របាយការណ៍ថ្មីអង្គការ WHO៖ មេរោគកូរ៉ូណាទំនងជាឆ្លងពីសត្វប្រចៀវ មកមនុស្ស តាមរយៈសត្វដទៃមួយផ្សេងទៀត មិនមែនតាមរយៈមន្ទីរពិសោធន៍ទេ

ហ្សឺណែវ៖ ការចម្លងបន្តមេរោគកូរ៉ូណាពីសត្វប្រចៀវ មកដល់មនុស្ស ដែលកន្លងមកត្រូវបានសន្និដ្ឋានថាជាដើមកំណើតនៃវិបត្តិជាសាកលនៃជំងឺកូរ៉ូណាជុំវិញពិភពលោកនោះ ពេលនេះត្រូវបានបញ្ជាក់ក្នុងការសិក្សារួមគ្នាថ្មីដែលចេញដោយប្រទេសចិន និងអង្គការសុខភាពពិភពលោក  ដែលសន្និដ្ឋានជាសម្មតិកម្មថ្មីថាមេរោគនេះ “ទំនងជា ឬទំនងបំផុត” (“likely or very likely”) ឆ្លងពីសត្វប្រចៀវ មកដល់មនុស្ស តាមរយៈសត្វដទៃផ្សេងទៀតទៅវិញនោះទេ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Brussel Times រួមនឹងសារព័ត៌មានអន្តរជាតិធំៗដទៃទៀតជាច្រើននៅថ្ងៃចន្ទម្សិលមិញនេះ។

តាមរយៈរបាយការណ៍នេះ បានលើកនូវសម្មតិកម្មថ្មី​ដែលមេរោគនេះទំនងជាអាចចម្លងបន្តពីសត្វប្រចៀវ ទៅសត្វដទៃផ្សេងទៀតសិន ទើបសត្វដទៃទៀតនោះជាភ្នាក់ងារចម្លងបន្តមកដល់មនុស្ស និងនាំឱ្យឆ្លងបន្តបន្ទាប់ចេញពីតំបន់វ៉ូហាន ប្រទេសចិន រហូតដល់ឆ្លងក្លាយជាជំងឺរាតត្បាតទូទាំងសាកលលោកនេះ។ ការសិក្សានេះ ក៏បានបដិសេធចោលនូវសម្មតិកម្មសន្និដ្ឋានមួយចំនួនកន្លងមកដែលថា មេរោគនេះអាចឆ្លងមកដល់មនុស្សដោយសារតែការលេចធ្លាយចេញពីមន្ទីរពិសោធន៍ផងដែរ ដោយគេសន្មត់ថា “ទំនងជាមិនអាចទៅរួចសោះតែម្តង” (“extremely unlikely”)។

ការធ្វើសន្និសីទសារព័ត៌មានរបស់ក្រុមអ្នកជំនាញអង្គការ WTO ក្រោយបញ្ចប់បេសកកម្មចុះពិនិត្យនៅទីក្រុងវ៉ូហានកាលពីខែកុម្ភៈ ២០២១នេះ។
រូបភាព៖ សារព័ត៌មាន​ AP

តាមរបាយការណ៍នេះ គេបានលើកឡើងនូវការសន្និដ្ឋានលើទិដ្ឋភាព៤យ៉ាងដែលពន្យល់អំពីការកើតឡើងនៃមេរោគកូរ៉ូណានេះ ដែលការឆ្លងបន្តពីសត្វប្រចៀវមកមនុស្សតាមរយៈសត្វដទៃមួយផ្សេងទៀតជាការសន្និដ្ឋានដែលអាចនឹងកើតឡើងច្រើនជាងគេ ហើយទិដ្ឋភាពដែលត្រូវសន្និដ្ឋានបន្ទាប់គឺការចម្លងដោយផ្ទាល់ពីសត្វប្រចៀវមកកាន់មនុស្ស និងការសន្និដ្ឋានចុងក្រោយគឺការឆ្លងតាមរយៈប្រភពផលិតផលម្ហូបក្លាស្សេដែលជាប់មេរោគមកជាមួយក្នុងនោះ។ ក្នុងរបាយការណ៍នោះដែរ បានលើកឡើងនូវហេតុផលលម្អិតស៊ីជម្រៅអំពីការសន្និដ្ឋាន និងលើកឡើងទាំងនេះផងដែរ។

យ៉ាងណាក៏ដោយការលើកឡើងនេះ នៅជាសម្មតិកម្មសម្រាប់ការស្រាវជ្រាវបន្តបន្ថែមប៉ុណ្ណោះ ដោយមិនទាន់មានការសន្និដ្ឋានពេញលេញណាមួយត្រូវបានទទួលស្គាល់ដោយផ្លូវការនោះឡើយ។ សូមបញ្ជាក់ថារបាយការណ៍សិក្សានេះ ត្រូវបានធ្វើឡើងដោយផ្អែកមួយភាគធំបំផុតទៅលើការចុះពិនិត្យអំឡុងខែមករា និងកុម្ភៈឆ្នាំ២០២១ នៅតាមទីតាំងផ្ទុះមេរោគកូវីដដំបូងបង្អស់នៅទីក្រុងវ៉ូហានផ្ទាល់ ពីសំណាក់ក្រុមអ្នកជំនាញអន្តរជាតិរបស់អង្គការសុខភាពពិភពលោក។

ក្រុមអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ដែលបានចុះទៅទីក្រុងវ៉ូហាន កន្លងមក។
រូបភាព៖ The Brussel Time

 

Leave a Reply

Your email address will not be published. Required fields are marked *