គិតត្រឹមថ្ងៃ៣០ មីនា កូរ៉េខាងត្បូងទើបផ្តល់វ៉ាក់សាំងកូវីដជូនប្រជាជនបាន ១.៦៦% យឺតយ៉ាវខ្លាំងធៀបប្រទេសដទៃ អាចដោយសារហេតុផល ២​យ៉ាងនេះ

កូរ៉េខាងត្បូង៖ គិតត្រឹមថ្ងៃទី៣០ មីនា ២០២១ កូរ៉េខាងត្បូងទើបនឹងផ្តល់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបាន ១.៦៦% ប៉ុណ្ណោះ ជាប់ចំណាត់ថ្នាក់លេខរៀងទី១១១ បើប្រៀបទៅនឹងបណ្តាប្រទេសដទៃទៀត ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាជនខ្លួននេះ ដែលនេះក្លាយជាប្រធានបទពិភាក្សាក្តៅអំពីភាពយឺតយ៉ាវក្នងកម្មវិធីផ្តល់វ៉ាក់សាំង បើតាមការចុះផ្សាយក្នុងសារព័តមាន Korea Times

ក្នុងចំណោមបញ្ហាប្រឈមនានាដែលអាចនាំឱ្យមានការយឺតយ៉ាវនេះ ត្រូវបានគេផ្តោតលើបញ្ហាពីរធំៗគឺទីមួយបណ្តាលមកពីកង្វះខាតក្នុងការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់តម្រូវការពិភពលោកទាំងមូល។ ក្នុងស្ថានការណ៍ដ៏លំបាកបែបនេះ ប្រទេសណាក៏ដោយ ទាំងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍សុទ្ធតែចង់បាននូវវ៉ាក់សាំងយកមកផ្តល់ជូនឱ្យប្រជាជនខ្លួន។ ដោយសារតែតម្រូវការលើសលប់ទូទាំងពិភពលោកនេះ ដែលមានប្រទេសដទៃទៀតជាច្រើនកំពុងត្រូវការវ៉ាក់សាំងដូចគ្នា នាំឱ្យមានបញ្ហាយឺតយ៉ាវក្នុងការផ្គត់ផ្គង់។ បញ្ហានេះក៏ដោយសារតែប្រទេសដែលជាអ្នកផលិតផ្ទាល់ ផ្តោតអាទិភាពផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុក។

ជាក់ស្តែងវ៉ាក់សាំង AstraZeneca ដែលជាវ៉ាក់សំាងរបស់ក្រុមហ៊ុនអង់គ្លេស និងស៊ុយអែត ហើយត្រូវបានផ្គត់ផ្គង់ក្នុងតំបន់ធំដោយប្រទេសឥណ្ឌានោះ កំពុងមានបញ្ហាយឺតយ៉ាវក្នុងការផ្គត់ផ្គង់ទៅតាមពេលវេលាដែលបានសន្យា ដោយសារតែកង្វះខាតនៃវ៉ាក់សាំង ហើយប្រទេសឥណ្ឌាខ្លួនឯងនោះបានព្យាយាមបង្វែរការផ្គត់ផ្គង់មួយភាគ មកបម្រើឱ្យតម្រូវការក្នុងស្រុកខ្លួនឯងផងដែរ ដោយសារតែស្ថានការណ៍ករណីឆ្លងកូវីដនៅឥណ្ឌាមានការកើនឡើងខ្លាំងក្នុងរយៈពេលថ្មីៗនេះ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Reuters។

ក្នុងនោះដែរ វ៉ាក់សាំងរបស់ក្រុមហ៊ុនផ្សេងទៀតដែលកូរ៉េបញ្ជាទិញ ក៏មិនទាន់បានឱ្យនូវពេលកំណត់ជាក់លាក់សម្រាប់ការដឹកមកដល់ប្រទេសកូរ៉េខាងត្បូងផងដែរ។

ហេតុផលមួយទៀតគឺដោយសារតែឧស្សាហកម្មវេជ្ជសាស្រ្តក្នុងស្រុកផ្ទាល់ មិនទាន់អាចមានសមត្ថភាពផលិតវ៉ាក់សាំងដោយខ្លួនឯងបាន ដែលត្រូវឱ្យរដ្ឋាភិបាលរង់ចាំការផ្គត់ផ្គង់ពីបរទេសមកវិញ។

សូមបញ្ជាក់ថា បើតាមទិន្នន័យដែលធ្វើបច្ចុប្បន្នភាពចុងក្រោយដោយស្ថាប័ន Our World in Data នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បង្ហាញថាគិតត្រឹមថ្ងៃទី៣០ មីនានេះ កូរ៉េខាងត្បូងទើបនឹងបានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបាន ១.៦៦% ប៉ុណ្ណោះ ជាប់ចំណាត់ថ្នាក់លេខរៀងទី១១១។ បើប្រៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដូចគ្នា ប្រទេសអ៊ីស្រាអែលឈានមុខគេ ដោយបានចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនដល់ ៦០.៥% រីឯចក្រភពអង់គ្លេសចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានដល់ ៤៥.១៩% រីឯសហរដ្ឋអាម៉េរិកចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបានដល់ទៅ ២៨.៧២%ផងដែរ។ ចំណែកក្នុងតំបន់អាស៊ីវិញ ប្រទេសឈានមុខគេក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនមានប្រទេសសឹង្ហបុរី ដែលបានចាក់ជូនប្រជាជនខ្លួនដល់ ១៦.១២% និងឥណ្ឌាដែលបានចាក់ជូនប្រជាជនខ្លួនបាន ៣.៩១%ផងដែរ។

គិតត្រឹមព្រឹកថ្ងៃទី១ មេសានេះ កូរ៉េខាងត្បូងជាតួលេខជាក់ស្តែងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនបាន ៨៧៦,​៥៧៣នាក់ហើយ ដែលក្នុងនោះដែរនៅថ្ងៃនេះ អជ្ញាធរចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងជូនប្រជាជនអាយុ៧៥ឆ្នាំឡើងទៅផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *