មកដល់អាយុប៉ុននេះហើយ តើបទពិសោធន៍យើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់ បានបង្រៀនអ្វីខ្លះហើយដល់យើង?

ក្នុងបទពិសោធន៍ជីវិតដែលយើងម្នាក់ៗឆ្លងកាត់ សុទ្ធតែមានរសជាតិ មានចំនុចជាពិសោធន៍ផ្សេងៗគ្នាទាំងអស់។ ជាក់ស្តែង អ្នកគ្រូ គីម ហានីល បានចែករំលែកនូវសារលើកទឹកចិត្តមួយក្នុងទំព័រហ្វេសប៊ុករបស់អ្នកគ្រូ មានខ្លឹមសារដូចខាងក្រោម៖

“ជីវិតក្រីក្របង្រៀនអោយចេះតស៊ូ និងស្គាល់រសជាតិជីវិតបែបអ្នកក្រ បទពិសោធន៍នៃការស់នៅគ្រានោះបានបង្រៀនអោយចេះប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនដើម្បីឆ្លងកាត់អោយផុតពីការមើលស្រាលពីមនុស្សមួយចំនួនដែលមិនអោយតម្លៃហើយមើលស្រាលយើង ពេលនោះមិនដែលហ៊ានស្រមៃថាមានផ្ទះល្អនៅនឹងគេផង តែដោយការដាក់ចិត្តតស៊ូដោយកម្លាំងនិងបញ្ញាដែលម្តាយខំរកលុយអោយរៀនទាំងលំបាកបានមធ្យម និងមកប្រទេសគេ ខំសិក្សាយកបទពិសោធន៍ក្នុងសង្គមការងារនិងមុខរបរសុច្ចរិតដែលអាចធ្វើបានកន្លងមកតាមសមត្ថភាពដែលអាចធ្វើបាន។

បទពិសោធន៍ការងារនៅកូរ៉េបានបង្រៀនខ្ញុំអោយយល់នៅរឿងជាច្រើន ដែលឆ្លងកាត់កន្លងមក ចេះតែខំដោយមិនរំពឹងរហូតភ្លេចខ្លួនទៅហើយ ពេលនេះក៏ទទួលអារម្មណ៍ថាខ្លួនបាន ក្លាយជាស្ត្រីម្នាក់ដែលរស់នៅក្នុងជីវភាពមធ្យម។

ចំណែកឯបទពិសោធន៍ជីវិតជីវភាពមធ្យមក៏បង្រៀនអោយយល់នឹងស្គាល់រសជាតិជីវិតមួយផ្សេងទៀតដែលខុសគ្នាដាច់ដោយឡែកពីពេលក្រីក្រ ហើយក៏ទទួលបាននៅការផ្តល់តម្លៃដែលខ្លួនបានសាងជាមួយមនុស្សល្អៗជុំវិញខ្លួនកន្លងមក នឹងឧបសគ្គបែបផ្សេង ជីវិតរស់នៅតែងតែមានសុខខ្លះទុក្ខខ្លះជារឿងធម្មតា គ្រាន់តែប្រសើរជាងកាលពីធ្លាប់ក្រីក្រ និងពិសេសគឺស្រលាញ់ពេញចិត្តខ្លួនឯងត្រង់ការមានទឹកចិត្តមេត្តាចែករំលែកដល់អ្នកដែលក្រខ្សត់ដូចខ្លួនកាលពីមុនដោយធម្មជាតិនឹងភាពរីករាយចេញពីចិត្ត មានតែអ្នកធ្លាប់ក្រខ្សត់ខ្លាំងទើបយល់អារម្មណ៍មួយនេះ។

កើតមកទទេស្លាប់ទៅក៏ទទេ ទោះមិនល្អគ្រប់យ៉ាង តែបើមានការតាំងចិត្តធ្វើទង្វើល្អគិតល្អ នោះទង្វើល្អនឹងដើរតាមការតាំងចិត្តរបស់យើងជាបន្តបន្ទាប់មិនខានឡើយ ។

បទពិសោធន៍ជីវិត #គីមហានឹល💝

Leave a Reply

Your email address will not be published. Required fields are marked *