កូរ៉េខាងត្បូង កំពុងជួបបញ្ហាលើការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ ដែលយឺតជាងការគ្រោងទុក និងមានភាពមិនច្បាស់លាស់ច្រើន អាចបង្អាក់ផែនការវ៉ាក់សាំងរបស់ខ្លួន

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងជួបបញ្ហាប្រឈមពាក់ព័ន្ធនឹងផែនការនៃកម្មវិធីផ្តល់វ៉ាក់សាំងសម្រាប់ប្រជាជនខ្លួន ក្រោយពីមានការខកខាន និងបញ្ហាត្រូវដោះស្រាយជាបន្តបន្ទាប់លើការផ្គត់ផ្គង់នៃវ៉ាក់សាំង ដែលជាក់ស្តែងមានភាពយឺតយ៉ាវជាអន្លើដោយសារតែហេតុផលផ្សេងៗជាច្រើន នេះបើតាមអត្ថបទចុះផ្សាយក្នុងសារព័ត៌មាន Korea Time នៅថ្ងៃអង្គារនេះ។

បញ្ហាប្រឈមមួយចំនួនទាំងនេះអាចនឹងផ្តល់ការបង្អាក់ដំណើរដល់ការអនុវត្តផែនការមេធំនៃកម្មវិធីផ្តល់វ៉ាក់សាំង ដែលគ្រោងនឹងសម្រេចឱ្យបាននូវការបង្កើតប្រព័ន្ធភាពស៊ាំសម្រាប់ប្រទេសកូរ៉េខាងត្បូងទាំងមូលឱ្យបានត្រឹមខែវិច្ឆិកានោះ។ បញ្ហាប្រឈមចម្បងដែលរដ្ឋាភិបាលកូរ៉េកំពុងជួបប្រទះគឺ ការពន្យារពេលផ្គត់ផ្គង់ពីសំណាក់ក្រុមហ៊ុនផលិតវ៉ាក់សាំងធំៗដែលកូរ៉េខាងត្បូងបានបញ្ជាទិញកន្លងមក។

វ៉ាក់សាំង AstraZeneca ដែលជាវ៉ាក់សំាងរបស់ក្រុមហ៊ុនអង់គ្លេស និងស៊ុយអែត ហើយត្រូវបានផ្គត់ផ្គង់ក្នុងតំបន់ធំដោយប្រទេសឥណ្ឌានោះ កំពុងមានបញ្ហាយឺតយ៉ាវក្នុងការផ្គត់ផ្គង់ទៅតាមពេលវេលាដែលបានសន្យា ដោយសារតែកង្វះខាតនៃវ៉ាក់សាំង ហើយប្រទេសឥណ្ឌាខ្លួនឯងនោះបានព្យាយាមបង្វែរការផ្គត់ផ្គង់មួយភាគ មកបម្រើឱ្យតម្រូវការក្នុងស្រុកខ្លួនឯងផងដែរ ដោយសារតែស្ថានការណ៍ករណីឆ្លងកូវីដនៅឥណ្ឌាមានការកើនឡើងខ្លាំងក្នុងរយៈពេលថ្មីៗនេះ នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Reuters។

ក្នុងនោះដែរ វ៉ាក់សាំង Novavax របស់សហរដ្ឋអាម៉េរិក ដែលកូរ៉េខាងត្បូងបានបញ្ជាទិញដែរនោះ ក៏មានបញ្ហាកង្វះខាតក្នុងការផ្គត់ផ្គង់ដូចគ្នា ដោយថ្មីៗនេះបានពន្យារពេលក្នុងការចុះកុងត្រាបញ្ជាទិញថ្មីទៀតផងពីបណ្តាប្រទេសនៅសហភាពអឺរ៉ុប ដែលភាគីក្រុមហ៊ុនបានបញ្ជាក់ថាកំពុងជួបបញ្ហាលើការផ្គត់ផ្គង់វត្ថុធាតុដើម។

ចំណែកឯវ៉ាក់សាំងដែលកូរ៉េខាងត្បូងបានបញ្ជាទិញពីក្រុមហ៊ុនដទៃទៀតនោះ ក៏មិនទាន់មានពន្លឺច្បាស់លាស់ថានឹងអាចដឹកជញ្ជូនបានមកដល់នាពេលណាឱ្យជាក់ប្រាកដនោះដែរ ដោយពេលវេលាជាក់ស្តែងនៃការដឹកជញ្ជូនមកដល់ កំពុងត្រូវបានអជ្ញាធរធ្វើការទំនាក់ទំនងដើម្បីបញ្ជាក់បន្ថែមជាមួយភាគីក្រុមហ៊ុនប៉ុណ្ណោះ។

