កូរ៉េខាងត្បូង ចេញវិធានការថ្មី ហាមឃាត់មិនឱ្យមានការហូបចុកអាហារ នៅតាមទីតាំងចំនួន ២១ប្រភេទ បើល្មើសនឹងត្រូវពិន័យ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ

កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចដាក់ចេញនូវវិធានការថ្មីចុងក្រោយបង្អស់ ដោយហាមឃាត់ការហូបអាហារនៅតាមទីតាំងជួបជុំគ្នាសំខាន់ៗដល់ទៅ២១ប្រភេទ ដែលនឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទស្អែកនេះទៅ ជាវិធានការថ្មីឆ្លើយតបទៅនឹងសញ្ញាណនៃជំងឺកូវីដដែលហាក់មិនទាន់ថយចុះទាល់តែសោះនោះ នេះបើតាមរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ក្រោមវិធានការថ្មីនេះ ការហូបអាហារនឹងត្រូវហាមឃាត់នៅតាមទីតាំងសាធារណៈចំនួន ២១ប្រភេទ ដែលរួមមានទាំងកីឡាដ្ឋាន បណ្ណាល័យ សារមន្ទីរ កន្លែងសូណា រោងភាពយន្ត សាលាបង្រៀនគួរ កន្លែងកាត់សក់ កន្លែងហាត់ប្រាណ កាស៊ីណូ កន្លែងតាំងពិព័រណ៌ ខារ៉ាអូខេបារ និងកន្លែងដទៃទៀតដែលបានកំណត់ជាដើម ដែលវិធានការបានកំណត់ថាអ្នកដែលល្មើសនឹងត្រូវពិន័យដល់ ១០ម៉ឺនវ៉ុន (ប្រហែល ៨៨ដុល្លារ) ផងដែរ។ វិធានការនេះនឹងចាប់ផ្តើមអនុវត្តពីថ្ងៃចន្ទស្អែកនេះទៅ ហើយបើតាមការបញ្ជាក់របស់អជ្ញាធរ វិធានការផាកពិន័យនឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ៥ ខែមេសា ២០២១ខាងមុខ គឺក្រោយរយៈពេលមួយសប្តាហ៍ដែលវិធានការនេះចាប់ផ្តើមអនុវត្ត។

យ៉ាងណាមិញ វិធានការនេះក៏ផ្តល់លក្ខខណ្ឌលើកលែងផងដែរ ក្នុងករណីដែលទីតាំងនីមួយៗដែលបានកំណត់នេះ មានរៀបចំទីតាំងដោយឡែកត្រឹមត្រូវ សម្រាប់ការហូបចំណីអាហារ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ រដ្ឋាភិបាលបានបន្តពន្យារការអនុវត្តវិធានការគម្លាតសង្គមដែលមានបច្ចុប្បន្ននេះ រហូតដល់ពីរសប្តាហ៍ទៀត គឺរហូតដល់ថ្ងៃទី១១ ខែមេសា ទើបមានការកំណត់ថ្មីថែមទៀត។ តាមរយៈការពន្យារពេលនៃការអនុវត្តវិធានការគម្លាតសង្គមនេះ ទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ នឹងត្រូវស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត​២ ខណៈតំបន់ផ្សេងទៀតទូទាំងប្រទេសនឹងត្រូវបន្តស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត ១.៥ ហើយក្នុងនោះការហាមឃាត់ជួបជុំលើសពីគ្នា៥នាក់ឡើងទៅ និងការរឹតត្បិតលើអាជីវកម្មភោជនីយដ្ឋានមួយចំនួនអាចបើកដំណើរបានត្រឹមម៉ោង១០យប់ សម្រាប់តំបន់ប្រជុំជនធំៗសេអ៊ូល ឃ្យ៉ុងគី និងអ៊ីនឆន់ នឹងនៅតែបន្តអនុវត្តរយៈពេល២សប្តាហ៍បន្ថែមទៀត។

ក្នុងនោះដែរ រដ្ឋាភិបាលក៏បានកំណត់ឱ្យប្រភេទទីតាំងនានាចំនួន៣៣ប្រភេទ ដែលមានមនុស្សច្រើន តម្រូវឱ្យធ្វើការចុះឈ្មោះអ្នកមកទីតាំងទាំងនោះឱ្យបានគ្រប់ៗគ្នាជាកំហិតផងដែរ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចំនួននៃករណីឆ្លងកូវីដថ្មីហាក់មិនមានការថមថយ ដោយមានប្រហែលចំនួន ៤០០ ទៅ​៥០០ករណីជារៀងរាល់ថ្ងៃ ហើយកាលពីថ្ងៃសៅរ៍ម្សិលមិញមានដល់ទៅ ៥០៥ករណី ជាតួលេខខ្ពស់ជាងគេតាំងពីថ្ងៃទី១៩ ខែកុម្ភៈ ២០២១មក។ សម្រាប់ថ្ងៃអាទិត្យនេះវិញ ករណីឆ្លងថ្មីថយចុះមកនៅត្រឹម៤៨២ករណីវិញប៉ុណ្ណោះ ដែលក្នុងនោះនាំឱ្យករណីកូវីដសរុបក្នុងប្រទេសកូរ៉េកើនដល់ ១០១,៧៥៧ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *