កូរ៉េខាងត្បូង ចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ Pfizer ជូនដល់សាធារណជនទូទៅអាយុ ៧៥ឆ្នាំឡើងទៅ នៅថ្ងៃនេះ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងចាប់ផ្តើមក​ម្មវិធីចាក់វ៉ាក់សាំងកូវីដជូនដល់ប្រជាជន និងសាធារណជនទូទៅអាយុចាប់ពី ៧៥ឆ្នាំឡើង ព្រមទាំងអ្នកដែលមានហានិភ័យសុខភាពដទៃទៀត ដែលអ្នកនៅក្នុងអាទិភាពទាំងនេះទទួលបានវ៉ាក់សាំង Pfizer របស់អាម៉េរិក ចាប់ពីថ្ងៃព្រហស្បត្តិ៍ទី១ មេសា នេះទៅហើយ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) យ៉ាងហោចណាស់មានដល់ប្រជាជនអាទិភាពជាសាធារណជនទូទៅដែលមានអាយុ៧៥ឆ្នាំឡើងទៅចំនួន ៣.៥លាននាក់  នឹងត្រូវទទួលបានវ៉ាក់សាំងកូវីដពីក្រុមហ៊ុន Pfizer ដែលនេះជាលើកដំបូងហើយចាប់តាំងពីថ្ងៃចាក់វ៉ាក់សាំងកូវីដដំបូងពីថ្ងៃទី២៦ កុម្ភៈ ២០២១មក ដែលសាធារណជនទូទៅ មិនមែនជាបុគ្គលិកសុខាភិបាល ឬអ្នកជំងឺ ឬបុគ្គលិកនៅមណ្ឌលចាស់ជរា ត្រូវបានផ្តល់អាទិភាពទទួលវ៉ាក់សាំងកូវីដនៅក្នុងប្រទេសកូរ៉េ។

បើតាមការគ្រោងទុក សម្រាប់ក្រុមអាទិភាពអាយុ៧៥ឆ្នាំឡើងទៅនេះ ក្នុងដំណាក់កាលដំបូង នឹងមានអ្នកទទួលវ៉ាក់សាំងបានត្រឹម៥០ម៉ឺននាក់សិន ដែលក្នុងនោះវ៉ាក់សាំងសម្រាប់២៥ម៉ឹននាក់ បានដឹកជញ្ជូនមកដល់កាលពីសប្តាហ៍មុន និង២៥ម៉ឺនទៀតបានដឹកមកដល់នៅថ្ងៃពុធនេះ។ អ្នកផ្សេងទៀតនឹងអាចទទួលបានវ៉ាក់សាំង Pfizer នេះនៅពេលដែលការដឹកជញ្ជូនវ៉ាក់សាំងមកដល់នៅជុំក្រោយៗទៀត។

បើតាមការបញ្ជាក់របស់អជ្ញាធរ វ៉ាក់សាំង Pfizer នេះត្រូវបានរៀបចំចាក់ជូនប្រជាជន នៅត្រឹម៤៦ទីតាំងដែលរដ្ឋាភិបាលបានរៀបចំប៉ុណ្ណោះ ដែលចំនួនមានកម្រិតនេះដោយសារតែវ៉ាក់សាំង Pfizer នេះត្រូវការនូវកម្រិតរក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំង ហើយនៅពេលខាងមុខ រដ្ឋាភិបាលគ្រោងនឹងធ្វើការបង្កើនទីតាំងសម្រាប់ផ្តល់វ៉ាក់សាំង Pfizer បន្ថែមឱ្យបានដល់ទៅ ២៥៤ទីតាំងទូទាំងប្រទេស ដែលត្រូវមានសមត្ថភាពអាចរក្សាទុកវ៉ាក់សាំងនេះបានក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង។

សូមបញ្ជាក់ថា គិតដល់ព្រឹកនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងជូនប្រជាជនចំនួន ៨៧៦,៥៧៣នាក់ហើយ ប្រមាណ១.៦៩% នៃប្រជាជនសរុបចំនួន៥២លាននាក់ ដែលក្នុងនោះមានវ៉ាក់សាំង AstraZeneca ចាក់ជូនប្រជាជនបាន ៨១៥,៧៦៩នាក់ និងវ៉ាក់សាំង Pfizer បានចំនួន ៦០,៨០៤នាក់។

Leave a Reply

Your email address will not be published. Required fields are marked *