កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េប្រកាសនឹងធ្វើការកែសម្រួលច្បាប់ ឱ្យមានភាពងាយស្រួល និងទាក់ទាញសម្រាប់ជនបរទេសដែលមានជំនាញក្នុងវិស័យស្រាវជ្រាវ និងបច្ចេកវិទ្យា និងឧស្សាហកម្មថ្មីៗដូចជា AI ចូលមកបំពេញការងារក្នុងប្រទេសកូរ៉េខាងត្បូង ជាវិធានការដើម្បីបង្កើនភាពប្រកួតប្រជែងនៃធនធានក្នុងវិស័យបច្ចេកវិទ្យាជំនាញទាំងនេះ សម្រាប់ទៅពេលអនាគត នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។
វិធានការបែបនេះត្រូវបានសម្រេចដាក់ចេញ តាមលទ្ធផលនៃកិច្ចប្រជុំមួយដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ឈុង ស៊ីឃ្យ៉ុន (Chung Sye-kyun)។ វិធានការថ្មីនេះគ្រោងនឹងចាប់ផ្តើមដាក់ចេញឱ្យអនុវត្តចាប់ពីអំឡុងឆ្នាំនេះទៅ ដែលបើតាមការលើកឡើងនៅក្នុងកិច្ចប្រជុំនោះ គឺជាវិធានការមួយដែលឆ្លើយតបមួយផ្នែកផងដែរទៅនឹងនិន្នាការនៃការថយចុះកំណើនប្រជាជនកូរ៉េ និងនិន្នាការប្រជាសាស្រ្តដែលមនុស្សចាស់កើនឡើងច្រើនជាងយុវជននៅក្នុងប្រទេសកូរ៉េបច្ចុប្បន្ននេះ។
ក្នុងចំណោមវិធានការអនុគ្រោះទាំងនេះ មានការកែប្រែមួយចំនួនថ្មីដូចជា ការកែសម្រួលលើនីតិវិធីពិនិត្យផ្តល់ទិដ្ឋាការសម្រាប់ជនបរទេសចូលប្រទេសកូរ៉េ ដោយរដ្ឋាភិបាលកូរ៉េនឹងផ្តល់ពិន្ទុ ឬក្រេឌីតបន្ថែមលើការពិនិត្យទិដ្ឋាការជូនជនបរទេស សម្រាប់អ្នកណាដែលមានស្នាដៃកម្មសិទ្ធបញ្ញាណាមួយជាស្នាដៃរបស់ខ្លួន។ ក្នុងនោះដែរ រដ្ឋាភិបាលនឹងធ្វើការសម្រួលលក្ខន្តិកៈសម្រាប់ទិដ្ឋាការប្រភេទ D-8-4 សម្រាប់ទាក់ទាញជនបរទេសណាដែលមានបំណងបង្កើតក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលផ្តោតទៅលើឧស្សាហកម្មបច្ចេកវិទ្យា។
វិធានការផ្សេងទៀតមានដូចជា ការលុបចោលកូតាកំណត់សម្រាប់ចំនួនបុគ្គលិកជាជនបរទេស ដែលក្រុមហ៊ុនកូរ៉េខាងត្បូងក្នុងវិស័យបច្ចេកវិទ្យាថ្មីៗដូចជា វិស័យ AI ឬជីវវិទ្យាសាស្រ្តជាដើម អាចជ្រើសរើសសម្រាប់ឱ្យមកធ្វើការក្រុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីជំរុញលុបចោលនូវរបាំងដែលកន្លងមកបានកម្រិតចំនួនអ្នកជំនាញបរទេស ឱ្យមកធ្វើការនៅក្នុងឧស្សាហកម្មវិទ្យាសាស្រ្តទំនើបៗទាំងនេះក្នុងប្រទេសកូរ៉េ។
លើសពីនោះទៀត រដ្ឋាភិបាលក៏បានប្រកាសអំពីការគ្រោងបង្កើតប្រភេទទិដ្ឋាការថ្មី ដែលឱ្យឈ្មោះថា “ទិដ្ឋាការសម្រាប់អ្នកជំនាញជីឌីថលពនេចរ” ឬ “Digital Nomad Visa” សម្រាប់ដល់អ្នកជំនាញបរទេសក្នុងវិស័យឌីជីថល ឬបច្ចេកវិទ្យាដែលរដ្ឋាភិបាលកូរ៉េជំរុញគាំទ្រទាំងនេះ អាចមករស់នៅក្នុងប្រទេសកូរ៉េ បើទោះបីជាធ្វើការឱ្យក្រុមហ៊ុនដទៃទៀតនៅប្រទេសផ្សេងក៏ដោយ។ ទិដ្ឋាការនេះមានគោលបំណងសម្របទៅនឹងបរិបទថ្មីដែលអ្នកជំនាញខ្លាំងៗជាច្រើន អាចធ្វើការនៅគ្រប់ទីកន្លែងបានតាមប្រព័ន្ធអនឡាញ ដោយមិនចាំបាច់នៅធ្វើការក្នុងក្រុមហ៊ុនផ្ទាល់នោះទេ។ ការដាក់ចេញទិដ្ឋាការនេះ អាចជំរុញឱ្យអ្នកជំនាញការបរទេសទាំងនោះយកប្រាក់ខែដ៏ច្រើនលើសលប់របស់ខ្លួន មកចាយវាយក្នុងសេដ្ឋកិច្ចកូរ៉េ ដូចជាវិស័យទេសចរណ៍ សេវាកម្មជាដើម ហើយក៏អាចជំរុញលទ្ធភាពក្នុងការសហការនាពេលណាមួយជាមួយក្រុមហ៊ុនបច្ចេកវិទ្យានានាក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់ផងដែរ។
ការដាក់ចេញនូវវិធានការថ្មីជំុរញឱ្យមានធនធានជំនាញពីបរទេសក្នុងវិស័យបច្ចេកវិទ្យាថ្មី ចូលមកធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងនេះ ទទួលបានការសាទរច្រើនពីសំណាក់សហគមន៍ជនបរទេស ជាពិសេសអ្នកដែលមានជំនាញលើវិស័យបច្ចេកវិទ្យានេះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលក៏បានបញ្ជាក់ថាត្រូវមានការបន្តពិនិត្យ និងកែសម្រួលលម្អបន្ថែមទៀតធ្វើយ៉ាងណាកុំឱ្យការដាក់ចេញវិធានការបែបនេះ បែរជាជះឥទ្ធិពលអវិជ្ជមានក្នុងទិដ្ឋភាពណាមួយមកលើប្រទេសកូរ៉េវិញ ជាពិសេសលើទិដ្ឋភាពនៃការដាក់ចេញទិដ្ឋាការ”ទិដ្ឋាការសម្រាប់អ្នកជំនាញជីឌីថលពនេចរ” ឬ “Digital Nomad Visa” នេះជាដើម។