កូរ៉េខាងត្បូង៖ គម្រោងថ្មីមួយដែលនឹងជួយសម្រួលបកប្រែលិខិត ឬការជូនដំណឹងផ្សេងៗពីសាលារៀនបឋមសិក្សា ជាភាសាដើមកូរ៉េ មកជាភាសាដើមសម្រាប់អាណាព្យាបាលបរទេសដែលបានរៀបការជាមួយគ្រួសារកូរ៉េ មិនគិតថ្លៃ នឹងត្រូវចាប់ផ្តើមអនុវត្តឆាប់ៗនេះហើយ ដែលជាគំនិតផ្តួតផ្តើមរបស់ក្រុមហ៊ុន SK Group នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
តាមរយៈមូលនិធិនៃក្តីរីករាយ (Happiness Foundation) ដែលបង្កើតឡើងដោយក្រុមហ៊ុនយក្សដ៏ធំនៅកូរ៉េខាងត្បូង SK Group បានឱ្យដឹងថាសេវាកម្មបកប្រែថ្មីនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ មេសាខាងមុខ ដែលភាសាក្នុងការបកប្រែជូនដំបូងមាន ៤ ភាសា គឺភាសាអង់គ្លេស ចិន វៀតណាម និងរុស្ស៊ី។ យ៉ាងណាមិញ ប្រសិនបើមានការស្នើសុំពីសំណាក់ឪពកម្តាយបរទេសច្រើនជាង៥នាក់ឡើងទៅ ស្នើឱ្យមានការបន្ថែមនូវភាសាបរទេសណាផ្សេងទៀត គម្រោងនេះនឹងបន្ថែមភាសាដែលមានការស្នើសុំនោះជូនផងដែរ។
តាមរយៈគម្រោងនេះ ឪពុកម្តាយជាបរទេសដែលបានរៀបការជាមួយគ្រួសារកូរ៉េ ហើយមានកូនតូចបញ្ជូនទៅសាលារៀននោះ អាចធ្វើការចុះឈ្មោះ (Subscribe) ទៅនឹងសេវាកម្មបកប្រែនេះចាប់ពីឥឡូវនេះទៅ ដែលគម្រោងសេវាកម្មនេះនឹងចាប់សហការជាមួយសាលារៀនកម្រិតបឋមសិក្សានៅក្នុងទីក្រុងសេអ៊ូល ដែលមានកូនសិស្សអន្តរជាតិ ឬចម្រុះជាតិសាសន៍ច្រើនសិន។ ម្តាយឪពុកជាបរទេសហើយមិនសូវស្ទាត់ជំនាញក្នុងការប្រើប្រាស់ភាសាកូរ៉េ ជាទូទៅតែងមានឧបសគ្គលំបាកក្នុងការបង្ហាត់បង្រៀន និងជួយកូនៗរបស់ខ្លួននូវកិច្ចការសាលា ការបង្រៀនបន្ថែមនៅផ្ទះ ឬក៏ពិបាកក្នុងការស្វែងយល់ឱ្យអស់អត្ថន័យចំពោះសេចក្តីជូនដំណឹងនានាពីខាងសាលារៀនជាដើម ហើយកន្លងមកការខ្វះចន្លោះក្នុងកម្រិតភាសានេះហើយបានធ្វើឱ្យកូនៗពិបាកក្នុងការទទួលការបង្ហាត់បង្រៀនតម្រង់ទិសបន្ថែមពីឪពុកម្តាយនៅផ្ទះផ្ទាល់ ឬក៏ទទួលបានការបងា្ហត់បង្រៀន ណែនាំខុសជាដើមពីឪពុកម្តាយ ដែលអាចប៉ះពាល់ដល់ការលូតលាស់ចំណេះដឹងរបស់កុមារ។
បញ្ហាប្រឈមនេះហើយដែលជាកត្តាជម្រុញឱ្យមានការបង្កើតនូវកម្មវិធីបកប្រែជំនួយនេះឡើង។ កាលពីឆ្នាំកន្លងទៅ វិទ្យសា្ថនស្រាវជ្រាវ ODS Multicultural Education Research Institute ដែលជាដៃគូក្នុងការអនុវត្តគម្រោងនេះ បានធ្វើការសាកល្បងគម្រោងនេះទៅលើសិស្ស១០៦នាក់ នៅក្នុងសាលារៀនចំនួន៤ នៅដេហ្គូ និងខេត្តឃ្យ៉ុងសាងខាងជើង ហើយជាលទ្ធផលរកឃើញថាមានអត្រាលទ្ធផលល្អប្រសើរជាងមុនដល់ទៅ៤០% ចំពោះកូនសិស្សដែលទទួលបានសេវាកម្មនេះ ដោយអាចបំពេញកិច្ចការផ្ទះ និងរៀនសូត្របានប្រសើរជាងមុន។
សូមបញ្ជាក់ថា គម្រោងនេះសហការជាមួយនឹងវិទ្យាស្ថាន ODS Multicultural Education Research Institute ជាសហគ្រាសសង្គមដែលមានទីស្នាក់នៅដេហ្គូ បង្កើតឡើងដោយក្រុមស្រ្តីដែលមកពីប្រភពជាតិសាសន៍ចម្រុះ។