សង្វេគណាស់! ពលការិនីខ្មែរ ១ រូប ត្រូវថៅកែកូរ៉េបំពានផ្លូវភេទជាច្រើនខែ រហូតមានផ្ទៃពោះ ហើយគម្រាមរាយការណ៍ពលការិនីរងគ្រោះឱ្យខុសច្បាប់ បើសិនហ៊ានរត់ចេញ

កូរ៉េខាងត្បូង៖ ពលការិនីខ្មែរយើងមួយរូប ដែលធ្វើការនៅក្នុងកសិដ្ឋានមួយកន្លែងនៅក្នុងប្រទេសកូរ៉េ បានរាយការណ៍ទៅប៉ូលីសកូរ៉េពីករណីត្រូវរងការបំពានផ្លូវភេទពីថៅកែខ្លួនជាជនជាតិកូរ៉េ រហូតដល់មានផ្ទៃពោះ នេះបើតាមការចុះផ្សាយក្នុងកិច្ចសម្ភាសន៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយសារព័ត៌មាន MBC News របស់កូរ៉េ នៅថ្ងៃទី២៩ ខែមីនា ២០២១នេះ។

ក្នុងករណីដ៏គួរឱ្យសង្វេគនេះ ស្ត្រីរងគ្រោះជាពលការិនីរូបនេះបានបញ្ជាក់ក្នុងកិច្ចសម្ភាសន៍ថា តាំងពីដើមមក បើទោះជារងការបៀតបៀនជាបន្តបន្ទាប់ ខ្លួនមានការភ័យខ្លាចមិនហ៊ានធ្វើការរាយការណ៍ករណីនេះឡើយ ដោយសារខ្លាចនៅពេលរាយការណ៍ហើយ ខ្លួនត្រូវក្លាយទៅជាពលករខុសច្បាប់ក្រោយពីចាកចេញពីកសិដ្ឋាននោះ ប៉ុន្តែដល់ពេលនេះគឺខ្លួនមិនអាចទ្រាំទ្របានទៀត ក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនេះតែម្តង នេះបើតាមការរាយការណ៍ក្នុងដោយសារព័ត៌មានកូរ៉េ MBC នេះ។

បើតាមការបញ្ជាក់យ៉ាងក្បោះក្បាយនៅក្នុងកិច្ចសម្ភាសន៍នោះ ពីអ្វីដែលបានកើតឡើងក្នុងស្ថានការណ៍រំលោភបំពានមកលើរូបរាយកាយរបស់ខ្លួន ស្រ្តីរងគ្រោះបានបញ្ជាក់ថាថៅកែកូរ៉េរបស់ខ្លួនបានរុញទ្វារចូលក្នុងបន្ទប់ស្នាក់នៅរបស់ពលការិនីរងគ្រោះ និងបានបង្ខំនាងដែលហេតុការណ៍នេះមិនមែនកើតឡើងតែម្តងនោះទេ គឺកើតឡើងជាទំលាប់ជាប្រចាំដល់ទៅរយៈពេល២ខែជាប់គ្នា បើទោះជាស្រ្តីរងគ្រោះប្រកែកដាច់អហង្ការយ៉ាងណាក៏ដោយ រហូតដល់ស្រ្តីរងគ្រោះមានផ្ទៃពោះ។ ក្រោយពីដឹងថាមានផ្ទៃពោះហើយ ថៅកែរូបនោះបានបង្ខំយកស្រ្តីរងគ្រោះនេះទៅមន្ទីរពេទ្យឱ្យយកកូនចេញ ដោយប្រឌិតរឿងថាស្រ្តីរងគ្រោះនេះមានផ្ទៃពោះជាមួយសង្សាររបស់ខ្លួនទៅវិញ។

