ក្រុមការងារស្ត្រីស្ថានទូតកម្ពុជា ចុះសិក្សាផ្ទាល់ពីបទពិសោធន៌ល្អៗនៃគម្រោងកសិកម្ម ការដាំ និងថែទាំបន្លែរបស់ស្រ្តីបរទេសនៅកូរ៉េ

វ៉ុ​នជូ៖ នៅថ្ងៃទី ២ មិថុនា ឆ្នាំ២០២០ នេះ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក្រុមការងារស្រ្តីរបស់ស្ថានទូតកម្ពុជា ដឹកនាំដោយលោកស្រី ញឹម ដាវី បានសហការជាមួយក្រុមហ៊ុននៃប្រទេសកូរ៉េ​ ចុះទស្សនកិច្ចសិក្សា និងពិនិត្យផ្ទាល់នៅកសិដ្ឋានបន្លែរបស់ស្រ្តីបរទេសដែលបានធ្វើចំណាកស្រុកហើយមករស់នៅលើទឹកដីកូរ៉េ។

ស្ថានទូតកម្ពុជាបានលើកឡើងថា ការចុះទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីជួយទៅដល់ស្រ្តីខ្មែរយើងដែលមានចំណាប់អារម្មណ៍ខាងកសិកម្ម​ ក្នុងការស្វែងរកចំណូលបន្ថែមនៅក្នុងគ្រួសារ ហើយជាឱកាសដើម្បីប្រែក្លាយទៅជាកិច្ចសហប្រតិបិត្តការរវាងប្រទេសកម្ពុជានិងកូរ៉េបន្តនៅថ្ងៃអនាគត។

សូមបញ្ជាក់ផងដែរថា ស្ថានទូតកម្ពុជាបានផ្តួចផ្តើមរៀបចំឡើងនូវកម្មវិធី “បន្លែសហគមន៍” ដើម្បីឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការ ជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ។ កន្លងមក កម្មវិធីនេះត្រូវបានបើកនៅ ២ តំបន់ហើយគឺ តំបន់អានសាន និងតំបន់គីមផូ។

Leave a Reply

Your email address will not be published. Required fields are marked *