សហរដ្ឋអាម៉េរិក ស្វាគមន៍ទទួលមតិយោបល់ និងធាតុចូល ពីសម្ព័ន្ធមិត្តខ្លួន កូរ៉េខាងត្បូង និងជប៉ុន លើការតាក់តែងគោលនយោបាយថ្មីចំពោះកូរ៉េខាងជើង

វ៉ាស៊ីងតោន៖ សហរដ្ឋអាម៉េរិកបើកចំហរត្រៀមទទួលនូវធាតុចូល និងមតិយោបល់បន្ថែមពីសំណាក់សម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន ទៅលើការតាក់តែងគោលនយោបាយថ្មីរបស់ខ្លួនលើបញ្ហាកូរ៉េខាងជើង នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាម៉េរិកនៅថ្ងៃព្រហស្បត្តិ៍នេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ការលើកឡើងបែបនេះគឺធ្វើឡើងមួយថ្ងៃមុនពេលដែលទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេ៉រិក លោក Jake Sullivan គ្រោងនឹងទទួលស្វាគមន៍ដៃគូរបស់ខ្លួនមកពីកូរ៉េខាងត្បូង លោក Suh Hoon និងពីជប៉ុន លោក Shigeru Kitamura សម្រាប់ជំនួបពិភាក្សាលើកិច្ចសហប្រតិបតិ្តការតំបន់ ដែលក្នុងនោះនឹងមានការលើកមកពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងនេះផងដែរ សំដៅដល់ការពិភាក្សាលើពង្រាងថ្មីចុងក្រោយនៃគោលនយោបាយសហរដ្ឋអាម៉េរិកចំពោះប្រទេសកូរ៉េខាងជើង។

តាមការបញ្ជាក់ពីសំណាក់មន្ត្រីមួយរូបដែលសូមមិនបញ្ជញអត្តសញ្ញាណ បានឱ្យដឹងថា ជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសសម្ព័ន្ធមិត្តទាំងបីលើកនេះ ជាកិច្ចប្រជុំពិភាក្សាគ្នាក្នុងកម្រិតខ្ពស់បំផុតហើយ ដែលភាគីទាំងអស់នឹងមានភាពបើកចំហរ និងត្រៀមទទួល និងផ្តល់នូវធាតុចូលឱ្យគ្នាទៅវិញទៅមកលើប្រធានបទដែលនឹងលើកយកមកពិភាក្សា។ កិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់នៃក្រុមសម្ព័ន្ធមិត្តសហរដ្ឋអាម៉រិក កូរ៉េខាងត្បូង និងជប៉ុននេះ គឺនឹងត្រូវរៀបចំឡើងដោយក្នុងលក្ខណៈបិទទ្វារ នៅលើទឹកដីសហរដ្ឋអាម៉េរិកជាម្ចាស់ផ្ទះ។

មន្ត្រីដដែលរូបនេះបានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងលើកឡើងអំពីពង្រាងនៃផែនការថ្មីរបស់សហរដ្ឋអាម៉េរិកក្នុងការទំនាក់ទំនងជាមួយកូរ៉េខាងជើង ដែលពង្រាងនេះជិតរួចរាល់ទាំងស្រុងហើយ ដូចនេះអ្វីដែលជាការពិភាក្សាសំខាន់ គឺការស្តាប់នូវសំណើ និងធាតុចូលរបស់ភាគីសម្ព័ន្ធមិត្តខ្លួនពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើងនេះផ្ទាល់ ដើម្បីធានាឱ្យគោលដៅទៅពេលអនាគតលើបញ្ហាឧបទ្វីបកូរ៉េមានលក្ខណៈសមស្របជាមួយគ្នា។

សូមបញ្ជាក់ថា ថ្មីៗនេះក្រោយពីរដ្ឋបាលថ្មីសហរដ្ឋអាម៉េរិកបានចូលមកកាន់តួនាទី បញ្ហានៃឧបទ្វីបកូរ៉េខាងជើងត្រូវបានថ្នាក់ដឹកនាំអាម៉េរិកសើរេីយកមកពិនិត្យជាថ្មី ហើយក៏បានកំពុងព្រាងរៀបចំតាក់តែងនូវគោលនយោបាយថ្មីឆ្លើយតបលើបញ្ហាឧបទ្វីបកូរ៉េនេះផងដែរ ដែលគ្រោងនឹងលើកយកមកពិភាក្សាលើតុជាមួយបណ្តាដៃគូសម្ព័ន្ធមិត្តខ្លួននេះហើយ។ ក្នុងនោះដែរ កាលពីសប្តាហ៍មុននេះ កូរ៉េខាងជើងក៏បានបាញ់បង្ហោះគ្រាប់កាំជ្រួចគ្រូសមីស៊ីល និងកាំជ្រួចបាលីស្ទីកមីស៊ីល ម្តងជាពីរដងផងដែរ ដែលអ្នកជំនាញយល់ឃើញថាជាការឱ្យសញ្ញាទៅកាន់រដ្ឋបាលថ្មីរបស់លោក ចូ បៃឌិន ដើម្បីឱ្យតម្លៃ និងងាកមកចរចាជាមួយខ្លួនឡើងវិញនោះ។

ថ្នាក់ដឹកនាំកំពូលនៃសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង

Leave a Reply

Your email address will not be published. Required fields are marked *