កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ជូនអ្នកជំនួញកូរ៉េខាងត្បូង ដែលត្រូវចេញទៅធ្វើជំនួញក្នុងប្រទេសក្រៅដែលមានហានិភ័យកូវីដខ្ពស់

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមផ្តល់អាទិភាពវ៉ាក់សាំងកូវីដ ជូនដល់បណ្តាធុរជន អ្នកជំនួញដែលត្រូវទៅរកស៊ីនៅក្រៅប្រទេសចាប់ពីខែក្រោយនេះទៅ បើតាមការលើកឡើងរបស់ក្រសួងឧស្សាហកម្មនៅថ្ងៃពុធនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមរយៈការលើកឡើងនេះ បណ្តាធុរជនកូរ៉េខាងត្បូងដែលមានគម្រោងទៅធ្វើជំនួញនៅក្រៅប្រទេស ជាពិសេសនៅតាមប្រទេសដែលមានហានិភ័យឆ្លងកូវីដខ្ពស់ អាចដាក់ពាក្យស្នើសុំទទួលវ៉ាក់សាំងកូវីដ-១៩ ជាមុនដើម្បីអាចក្លាយជាជនអាទិភាពទទួលបានវ៉ាក់សាំងមុនគេនាពេលឆាប់ៗនេះ។

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) ដែលជាស្ថាប័នជំនាញលើការចាក់វ៉ាក់សាំង នឹងផ្តល់ភ្លើងខៀវនាពេលឆាប់ៗខាងមុខ ដើម្បីត្រៀមបញ្ចូលធុរជនទាំងនេះជាជនអាទិភាពដើម្បីអាចទទួលវ៉ាក់សាំងបានមុនគេ ក្រោយពីនីតិវិធីស្នើសុំពីស្ថាប័នពាក់ព័ន្ធ និងពីបណ្តាឧស្សាហកម្មធំៗ បានរៀបចំរួចរាល់។ បើតាមការគ្រោងទុក ការផ្តល់ភ្លើងខៀវនេះអាចនឹងធ្វើឡើងក្នុងអំឡុងពេលខែមេសាខាងមុខនេះ។

ក្រសួងឧស្សាហកម្មបានបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ន ចាប់តាំងពីថ្ងៃទី១៧ ខែមីនាមក មានពាក្យស្នើសុំដល់ទៅ ៦៣២ សំណើហើយដែលបានស្នើសុំទទួលវ៉ាក់សាំងកូវីដ-១៩ ពីសំណាក់បណ្តាធុរជនកូរ៉េខាងត្បូងដែលត្រូវទៅក្រៅប្រទេស។

សូមបញ្ជាក់ថា​ រដ្ឋាភិបាលកូរ៉េកំពុងខិតខំប្រឹងប្រែងដុតដៃដុតជើង ធ្វើយ៉ាងណាឱ្យកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនអាចដំណើរការបានទៅឱ្យលឿនតាមការគ្រោងទុក ហើយថ្មីៗនេះបានចាប់ផ្តើមអនុញ្ញាតផ្តល់វ៉ាក់សាំង AstraZeneca សម្រាប់បណ្តាក្រុមអាយុវ័យ៦៥ឆ្នាំឡើងទៅផងដែរ។ បើគិតមកដល់ព្រឹកថ្ងៃពុធនេះ កូរ៉េខាងត្បូងបានចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនដល់ទៅ ៨៥២,២០២នាក់ហើយ ដែលក្នុងនោះមានវ៉ាក់សាំង AstraZeneca មួយភាគធំ និងតាមពីក្រោយដោយវ៉ាក់សាំង Pfizer។

Leave a Reply

Your email address will not be published. Required fields are marked *