កូរ៉េខាងត្បូង៖ ក្រុមគណៈកម្មការជំនាញកូរ៉េខាងត្បូងបានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនអាម៉េរិក Johnson & Johnson’s Janssen បង្ហាញប្រសិទ្ធភាពដល់ទៅ ៦៦.៩% ដែលអាចនឹងផ្តល់ភ្លើងខៀវដល់ការផ្តល់អជ្ញាប័ណ្ណសម្រាប់វ៉ាក់សាំងនេះ ជាវ៉ាក់សាំងកូវីដទីបី ដែលអាចនឹងប្រើប្រាស់បានក្នុងប្រទេសកូរ៉េខាងត្បូងឆាប់ៗនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ក្រុមប្រឹក្សាភិបាលជំនាញ ដែលមានសមាសភាពចូលរួមពីអ្នកជំនាញបានប្រកាសពីលទ្ធផលនៃការពិនិត្យទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ Johnson & Johnson’s Janssen ដែលលទ្ធផលនៃការត្រួតពិនិត្យនេះជាដំណាក់កាលវាយតម្លៃលើកដំបូង ក្នុងចំណោមដំណាក់កាលបីធំៗ ដើម្បីឈានទៅការទទួលបានភ្លើងខៀវអនុញ្ញាតជាផ្លូវការពីក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េ។
តាមលទ្ធផលនៃការពិនិត្យធ្វើឡើងដោយក្រុមគណៈកម្មការជំនាញឯករាជ្យនេះ បានផ្តល់យោបល់ឱ្យរដ្ឋាភិបាលគួរអនុញ្ញាតសម្រាប់វ៉ាក់សាំងកូវីដ Janssen នេះ ដោយបានលើកថាវ៉ាក់សាំងនេះបង្ហាញនូវអត្រាប្រសិទ្ធភាពដល់ទៅ ៦៦.៩% ក្នុងការបង្ការការចម្លងនូវមេរោគកូវីដ-១៩កម្រិតមធ្យម និងកម្រិតធ្ងន់ធ្ងរ ដែលលទ្ធផលនឹងចាប់ផ្តើមក្នុងរយៈពេល២សប្តាហ៍ក្រោយពីបានទទួលវ៉ាក់សាំងនេះរួច។ គណៈកម្មការនេះធ្វើការពិនិត្យទៅលើលទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំងដំណាក់កាលទី៣ ដែលការធ្វើតេស្តនោះមានអ្នកចូលរួមដល់ទៅ ៤៤,៣២៥នាក់ ដែលត្រូវបានជ្រើសរើសឱ្យចូលរួមដោយចៃដន្យ ដើម្បីទទួលវ៉ាក់សាំងកូវីដនេះចំនួន ១ដូស។
ក្រសួងសុវត្ថិភាពចំណីអាហារ និងឱសថកូរ៉េ បញ្ជាក់លទ្ធផលនៃការធ្វើការពិនិត្យជុំទី២ នឹងត្រូវប្រកាសឡើងក្នុងអំឡុងសប្តាហ៍នេះដែរ ហើយលទ្ធផលនៃការពិនិត្យជុំចុងក្រោយនឹងត្រូវប្រកាសនៅដើមខែក្រោយនេះផងដែរ។
សូមបញ្ជាក់ថា កន្លងមករដ្ឋាភិបាលកូរ៉េបានចុះកិច្ចព្រមព្រៀងបញ្ជាទិញវ៉ាក់សាំង Janssen របស់ក្រុមហ៊ុនអាម៉េរិក Johnson & Johnson’s នេះ ចំនួន៦លានដូស ដែលនឹងដឹកមកដល់កូរ៉េខាងត្បូងនៅត្រីមាសទី៣ខាងមុខ។