កូរេ៉ខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញបទបញ្ជាឱ្យនាវា Destroyer របស់ខ្លួនមួយគ្រឿងមកកាន់ព្រែកជីកស៊ុយអេវិញ ដើម្បីជួយសម្រួលដល់សុវត្ថិភាពនៃកប៉ាល់នានារបស់ប្រទេសខ្លួន ដែលត្រូវបន្តដំណើរការឡើងវិញលើផ្លូវចរាចរណ៍សមុទ្រនេះ ក្រោយពីបានជាប់គាំងអស់ប៉ុន្មានថ្ងៃកន្លងមកដោយសារតែមានកប៉ាល់ដឹកទំនិញធំមួយ ត្រូវខ្យល់បក់មកជាប់កាត់ទទឹងនៃផ្លូវទឹកទាំងមូល នេះបើតាមការបញ្ជាក់របស់សារព័ត៌មាន Yonhap News។
នេះជាបទបញ្ជារបស់ក្រសួងការពារជាតិកូរ៉េ ដើម្បីឱ្យនាវាយោធារបស់ខ្លួន មកការពារនិងធានាដល់សុវត្ថិភាពនៃកប៉ាល់នានារបស់ប្រទេសខ្លួន ដែលត្រូវឆ្លងកាត់តំបន់ចរាចរណ៍សមុទ្រកំពុងកកស្ទះនេះ ដែលអាចប្រឈមនឹងហានិភ័យនានាដូចជាបញ្ហាចោរសមុទ្រជាដើមនោះ។ កន្លងទៅ កាលពីព្រឹកថ្ងៃចន្ទនេះដែរ ក្រសួងការពារជាតិបានចេញបញ្ជាឱ្យកងនាវាឆ្មាំសមុទ្ររបស់ខ្លួន Cheonghae ធ្វើដំណើរទៅកាន់ឈូងសមុទ្រអាដែន (Gulf of Aden) សម្រាប់បេសកកម្មដើម្បីការពារសុវត្ថិភាពនៃកប៉ាល់ដឹកទំនិញរបស់ខ្លួនដែលបានធ្វើការបង្វៀងកាត់ផ្លូវថ្មីតាមជ្រោយនៃក្តីសង្ឃឹម (Cape of Good Hope) នៅប្រទេសអាហ្វ្រិកខាងត្បូង ដែលត្រូវបានគេតែងស្គាល់ថាជាជម្រកដ៏ធំនៃពពួកចោរសមុទ្រ វិញផងដែរ ដោយសារតែការកកស្ទះនៅតាមព្រែកជីកស៊ុយអេ មិនទាន់ត្រូវបានដោះស្រាយរួច។

សូមបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ កប៉ាល់ដឹកទំនិញដ៏ធំមួយបំពាក់ទង់ជាតិប្រទេសប៉ាណាម៉ា និងប្រតិបត្តិការដោយក្រុមហ៊ុន EverGreen របស់តៃវ៉ាន់ ត្រូវបានខ្យល់បក់បោកខ្លាំង នាំឱ្យកប៉ាល់នេះប៉ើងទៅជាប់កាត់ទទឹងនៃផ្លូវទឹកទាំងមូល ដែលនាំឱ្យមានការកកស្ទះយ៉ាងខ្លាំងជាបន្តបន្ទាប់ពីកប៉ាល់នានាដទៃទៀតរាប់ពាន់គ្រឿងដែលត្រូវឆ្លងកាត់តាមខែ្សទឹកដ៏រវល់មួយនេះ។ យ៉ាងណាមិញ ត្រឹមល្ងាចថ្ងៃចន្ទម្សិលមិញនេះ បញ្ហាកកស្ទះចរាចរណ៍ដោយសារការជាប់នាវានេះនៅតែបន្តនៅឡើយ តែយ៉ាងណាក្រុមកងសង្គ្រោះនាវាដែលបានជាប់ស្ទះនេះ បានសម្រួលឱ្យនាវា EverGreen រួចផុតពីការជាក់ផុង ហើយអាចអណ្តែតលើផ្ទៃទឹកវិញហើយ ដែលនឹងនាំឱ្យចរាចរណ៍តាមផ្លូវសមុទ្រនេះ អាចដំណើរការតាមធម្មតាជាប្រក្រតីវិញនាពេលឆាប់ៗខាងមុខផងដែរ។