កិច្ចសម្ភាសន៍ក៏បានបង្ហើបថា នៅពេលដែលស្ត្រីរងគ្រោះលួចរត់ចេញទៅផ្ទះមិត្តភក្តិដើម្បីគេចពីការរំលោភបំពាននេះ ថៅកែបានគំរាមឱ្យត្រឡប់មកវិញភ្លាម បើមិនដូចនោះទេ “នឹងធ្វើឱ្យស្រ្តីរងគ្រោះក្លាយជាពលករខុសច្បាប់”។ ករណីដ៏ឃោរឃៅ និងគួរឱ្យរន្ធត់នេះ គឹបានកើតឡើងតាំងពីខែកុម្ភៈ ឆ្នាំមុនគឺឆ្នាំ២០២០ឯណោះ នៅពេលដែលស្ត្រីរងគ្រោះប្តូរការងារទៅធ្វើការនៅកសិដ្ឋាននេះនៅតំបន់ឈុងណាម។

សារព័ត៌មានបានបញ្ជាក់ថា តាមទិដ្ឋភាពផ្លូវច្បាប់ពលករដែលរងការរំលោភបំពាន អាចដាក់ពាក្យប្តឹង និងស្នើសុំប្តូរកន្លែងការងារបានដោយមិនចាំបាច់មានការអនុញ្ញាតពីថៅកែនៅកន្លែងធ្វើការបច្ចុប្បន្នដែលជនរងគ្រោះរងការរំលោភបំពាននោះឡើយ តែលទ្ធភាពដែលពលករបរទេសអាចបញ្ជាក់ពីស្ថានការណ៍រំលោភបំពាននោះ គឺមានភាពលំបាកខ្លាំង។ ហើយក្នុងករណីមិនអាចបញ្ជាក់ពីករណីរំលោភបំពានបាននោះទេ ពលករដែលរងគ្រោះ ចង់ផ្លាស់ប្តូរការងារ ត្រូវមានការអនុញ្ញាតពីថៅកែរបស់ខ្លួនទើបអាចផ្លាស់ប្តូរបាន ដែលស្ថានការណ៍បែបនេះហើយជាចន្លោះប្រហោងនៃការអនុវត្តច្បាប់ជាក់ស្តែងការពារលើពលករបរទេស ដែលខុសពីច្បាប់ដែលមានសរសេរលើក្រដាស។

តាមការបញ្ជាក់ ស្រ្តីរងគ្រោះរូបនេះកាន់វីសារការងារ ហើយបានចូលមកក្នុងប្រទេសកូរ៉េខាងត្បូងកាលពីបីឆ្នាំមុន ហើយស្រ្តីរូបនេះបានរត់គេច​ចេញបានសម្រេចពីកសិដ្ឋានខាងលើ ហើយបើតាមសារព័ត៌មានបញ្ជាក់ថាមានក្រុមសង្គមស៊ិវិលមួយបានរៀបចំការពារស្រ្តីរងគ្រោះខាងលើ ហើយបានកំពុងរៀបចំពាក្យបណ្តឹងប្តឹងថៅកែរូបនោះផងដែរ ដែលប៉ូលីសបច្ចុប្បន្នកំពុងចាប់ផ្តើមនីតិវិធីស៊ើបអង្កេត និងប្រមូលភស្តុតាងលើករណីនេះហើយ។

សូមជម្រាបជូនបងប្អូនពលករខ្មែរយើងនៅក្នុងប្រទេសកូរ៉េទាំងអស់ ក្នុងករណីដែលរងការបំពានតាមគ្រប់ទំរង់ អាចធ្វើការប្រឹក្សាយោបល់ រាយការណ៍ ឬប្រាប់មកកាន់ស្ថាប័នមានសមត្ថកិច្ច អាចជាស្ថាប័នប៉ូលីសកូរ៉េ ឬស្ថានទូតខ្មែរយើងនៅកូរ៉េដែលជាអាណាព្យាបាលស្របច្បាប់របស់បណ្តាប្រជាជនកម្ពុជាទាំងអស់នៅលើទឹកដីកូរ៉េ ឬក៏អាចរាយការណ៍ទៅកាន់បណ្តាមជ្ឈមណ្ឌលគាំពារពលករបរទេសនានាដែលមាននៅតាមតំបន់នីមួយៗ ដើម្បីអោយជួយរកដំណោះស្រាយជូនបាន។

Leave a Reply

Your email address will not be published. Required fields are marked *