កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះទៅ រយៈពេលដែលជនបរទេសអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងត្រូវកំណត់ទៅតាមរយៈពេលសុពលភាពដែលមាននៅក្នុងលិខិតឆ្លងដែនរបស់បុគ្គលខ្លួនប៉ុណ្ណោះ នេះបើតាមប្រកាសរបស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង និងតាមការចែករំលែកដោយទំព័រ Meng Costa page បំណងល្អពីខ្ញុំ។
តាមរយៈខិតប័ណ្ណជូនដំណឹង ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះទៅ រយៈពេលដែលជនបរទេសអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវកំណត់អនុញ្ញាតបានត្រឹមរយៈពេលមានសុពលភាពនៃលិខិតឆ្លងដែនប៉ុណ្ណោះ។ កន្លងមក ក្រសួងបញ្ជាក់ថាសម្រាប់ការអនុវត្តបច្ចុប្បន្នរយៈពេលស្នាក់នៅអនុញ្ញាតឱ្យជនបរទេសក្នុងប្រទេសកូរ៉េខាងត្បូង គឺត្រូវបានអនុញ្ញាត បើទោះបីជាលិខិតឆ្លងដែនរបស់បុគ្គលបានហួសសុពលភាពទៅហើយក៏ដោយ ដែលនេះបានបង្កជាបញ្ហាសម្រាប់អជ្ញាធរកូរ៉េលើបញ្ហាអន្តោប្រវេសន៍ដូចជា៖
– លិខិតឆ្លងដែនដែលហួសសុពលភាព កម្រនឹងត្រូវបានពន្យារបន្ថែមឱ្យស្របទៅតាមច្បាប់ (ជាក់ស្តែងក្នុងឆ្នាំ២០២០ មានជនបរទេសដល់ទៅ ៩៦,១៣០ នាក់ កំពុងកាន់លិខិតឆ្លងដែនដែលហួសសុពលភាព)
– ការផ្លាស់ប្តូរព័ត៌មាននានាលើលិខិតឆ្លងដែន កម្រត្រូវបានរាយការណ៍ជូនអជ្ញាធរអន្តោប្រវេសន៍ (ជាក់ស្តែងក្នុងឆ្នាំ២០១៩ គេរកឃើញដល់ទៅ ៨,៧៦៨ ករណីដែលមិនរាយការណ៍ពីការផ្លាស់ប្តូរព័ត៌មានលើលិខិតឆ្លងដែនរបស់ខ្លួនដល់សមត្ថកិច្ចកូរ៉េ ដែលនាំឱ្យមានការផាកពិន័យសរុបដល់ទៅ ១.១ប៊ីលានវ៉ុន ប្រមាណជិត១លានដុល្លារអាម៉េរិក)
– ការមិនបានធ្វើបច្ចុប្បន្នភាពលើព័ត៌មានពាក់ព័ន្ធនឹងលិខិតឆ្លងដែន នាំឱ្យអជ្ញាធរមានការលំបាកក្នុងការរៀបចំទិន្នន័យអន្តោប្រវេសន៍ គ្រប់គ្រងជនបរទេសមិនបានច្បាស់លាស់។
ការអនុវត្តនេះ បើតាមក្រសួងបានលើកឡើង គឺនឹងផ្តល់នូវលទ្ធផលវិជ្ជមានលើការកាត់បន្ថយបាននូវការផាកពិន័យទៅលើករណីមិនបានរាយការណ៍អំពីការផ្លាស់ប្តូរព័ត៌មាននានានៃលិខិតឆ្លងដែន និងរួមចំណែកដល់ការសម្រួលឱ្យទិន្នន័យផ្លូវការរបស់អជ្ញាធរមានភាពច្បាស់លាស់ ឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែងនៃចំនួនជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉េ។
យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េក៏បានផ្តល់ការលើកលែងចំពោះវិធានការថ្មីនេះ សម្រាប់ក្រុមអ្នកកាន់ទិដ្ឋាការ (វីសារ) F-5 ជាប្រភេទវីសារស្នាក់នៅអចិន្រៃ្តយ៍ វីសារ F-2-4 ជាប្រភេទវីសារជនភៀសខ្លួនដែលទទួលស្គាល់ដោយអជ្ញាធរ និងវីសារ G-1-6 ជាប្រភេទវីសារមនុស្សធម៌។
ដូចនេះ អ្នកប្តូរលិខិតឆ្លងដែនថ្មី ពន្យាសុពលភាព រឺប្តូរពត៌មានផ្ទាល់ខ្លួននានា ត្រូវធ្វើការរាយការណ៍ ទៅកាន់ការិយាល័យអន្តោប្រវេសន៍ ដើម្បីចៀសវាងបញ្ហារងការផាកពិន័យនានា។