កូរ៉េខាងត្បូង ប្រកាសបញ្ជូនសំណើទទួលរៀបចំធ្វើជាសហម្ចាស់ផ្ទះរួមជាមួយកូរ៉េខាងជើង សម្រាប់កីឡាអូឡាំពិចរដូវក្តៅ ឆ្នាំ២០៣២

កូរ៉េខាងត្បូង៖ រដ្ឋបាលក្រុងសេអ៊ូលប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះ ថាខ្លួនបានជូនដំណឹងទៅកាន់គណៈកម្មការអូឡាំពិចអន្តរជាតិ (IOC) រួចហើយនូវសំណើររបស់ក្រុងសេអ៊ូលសម្រាប់ធ្វើជាសហម្ចាស់ផ្ទះរៀប​ចំកម្មវិធីប្រកួតអូឡាំពិចរដូវក្តៅឆ្នាំ២០៣២ ជាមួយទីក្រុងព្យ៉ុងយ៉ាង កូរ៉េខាងជើង នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមការបញ្ជាក់របស់រដ្ឋបាលក្រុងសេអ៊ូលបានឱ្យដឹង សំណើផ្លូវការជាលាយលក្ខណ៍អក្សរក្នុងការរៀបចំកីឡាអូឡាំពិចរដូវក្តៅ រួមគ្នារវាងទីក្រុងសេអ៊ូល និងទីក្រុងព្យ៉ុងយ៉ាងត្រូវបានបញ្ជូនទៅឱ្យគណៈកម្មការជ្រើសរើសម្ចាស់ផ្ទះ កម្មវិធីអូឡាំពិចដើម្បីពិនិត្យពិចារណាររួចរាល់ហើយ។

តាមពិតទៅ កន្លងមកកាលពីថ្ងៃទី ២៥ កុម្ភៈនេះ គណៈកម្មការអូឡាំពិចអន្តរជាតិបានសម្រេចជ្រើសរើសយកទីក្រុងប្រ៊ីសបែន (Brisbane) របស់ប្រទេសអូស្រ្តាលីជាបេក្ខភាពម្ចាស់ផ្ទះឈានមុខគេក្នុងការទទួលរៀបចំការប្រកួតអូឡាំពិចរដូវក្តៅឆ្នាំ២០៣២នេះ ដែលនាំឱ្យក្រុងសេអ៊ូលបានសម្តែងការសោកស្តាយ ហើយក៏បានពិភាក្សាឡើងវិញជាមួយនឹងគណៈកម្មការអូឡាំពិច រហូតសម្រេចឈានដល់ការកែសម្រួលសំណើរបស់ខ្លួនវិញ ដោយបញ្ចូលទីក្រុងព្យ៉ុងយ៉ាងជាដៃគូសហការក្នុងការរៀបចំទទួលការប្រកួតអន្តរជាតិដ៏សំខាន់នេះ។

រដ្ឋាភិបាលកូរ៉េបានស្នើឱ្យគណៈកម្មការអូឡាំពិចពិនិត្យបន្ថែមលើសំណើរបស់បេក្ខភាពដទៃទៀតសិន ខណៈនាពេលនេះថ្វីត្បិតតែ ទីក្រុងប្រ៊ីសបែន (Brisbane) របស់ប្រទេសអូស្រ្តាលី ត្រូវបានក្លាយជាបេក្ខភាពម្ចាស់ផ្ទះឈានមុខគេហើយក៏ដោយ តែបេក្ខភាពជាក់ស្តែងមិនទាន់ប្រកាសជាផ្លូវការនោះទេ។

សំណើថ្មីកែសម្រួលនេះស្របទៅនឹងស្មារតីនៃការប្រកាសរួមក្រុងព្យ៉ុងយ៉ាងកាលពីឆ្នាំ២០១៨ ដែលថ្នាក់ដឹកនាំកំពូលកូរ៉េទាំងពីរបានឯកភាពគ្នាក្នុងការសហការគ្នាទទួលធ្វើជាម្ចាសផ្ទះកីឡាអូឡាំពិច២០៣២ រដូវក្តៅ។

សំណើធ្វើជាម្ចាស់ផ្ទះរួមថ្មីនេះ ឈរលើទស្សនៈវិស័យ “Beyond the Line, Toward the Future” ដែលផ្តោតទៅលើទស្សនៈវិស័យអនាគតនៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ ហើយផ្តោតផងដែរទៅលើគោលការណ៍កាត់បន្ថយចំណាយ ការថែរក្សាបរិស្ថាន ការថែរក្សាសន្តិភាព និងទំនាក់ទំនងអន្តរកូរ៉េ និងការប្រកួតដោយផ្អែកលើបច្ចេកវិទ្យាទំនើប រួមនឹងវប្បធម៌កូរ៉េ។

ការបង្ហាញឯកសណ្ឋានរួមគ្នានៃក្រុមកីឡាករអូឡាំពិក កូរ៉េខាងត្បូង និងកូរ៉េខាងជើង អំឡុងការប្រកួតអូឡាំពិចរដូវរងារនៅព្យ៉ុងឆាង កាលពីឆ្នាំ២០១៨

Leave a Reply

Your email address will not be published. Required fields are marked *