កូរ៉េខាងត្បូងកែច្បាប់ថ្មី កំណត់ទោសអតិបរមាដល់ ១០ឆ្នាំកន្លះ សម្រាប់ថៅកែរោងចក្រ ដែលល្មើសវិធានសុវត្ថិភាពការងារ ឈាននាំឱ្យមានគ្រោះថ្នាក់ការងារ

កូរ៉េខាងត្បូង៖ តុលាការកំពូលកូរ៉េខាងត្បូងបានដាក់ចេញគោលការណ៍ណែនាំថ្មីរឹតបន្តឹងទៅលើការដាក់ទោស ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ឧស្សាហកម្មធ្ងន់ធ្ងរដោយសារតែការល្មើសនឹងវិធានសុវត្ថិភាពនៅកន្លែងការងារ ដែលក្រោមគោលការណ៍ថ្មីនេះ ទោសអតិបរមានឹងត្រូវបង្កើនដល់១០ឆ្នាំកន្លះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅព្រឹកថ្ងៃអង្គារនេះ។

គណៈកម្មការកំណត់ទោសនៃតុលាការកំពូលកូរ៉េខាងត្បូងបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះថា កម្រិតទោសទូទៅសម្រាប់ករណីគ្រោះថ្នាក់ការងារក្នុងវិស័យឧស្សាហកម្មគឺចន្លោះពី១ឆ្នាំ ទៅ២ឆ្នាំកន្លះ សម្រាប់ម្ចាស់ឧស្សាហកម្ម ឬម្ចាស់កុងត្រាដែលរកឃើញថាប្រតិបត្តិដោយល្មើសទៅនឹងវិធានច្បាប់ពាក់ព័ន្ធការរក្សាសុវត្ថិភាពនៅកន្លែងការងារ ដែលនាំឱ្យមានករណីគ្រោះថ្នាក់ដល់បាត់បង់ជីវិតចំពោះកម្មកររបស់ខ្លួន។

ក្នុងនោះដែរ សម្រាប់បទល្មើសពាក់ព័ន្ធនឹងគ្រោះថ្នាក់ការងារនេះ ការកំណត់ទោសអតិបរមាត្រូវបានកម្រិតដល់រយៈពេល ១០ឆ្នាំកន្លះ សម្រាប់ករណីអ្នកល្មើសមិនរាងចាល ហើយប្រព្រឹត្តឱ្យមានទោសកំហុសដដែលជាដដែល និងក្នុងករណីដែលគ្រោះថ្នាក់ការងារនោះអាចនាំឱ្យមានបាត់បង់ជីវិតដល់ច្រើននាក់។

ការកំណត់ទោសនេះ ត្រូវបានធ្វើវិសោធនកម្មកែប្រែ ដោយបន្ថែមកម្រិតទោសពី២ ទៅ៣ឆ្នាំបន្ថែមលើកម្រិតទោសដែលមានស្រាប់នាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងមតិសាធារណជនដែលបានរិះគន់លើការដាក់ទោសចំពោះម្ចាស់អាជីវកម្ម ឧស្សាហកម្មដែលមិនគោរពតាមគោលការណ៍សុវត្ថិភាពទីតាំងការងារ នាំឱ្យមានគ្រោះថ្នាក់ការងារកន្លងមក មានភាពធូររលុងខ្លាំងពេក។

បើតាមក្រសួងការងារ និងពលករកូរ៉េ មានត្រឹមតែ០.៥% នៃម្ចាស់អាជីវកម្ម ឧស្សាហកម្មប៉ុណ្ណោះដែលត្រូវបានរកឃើញថាល្មើសនឹងការអនុវត្តវិធានសុវត្ថិភាពនៅទីតាំងការងារ ដែលត្រូវបានដាក់ទោសឱ្យជាប់ពន្ធនាគារ ក្នុងចន្លោះពីឆ្នាំ២០០៧ ដល់២០១៦។

ថ្មីៗនេះ ការទាមទារឱ្យមានការពិនិត្យឡើងវិញលើការអនុវត្តគោលការណ៍សុវត្ថិភាពទីតាំងការងារ ត្រូវបានគេលើកយកមកពិភាក្សាជាប្រធានបទក្តៅ ជាពិសេសចាប់តាំងពីមានករណីបាត់បង់ជីវិតកម្មករម្នាក់នៅរោងចក្រអគ្គិសនីនៅតំបន់តេអាន (Taean) កាលពីខែធ្នូ ២០១៨កន្លងមក។

កាលពីឆ្នាំទៅនេះផងដែរ ច្បាប់ពាក់ព័ន្ធការរក្សាសុវត្ថិភាពនៅកន្លែងការងារត្រូវបានធ្វើវិសោធនកម្មផងដែរ ដើ​ម្បីកាត់បន្ថយករណីបាត់បង់ជី វិតពេលបំពេញការងារ និងគ្រោះថ្នាក់ការងារផ្សេងៗទៀត។

ករណីបាក់ការដ្ឋានជួសជុលស្ពានបាងវ៉ា (Banghwa Bridge) កន្លងមក ជាករណីមួយនៃគ្រោះថ្នាក់ការងារក្នុងប្រទេសកូរ៉េ

Leave a Reply

Your email address will not be published. Required fields are marked *