នាយកដ្ឋានជំនាញ៖ អ្នកប្រើប្រព័ន្ធ Android គួរដឹង និងប្រុងប្រយ័ត្នលើវត្តមានមេរោគទូរស័ព្ទថ្មី បន្លំខ្លួនធ្វើជាកម្មវិធី ‘System Update’

តាមរយៈការជូនដំណឹងថ្មីពីទំព័រហ្វេសប៊ុកនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department បានឱ្យដឹងអំពីកម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានក្នុងប្រព័ន្ធប្រតិបត្តិការ Android ដោយបន្លំធ្វើជាកម្មវិធី ‘System Update’។

នាយកដ្ឋានបានរៀបរាប់បញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាពកុំព្យូទ័រកាលពីពេលថ្មីៗនេះបានរកឃើញកម្មវិធីមេរោគថ្មីរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android ដែលបន្លំធ្វើជាកម្មវិធីសម្រាប់ធ្វើបច្ចុប្បន្នភាពទូរសព្ទ Android (System Update)។

អ្នកស្រាវជ្រាវបានរកឃើញថា កម្មវិធីមេរោគនេះ ត្រូវបានបញ្ចូលទៅក្នុងកម្មវិធី System Update ក្លែងក្លាយដែលជនខិលខូចបានដាក់ចែកចាយនៅក្នុងប្រភពក្រៅផ្លូវការ។ នៅពេលដែលអ្នកប្រើប្រាស់បញ្ចូលកម្មវិធីមេរោគនេះវានឹងធ្វើការទាញយកទិន្នន័យជាច្រើនពីក្នុងទូរសព្ទ ហើយបញ្ជូនទៅឱ្យ Server របស់ជនខិលខូច។

កម្មវិធីមេរោគនេះអាចលួចយកទិន្នន័យមានដូចជា សារ, បញ្ជីឈ្មោះ, ព័ត៌មានរបស់ទូរសព្ទ, ប្រវត្តិក្នុងការចូលមើលគេហទំព័រ និងអាចតាមដានទីតាំងរបស់អ្នកប្រើប្រាស់។ ជាងនេះទៅទៀតវាក៏អាចថតសំឡេងនៅពេលដែលលោកអ្នកនិយាយទូរសព្ទ ហើយថែមទាំងអាចថតរូបភាពដោយប្រើកាមេរ៉ារបស់ទូរសព្ទបានទៀតផង។

ដូច្នេះដើម្បីឱ្យការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាមានដូចជាទូរសព្ទ ប្រកបដោយសុវត្ថិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងការទាញយកកម្មវិធីណាមួយ សូមកុំទាញយកកម្មវិធីណាដែលលោកអ្នកមិនត្រូវការជាចាំបាច់ កម្មវិធីដែលមិនមានប្រភពច្បាស់លាស់ ហើយជាពិសេសកម្មវិធីណាដែលមិនមាននៅក្នុង App Store ឬ Play Store នោះ៕

ខ្លឹមសារទាំងស្រុងពី៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department

រូបភាពគំរូនៃការធ្វើបច្ចុប្បន្នភាព System Update ក្នុងប្រព័ន្ធ Android ដែលឥឡូវនេះមានករណីបន្លំជាមេរោគ

Leave a Reply

Your email address will not be published. Required fields are marked *