហឹង្សាជាច្រើនករណីបន្តបន្ទាប់ ដែលសិស្សកោងកាចបានធ្វើបាបមកលើសិស្សដទៃទៀតនៅក្នុងសាលារៀនប្រពៃណីនេះ។ បច្ចុប្បន្នប៉ូលីស និងអជ្ញាធរកំពុងធ្វើការសាកសួរលើបណ្តាសិស្សដែលស្នាក់នៅក្នុងសាលារៀនខាងលើ និងមិត្តរួមថ្នាក់នៃអ្នកពាក់ព័ន្ធដទៃទៀតផងដែរ

កន្លងមកថ្មីៗ គេបានដឹងថាកាលពីខែកុម្ភៈឆ្នាំទៅ មានករណីក្មេងជំទង់ម្នាក់ជាសិស្សដែលស្នាក់នៅក្នុងសាលារៀនបែបប្រពៃណីនេះ ត្រូវបានសិស្សដូចគ្នាដែលជាអ្នកស្នាក់នៅក្នុងអន្តេវាសិកដ្ឋានជាមួយគ្នា វាយធ្វើបាបយ៉ាងធ្ងន់ធ្ងរ ដែលតែងតែវាយដំច្រំធាក់ ហើយគួរឱ្យមិនអាចទទួលយកបានទៀតនោះ គឺពួកអ្នកវាយធ្វើបាបទាំងនោះ ថែមទាំងបានបាញ់ទឹកកាមរបស់ពួកវា ដាក់សិស្សរងគ្រោះជាទំលាប់យ៉ាងច្រើនដងថែមទៀត។ សិស្សដែលជាជនល្មើសវាយធ្វើបាប និងប្រើហឹង្សាទាំងនោះត្រូវបានព្រះរាជអជ្ញាបញ្ជូនសំណុំរឿងទៅតុលាការអំពីបទបំពានផ្លូវភេទផងដែរ។

ក្រោយមកទៀត ជាលទ្ធផលនៃការស៊ើបអង្កេតលើករណីដំបូងនោះមក ប៉ូលីសបានរកឃើញករណីហឹង្សាធ្វើបាបបែបនេះមួយចំនួនទៀតនៅក្នុងទីតាំងសាលាខាងលើ ដែលក្នុងចំណោមករណីដែលរកឃើញថែមថ្មីទាំងនោះ មានករណីសិស្សម្នាក់ត្រូវសិស្សដទៃទៀតវាយធ្វើបាប ហើយបង្ខំឱ្យផឹកទឹកនោមទៀតផង ដែលករណីនេះកើតឡើងពីខែមីនា ឆ្នាំទៅផងដែរ។

ទិដ្ឋភាពនៃសាលារៀនបែបប្រពៃណី ដែលក្មេងៗនៅក្នុងភូមិកើតហេតុ ត្រូវទៅស្នាក់នៅរៀនតាមបែបប្រពៃណី

ក្រោយពីករណីនេះត្រូវបានដឹងលឺជាសាធារណៈរួចមកកាលពីថ្មីៗនេះ មានម្តាយរបស់ក្មេងស្រីជំទង់ម្នាក់ទៀតបានដាក់ញ្ញាត្តិលើគេហទំព័រវិមានប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី២៤ មីនានេះ ដោយបានអះអាងថាកន្លងមកកូនស្រីរបស់ខ្លួនក៏ត្រូវរងការធ្វើបាបហឹង្សាដោយសិស្សបីនាក់ផ្សេងទៀត ដែលបានបង្ខំឱ្យកូនស្រីរងគ្រោះនោះផឹកទឺកក្នុងបង្គន់ និងទឹកសាប៊ូទៀតផង។

ដោយសារតែករណីនេះក្លាយជាករណីក្តៅថ្មី ក្នុងចំណោមសាធារណជនកូរ៉េ នាំឱ្យស្ថាប័នពាក់ព័ន្ធបាននាំគ្នាដុតដៃដុតជើងបើកការស៊ើបអង្កេតលើករណីដែលបានលើកឡើងដោយម្តាយរបស់ក្មេងស្រីរងគ្រោះរូបនេះបន្ថែមទៀត ថាតើពិតជាមានករណីបែបនេះកើតឡើងមែនឬយ៉ាងណា ហើយនិងពិនិត្យទៅលើលទ្ធភាពផ្លូវច្បាប់ និងបទបញ្ញាត្តិរដ្ឋបាលថាគួរមានវិធានការបែបណាចំពោះអ្នកគ្រប់គ្រងសាលាកើតហេតុនេះ ដែលក្រោមការគ្រប់គ្រងរបស់ខ្លួនបែរជាបណ្តាលឱ្យហេតុការណ៍ទាំងនេះកើតឡើងទៅបាន។

សូមបញ្ជាក់ថា តំបន់ភូមិឈុងហាក់ដុង (Cheonghakdong) ដែលមានករណីនេះកើតឡើង ជាភូមិដែលនៅបន្តបែបបទរស់នៅតាមបែបប្រពៃណីច្រើន ហើយសិស្សនៅក្នុងភូមិប្រមាណជាង១០០នាក់ទៅរៀនសូត្រពេញម៉ោងពេលថ្ងៃនៅសាលាបឋមសិក្សា និងអនុវិទ្យាល័យនៅក្នុងភូមិនោះផ្ទាល់ តែនៅពេលយប់ត្រូវបានឪពុកម្តាយបញ្ជូនឱ្យទៅរៀនស្នាក់នៅក្នុងសាលារៀនបែបប្រពៃណីនេះ ដើម្បីជាការបង្រៀនផ្លូវចិត្ត និងសីលធម៌តាមបែបប្រពៃណីមានពីដើមរៀងមក។

Leave a Reply

Your email address will not be published. Required fields are marked *