សម្រាប់ប្រទេសកូរ៉េខាងត្បូងផ្ទាល់ អជ្ញាធរសុខាភិបាលបានកំពុងពិនិត្យលើលទ្ធភាពនៃការបត់បែនទៅតាមស្ថានភាពជាក់ស្តែង ដែលហាក់ផ្តល់ផលប៉ះពាល់ទៅលើផែនការនៃកម្មវិធីវ៉ាក់សាំងរបស់ខ្លួន ដែលគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានដល់ ១២លាននាក់ ត្រឹមពាក់កណ្តាលឆ្នាំ២០២១ និងឱ្យបានភាគច្រើននៃប្រជាជនទាំងមូលឱ្យបានត្រឹមខែកញ្ញា ដែលនឹងឈានដល់ការសម្រេចបាននូវការបង្កើតជាប្រព័ន្ធភាពស៊ាំក្នុងសហគមន៍ទាំងមូល (Herd Immunity) ឱ្យបានត្រឹមខែវិច្ឆិកាខាងមុខ។

ជាក់ស្តែង រដ្ឋាភិបាលបានប្រកាសហើយថា គម្រោងការទទួលបានវ៉ាក់សាំង AstraZeneca តាមរយៈគម្រោងកូវ៉ាក់របស់អង្គការសុខភាពពិភពលោកនោះ នឹងត្រូវពន្យារទៅកាន់សប្តាហ៍ទីបីវិញនៃខែមេសាឯសោះ។ វ៉ាក់សាំង AstraZeneca ដែលគ្រោងសម្រាប់មនុស្ស ៣៤៥,០០០ នាក់ពីដើមឡើយគ្រោងនឹងដឹកចេញពីប្រទេសហូឡង់នៅថ្ងៃពុធនេះ ប៉ុន្តែត្រូវបានពន្យារពេលវិញពីសំណាក់ភាគីរោងចក្រផលិត នេះបើតាមការបញ្ជាក់របស់អជ្ញាធរកូរ៉េ។ ក្នុងនោះទៀត ការពន្យារនេះក៏ត្រូវកាត់បន្ថយចំនួនដែលអាចដឹកមកបានត្រឹមសម្រាប់មនុស្ស ២១៦,០០០ នាក់សិនប៉ុណ្ណោះ។

ឆ្លើយតបទៅនឹងការផ្គត់ផ្គង់យឺតយ៉ាវនៃវ៉ាក់សាំង AstraZeneca នេះ អជ្ញាធរសុខាភិបាលកូរ៉េកំពុងពិនិត្យលទ្ធភាពក្នុងការពន្យាររយៈពេលចន្លោះនៃការទទួលវ៉ាក់សាំងរវាងដូសទី១ និងដូសទី២ ដែលគ្រោងចន្លោះ១០សប្តាហ៍ ទៅជា១២សប្តាហ៍វិញផងដែរ​ ប្រសិនបើក្នុងករណីចាំបាច់ដែលត្រូវឱ្យផ្លាស់ប្តូរ។

ចំណែកឯវ៉ាក់សំាងដទៃទៀតដូចជារបស់ក្រុមហ៊ុន Pfizer ជាដើម គ្រោងនឹងដឹកមកដល់សម្រាប់មនុស្ស ៥០០,០០០ នាក់ក្នុងខែមេសា និងសម្រាប់មនុស្ស ៨៧៥,០០០ បន្ថែមទៀតសម្រាប់ខែឧសភាខាងមុខ តែសម្រាប់វ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson’s Janssen, Moderna និង Novavax គឺមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ឡើយ។

ក្នុងនោះដែរ គេសង្កេតឃើញ​បញ្ហាប្រឈមមួយទៀត គឺអត្រានៃការផ្តល់វ៉ាក់សាំងមានភាពយឺតយ៉ាវបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀត។ រយៈពេលមួយខែកន្លងមក គិតមកដល់បច្ចុប្បន្ន កូរ៉េខាងត្បូងទើបតែចាក់វ៉ាក់សាំងប្រជាជនខ្លួនបាន ១.៦% នៃប្រជាជនសរុបប៉ុណ្ណោះ។ បើប្រៀបធៀបទៅនឹងប្រទេសធំៗដទៃទៀតដូចជាចក្រភពអង់គ្លេស បច្ចុប្បន្នបានផ្តល់វ៉ាក់សាំងជូនប្រជាជនខ្លួនដល់ទៅ ៤៣.៩% ហើយត្រឹមថ្ងៃទី២៥ ខែមីនា ដែលជាលទ្ធផលគេសង្កេតឃើញថាតួលេខនៃករណីឆ្លងកូវីដថ្មី ថយចុះសឹងដល់ទៅ១០ដង ធៀបនឹងពេលចុងឆ្នាំ២០២០ ដែលមិនទាន់បានទទួលវ៉ាក់សាំង។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ កូរ៉េខាងត្បូងចាក់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួនបានដល់ ៨២២,៤៤៨នាក់ហើយ ដែលក្នុងនោះមួយភាគធំគឺវ៉ាក់សាំង AstraZeneca។

Leave a Reply

Your email address will not be published. Required fields are marked *