ទិន្នន័យ បង្ហាញយ៉ាងហោច ច្រើនជាងពាក់កណ្តាលនៃជនជាតិកូរ៉េខាងត្បូងនៅលីវ អាយុលើសពី៣០ឆ្នាំឡើង បន្តស្នាក់នៅក្នុងផ្ទះជាមួយ និងពឹងផ្អែកលើឪពុកម្តាយ

កូរ៉េខាងត្បូង៖ ជនជាតិកូរ៉េខាងត្បូងអាយុចាប់ពី៣០ឆ្នាំឡើងទៅ ហើយនៅលីវ ដល់ទៅច្រើនជាងពាក់កណ្តាល កំពុងបន្តស្នាក់នៅក្នុងផ្ទះជាមួយឪពុកម្តាយ នេះបើតាមទិន្នន័យដែលបង្ហាញដោយអជ្ញាធរកូរ៉េ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

បើតាមទិន្នន័យដោយអជ្ញាធរស្ថិតិកូរ៉េ (Statistics Korea) បង្ហាញជនជាតិកូរ៉េខាងត្បូងដែលនៅលីវ ហើយមានអាយុលើស៣០ឆ្នំាដល់ទៅជាង ៥៤.៨% កំពុងបន្តស្នាក់នៅក្នុងផ្ទះជាមួយឪពុកម្តាយរបស់ខ្លួន ដោយមិនទាន់ធ្វើការចេញមកស្នាក់នៅដោយខ្លួន​ឯងនៅក្រៅនោះទេ។ ទិន្នន័យនេះដែរ បង្ហាញថាអ្នកនៅលីវចាប់ពីអាយុ២០ ដល់៤៤ឆ្នាំ ដែលកំពុងបន្តស្នាក់នៅជាមួយឪពុកម្តាយរបស់ខ្លួននៅឡើយនោះ មានដល់ទៅ ៦២.៣% ផងដែរ។

នៅក្នុងទិន្នន័យក៏បានបង្ហាញឱ្យឃើញថា ក្នុងចំណោមអ្នកដែលត្រូវបានធ្វើជំរឿនសាកសួរ មានដល់ទៅ ៤២.១% មិនទាន់មានការងារធ្វើ ដែលបញ្ជាក់ថាស្ថានភាពនៃការគ្មានការងារធ្វើ គឺជាកត្តាចម្បងដែលនាំឱ្យប្រជាសាស្រ្តកូរ៉េមានលក្ខណៈជា “Kangaroo Tribe” ដែលជានិន្នាការដែលប្រជាសាស្រ្តបានទទួលការអប់រំគ្រប់គ្រាន់ ហើយមានអាយុពេញវ័យចាស់ល្មមគួរសមអាចចេញមកស្នាក់នៅដោយឯករាជ្យខ្លួនឯងបាន ប៉ុន្តែដោយសារមិនអាចស្វែងរកការងារធ្វើបាន នាំឱ្យពួកគេបន្តត្រូវរស់នៅដោយពឹងផ្អែកលើឪពុកម្តាយបន្តទៀត ប្រៀបបានទៅនឹងកូនសត្វកង់ហ្គូរ៉ូដែលបន្តស្នាក់នៅក្នុងពោះមេវា បើទោះបីជាពេញវ័យល្មមអាចចេញប្រឡូកក្នុងធម្មជាតិដោយខ្លួនឯងហើយក៏ដោយ។

ប្រជាសាស្រ្តកូរ៉េខាងត្បូង ចាប់ផ្តើមកើនឡើងនូវលក្ខណៈប្រជាសាស្រ្តបែបកង់ហ្គូរ៉ូ (Kangaroo Tribe)

គេសង្កេតឃើញថា ប្រជាជនកូរ៉េខាងត្បូងវ័យក្មេងកាន់តែច្រើនឡើងៗ កំពុងបន្តគេចវេសពីដំណាក់កាលសំខាន់ៗបីនៃជីវិតមានដូចជា ការមានស្នេហា ការរៀបការ និងការមានកូន ដោយសារតែពួកគេមិនទាន់អាចស្វែងរកការងារបានប្រសើរសមរម្យ ជាពិសេសក្នុងស្ថានការណ៍សេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ និងស្ថានការណ៍ដែលតម្លៃគេហដ្ឋានឡើងជាគំហុកនោះ ហើយដែលធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ដោយសារតែបញ្ហាកូវីដថែមទៀត។

របាយការណ៍ដដែលនេះបង្ហាញថា មានដល់ទៅ ៦១.៦% នៃមនុស្សស្រីអាយុពី៣០ ទៅ៤៤ឆ្នាំ ដែលគិតថាបើទោះជាពួកគេមិនរៀបការ ក៏មិនមានបញ្ហាដែរនោះ ដែលតួលេខនេះខ្ពស់ជាងក្រុមមនុស្សប្រុសដែលមានទស្សនៈដូចគ្នានេះ ត្រឹមតែ ៤៥.៩%ប៉ុណ្ណោះ។

Leave a Reply

Your email address will not be published. Required fields are marked *