កូរ៉េខាងត្បូង៖ នៅព្រឹកថ្ងៃចន្ទនេះ ព្យុះធូលីលឿងថ្មីមួយទៀតប្រភពមកពីភាគខាងជើងប្រទេសចិន បានគ្របដណ្តប់មកលើប្រទេសកូរ៉េខាងត្បូងសាជាថ្មី ដែលបានឱ្យអជ្ញាធរកូរ៉េខាងត្បូងចេញការព្រមានពីហានិភ័យនៃព្យុះធូលីលឿងសម្រាប់សេអ៊ូល និងផ្នែកដទៃទៀតនៃប្រទេសកូរ៉េដែលប៉ះពាល់ដោយឥទ្ធិពលព្យុះធូលីនេះផងដែរ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News ព្រឹកនេះ។
បើតាមការបញ្ជាក់របស់អជ្ញាធរ ក្រោមឥទ្ធិពលនៃព្យុះធូលីនេះ សារធាតុដង់ស៊ីតេនៃធូលីដែលមានអង្កត់ផ្ចិតតូចជាង ១០មីក្រូម៉ែត្រ ដែលគេហៅថាសារធាតុ PM10 បានកើនដល់កម្រិត “អាក្រក់ខ្លាំង” សម្រាប់តំបន់សេអ៊ូល និងតំបន់ប្រជុំជនជុំវិញមានខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ផងដែរ និងតំបន់ដទៃទៀតក្នុងប្រទេសកូរ៉េ។ គិតត្រឹមម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុកកូរ៉េ) កម្រិតសារធាតុ PM10 ក្នុងបរិយាកាសកើនដល់កម្រិត ៤៥២ មីក្រូក្រាមក្នុងមួយមែ៉ត្រគូប សម្រាប់ទីក្រុងសេអ៊ូល និងដល់ ៦៨១ មីក្រូក្រាមក្នុងមួយមែ៉ត្រគូប សម្រាប់ក្រុងដេជុន និងដល់ ៦៥៣ មីក្រូក្រាមក្នុងមួយមែ៉ត្រគូប សម្រាប់ក្រុងសេជុង ដល់ ៥២២ មីក្រូក្រាមក្នុងមួយមែ៉ត្រគូប សម្រាប់ខេត្តហ្គាងវ៉ុន ដល់ ៤២១ មីក្រូក្រាមក្នុងមួយមែ៉ត្រគូប សម្រាប់តំបន់អ៊ុលសាន និងដល់ ៤០១ មីក្រូក្រាមក្នុងមួយមែ៉ត្រគូប សម្រាប់ក្វាងជូ នេះបើតាមទិន្នន័យចេញដោយស្ថានីយ៍ព្យាករណ៍គុណភាពខ្យល់ នៃវិទ្យាស្ថានជាតិស្រាវជ្រាវបរិស្ថានកូរ៉េ។

បើតាមកម្រិតនៃសារធាតុ PM10 នេះ ត្រឹមកម្រិតពី ០ ដល់ ៣០មីក្រូក្រាម ជាកម្រិត “ល្អ” ហើយកម្រិតពី ៣១ ដល់ ៨០មីក្រូក្រាម ជាកម្រិត “ធម្មតា” ហើយកម្រិតពី ៨១ ដល់ ១៥០មីក្រូក្រាម ជាកម្រិត “អាក្រក់” រីឯកម្រិតពី ១៥០ឡើងទៅទៀត ជាកម្រិត “អាក្រក់ខ្លាំង”។ ដូចនេះ កម្រិត PM10 កើនដល់ ៤៥២ ហើយដែលកើនខ្ពស់បំផុតកាលពីព្រឹកថ្ងៃចន្ទនេះដល់ ៥៤៥ សម្រាប់ទីក្រុងសេអ៊ូល ជាកម្រិតបំពុលបរិយាកាសអាក្រក់បំផុត បណ្តាលមកពីព្យុះធូលីលឿងនេះហើយ។
អជ្ញាធរបញ្ជាក់ផងដែរថា ព្យុះធូលីនេះមានប្រភពមកពីតំបន់ភាគខាងក្នុងនៃប្រទេសម៉ុងហ្គោលី នៅភាគខាងជើងប្រទេសចិន ដែលជាតំបន់វាលខ្សាច់ហ្គូប៊ី ដែលព្យុះធូលីដ៏ធំនេះបានបក់បោកចេញពីតំបន់នោះតាំងពីថ្ងៃសុក្រមក ហើយមកមកដល់តាមឥទ្ធិពលនៃទិសខ្យល់បក់ដល់លើប្រទេសកូរ៉េនៅថ្ងៃនេះ។ អជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ទៀតថា ព្យុះនេះនឹងបន្តមានវត្តមានខ្លាំង ដែលកម្រិតសារធាតុ PM10 នឹងបន្តស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំងពេញមួយថ្ងៃចន្ទនេះ ហើយនឹងបន្តដល់ថ្ងៃស្អែកផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃចន្ទនេះ ការព្រមានពីព្យុះធូលីលឿងនេះត្រូវបានប្រកាសដោយរដ្ឋបាលឧតុនិយមកូរ៉េនៅម៉ោង ៧:១០ នាទីព្រឹក ដោយបានណែនាំឱ្យប្រជាជនដែលមានបញ្ហាផ្លូវដង្ហើម កុមារ ឬជនងាយរងគ្រោះ គួរសម្ងំនៅខាងក្នុងអាគារ និងចៀសចេញពីការដើរហើរនៅបរិយាកាសខាងក្រៅ។
