សេអ៊ូល៖ អជ្ញាធរកូរ៉េខាងត្បូង ប្រកាសក្តីព្រួយបារម្ភជាថ្មី ក្រោយរកឃើញករណីកូវីដ-១៩ ថ្មី ដល់ជាង ៤០ ករណី ពាក់ព័ន្ធចេញពីបណ្តាលវិហារនានានៅក្នុងទីក្រុងសេអ៊ូល។
បើតាមលទ្ធផលនៃការធ្វើតេស្តក្នុងរយៈពេលពីរថ្ងៃនេះ រកឃើញករណីថ្មីចំនួន ៦៨ ករណី ដែលក្នុងនោះមានដល់ ៤០ ករណី ដែលមានប្រវត្តិចេញពីវិហារនានាក្នុងទីក្រុងសេអ៊ូល។ អជ្ញាធរសុខាភិបាលកំពុងមានវិធានការធ្វើការសម្អាត និងចត្តាឡីស័កវិហារ និងទីតាំងនានាដែលរកឃើញថាមានករណីឆ្លងកើតឡើងតគ្នានោះ។
គិតត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងជាចង្កោមធំៗមានបីហើយ គឺចេញពីតំបន់អ៊ីតេវុនដល់ ២៧០ករណី រោងចក្រ Coupang ដល់ ១១២ ករណី ហើយនិងករណីចេញពីវិហារថ្មីនេះដែលគេកំពុងព្រួយបារម្ភ។
ការផ្ទុះឡើងថ្មីនេះ ហាក់ធ្វើឱ្យការបារម្ភកាន់តែខ្លាំង ខណៈសាលារៀនកម្រិតតូចៗនឹងចាប់ផ្តើមបើកវិញនៅថ្ងៃពុធស្អែកនេះហើយ ដែលសិស្សប្រមាណជាង ១.៨លាននាក់ នឹងចាប់ផ្តើមទៅសាលារៀនពេញលេញវិញនោះ។