កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២៦ ខែមីនាម្សិលមិញនេះ រដ្ឋសភាកូរ៉េខាងត្បូងក្នុងកិច្ចប្រជុំរបស់ខ្លួន បានពិភាក្សាលើសេចក្តីស្នើកែប្រែច្បាប់ (វិសោធនកម្ម) លើច្បាប់គ្រប់គ្រងពលករបរទេស ដែលអាចនឹងកែសម្រួលផ្តល់សុពលភាពបន្ថែម ១ឆ្នំាសម្រាប់ពលករដែលផុតអាណត្តិចំពេលនៃស្ថានការណ៍កូវីដនេះ បើតាមចុះផ្សាយក្នុងគេហទំព័រ សារព័ត៌មាន MT របស់កូរ៉េ ចែករំលែកក្នុងទំព័រហ្វេសប៊ុក Meng Costa page បំណងល្អពីខ្ញុំ។
តាមការចុះផ្សាយក្នុងសារព័ត៌មាននេះ សមាជិកសភាកូរ៉េខាងត្បូង លោក លី ចុងបេ (Lee Jong-bae) បានស្នើលើកឡើងនូវសេចក្តីព្រាងវិសោធនកម្មនេះជូនដល់សម័យប្រជុំសភាកូរ៉េ ដែលក្នុងខ្លឹមសារនោះគឺស្នើឱ្យមានការពន្យារពេលបម្រើការងាររបស់ពលករបរទេសក្នុងវិស័យសំណង់ សេវាកម្ម ផលិតកម្ម កសិកម្ម និងនេសាទ ដល់១ឆ្នាំបន្ថែមទៀត ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ។
ការស្នើបែបនេះ រំពឹងថានឹងអាចជួយកាត់បន្ថយភាពខ្វះខាងកម្លាំងពលកម្មជាពិសេសក្នុងស្ថានការណ៍កូវីដនេះ ដែលនាំឱ្យការចេញចូលរបស់ពលករបរទេសមិនមានភាពងាយស្រួល និងជាក្តីបារម្ភ ការពន្យាពេលយូរក្នុងការកម្លាំងពលកម្មថ្មីមកជំនួសអ្នកចប់អាណត្តិ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែការស្នើកែសម្រួលច្បាប់ នៅដំណាក់កាលដំបូងប៉ុណ្ណោះ ដែលតម្រូវឱ្យមានការពិភាក្សា និងកិច្ចប្រជុំបន្តបន្ទាប់ដេីម្បីកែប្រែ និង អនុម័ត សូមរង់ចាំពត៌មានពិស្តារប្រកាសជាសាធារណ:ពេលក្រោយទៀត។