ក្រុមជំនាញអង្គការ WHO៖ ទិន្នន័យវ៉ាក់សាំងកូវីដចិន Sinopharm និង​ Sinovac បង្ហាញថាមានប្រសិទ្ធភាព ហើយសង្ឃឹមអាចបានការអនុញ្ញាតត្រឹមចុងខែមេសា

ហ្សឺណែវ៖ វ៉ាក់សាំងកូវីដពីរគឺស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតនៅក្នុងប្រទេសចិនបានធ្វើការបង្ហាញនូវទិន្នន័យចាំបាច់រួចរាល់ហើយឱ្យទៅអង្គការសុខភាពពិភពលោក ដែលទិន្នន័យនេះបញ្ជាក់ពីកម្រិតប្រសិទ្ធភាពវ៉ាក់សាំងដែលសមស្របទៅនឹងកម្រិតដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក នេះបើតាមការលើកឡើងផ្ទាល់របស់ប្រធានក្រុមប្រឹក្សាយោបល់នៃអង្គការពិភពលោកនេះ ចុះផ្សាយក្នុងសារព័ត៌មាន Reuters

ក្រុមអ្នកជំនាញផ្នែកវ៉ាក់សាំងហៅកាត់ SAGE នៃអង្គការសុខភាពពិភពលោក បានបង្ហាញក្តីសង្ឃឹមថាវ៉ាក់សាំងទំាងពីរនេះនឹងត្រូវបានផ្តល់អនុសាសន៍ ឬហៅថាភ្លើងខៀវនោះ សម្រាប់វ៉ាក់សាំងទាំងពីររបស់ចិននេះ នៅត្រឹមចុងខែមេសាខាងមុខ បើតាមការបញ្ជាក់របស់ប្រធាននៃក្រុមជំនាញនេះ លោក Alejandro Cravioto ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ។

លោក Alejandro Cravioto បានបញ្ជាក់លម្អិតថា ព័ត៌មានដែលបានផ្តល់មកពីក្រុមហ៊ុនផលិតវ៉ាក់សាំងដោយបើកចំហរសម្រាប់កិច្ចប្រជុំនៃក្រុមជំនាញ SAGE កាលពីសប្តាហ៍មុន បញ្ជាក់ច្បាស់ថាវ៉ាក់សាំងទាំងពីរនេះមានកម្រិតប្រសិទ្ធភាពដែលស្របទៅនឹងកម្រិតជាតម្រូវការនៃអង្គការសុខភាពពិភពលោក ដែលទិន្នន័យប្រសិទ្ធភាពជាតម្រូវការនោះគឺត្រូវខ្ពស់ជាង ៥០% ឬបើកាន់តែល្អអាចដល់ ៧០% ឬក្បែរកម្រិតនេះ។ លើសពីនោះទៀត តាមរយៈទិន្នន័យដែលក្រុមអ្នកជំនាញនេះបានទទួលពីក្រុមហ៊ុនគឺបញ្ជាក់ថាវ៉ាក់សាំងទាំងនេះមិនមានការបង្កជាផលប៉ះពាល់សុខភាពណាមួយដល់មនុស្ស ក្រោយពីប្រើប្រាស់នោះទេ។

យ៉ាងណាមិញ វ៉ាក់សាំងទាំងនេះ​ត្រូវទទួលបាននូវការទទួលស្គាល់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) ពីអង្គការសុខភាពពិភពលោកជាមុនសិន ទើបក្រុមជំនាញ SAGE អាចធ្វើការចេញនូវអនុសាសន៍ជំនាញរបស់ខ្លួនបន្ថែមទៀតលើសុវត្ថិភាពនៃវ៉ាក់សាំងទាំងពីរនេះ។

ក្នុងនោះដែរ អ្នកនាំពាក្យនៃអង្គការសុខភាពពិភពលោកបានបញ្ជាក់ផងដែរកាលពីថ្មីៗនេះថា វ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) នេះអាចនឹងទទួលបានការទទួលស្គាល់ក្នុងបញ្ជីប្រើប្រាស់បន្ទាន់ (EUL) ក្នុងពេល “ឆាប់ៗនេះហើយ”។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ WHO បានផ្តល់ការទទួលស្គាល់ EUL ដល់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech, AstraZeneca និង Johnson & Jonhson។ ការទទួលស្គាល់ EUL ពី WHO អនុញ្ញាតឲ្យវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនទាំងនោះ អាចប្រើប្រាស់ក្នុងយន្តការវ៉ាក់សាំងអន្តរជាតិ COVAX ដែលជាកម្មវិធីផ្តល់វ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍបាន៕

កន្លងមក ក្រុមហ៊ុនចិន China National Biotec Group (CNBG) ដែលផលិតវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) បានបញ្ជាក់ថាវ៉ាក់សាំងខ្លួនមានទិន្នន័យបញ្ជាក់ពីប្រសិទ្ធភាពដល់ទៅ ៧៩.៣៤% ក្នុងការបង្ការមិន​ឱ្យឆ្លងនូវជំងឺកូរ៉ូណា បើតាមទិន្នន័យបឋមរបស់ខ្លួន។ ចំណែកឯវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) បង្ហាញនូវទិន្នន័យប្រសិទ្ធភាពចន្លោះពី ៥០.៦៥% ដល់ ៨៣.៥% ដោយផ្អែកលើទិន្នន័យធ្វើតេស្តនៅក្នុងប្រទេសប្រស៊ីល តួកគី និងឥណ្ឌូនេស៊ីកន្លងមក។

វ៉ាក់សាំងទាំងពីរប្រភេទនេះ ទទួលបានការបញ្ជាទិញច្រើនពីសំណាក់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាផងដែរ ដោយសារតែកង្វះខាតក្នុងការផ្គត់ផ្គង់វ៉ាក់សាំងពីលោកខាងលិច ដែលកន្លងមកគេរិះគន់ថាប្រទេសអភិវឌ្ឍន៍អ្នកមាន ដែលមានធនធាន និងឥទ្ធិពល បានបញ្ជាទិញវ៉ាក់សាំងរាប់រយលានដូស ស្តុកទុកសម្រាប់តែខ្លួនឯង បើទោះបីជាលើសពីតម្រូវការរបស់ខ្លួនក៏ដោយ។

Leave a Reply

Your email address will not be published. Required fields are marked *