រដ្ឋមន្ត្រីយុត្តិធម៌កូរ៉េ អំពាវនាវឱ្យពលករបរទេសខុសច្បាប់ ទៅធ្វើតេស្តកូវីដ ស្ម័គ្រចិត្តឱ្យបានគ្រប់គ្នា និងធានាថាមិនតម្រូវឱ្យបង្ហាញ​ឯកសារច្បាប់អ្វីឡើយ

កូរ៉េខាងត្បូង៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង លោក ផាក ប៊ុមយី (Park Beom-kye) បានអំពាវនាវជាថ្មីកាលពីថ្ងៃសុក្រមិ្សលមិញនេះ ឱ្យពលករបរទេសទៅធ្វើតេស្តកូវីដឱ្យបានគ្រប់ៗគ្នាតាមការស្ម័គ្រចិត្ត ដោយមិនគិតថ្លៃ ហើយដែលជាមួយគ្នានោះដែរ ពលករបរទេសដែលខុសច្បាប់ក៏អាចទៅធ្វើតេស្តដែរ ដោយមិនចាំបាច់ភ័យខ្លាចរឿងចាប់បញ្ជូនផ្លូវច្បាប់ឡើយ ក្នុងករណីនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times។

លោករដ្ឋមន្ត្រីលើកឡើងយ៉ាងដូចនេះ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងឧស្សាហកម្មអាសាន ដែលមានប្រជាពលករបរទេសស្នាក់នៅធ្វើការច្រើន ដើម្បីទៅត្រួតពិនិត្យលក្ខខណ្ឌការងារដែលបានរៀបចំក្នុងបរិការណ៍នៃស្ថានការណ៍កូវីដនេះ នៅតាមទីតាំងរោងចក្រនីមួយៗ ព្រមទាំងទៅពិនិត្យនៅតាមទីតាំងធ្វើតេស្តមេរោគកូរ៉ូណាផងដែរ។

លោកបានបញ្ជាក់ថា ក្នុងចំណោមពលករបរទេសទាំងអស់ដែលកំពុងបំពេញការងារ មាននូវក្រុមពលករដែលធ្វើការខុសច្បាប់មួយចំនួនផងដែរ ហើយប្រសិនបើពួកគេនៅខ្លាចរឿងបញ្ហាផ្លូវច្បាប់ ហើយគេចវែសការធ្វើតេស្ត នោះហានិភ័យនៃការចម្លងមេរោគកូវីដនឹងកើនឡើងខ្ពស់គួរឱ្យបារម្ភ ដែលក្នុងន័យនេះហើយ ទើបរដ្ឋាភិបាលកូរ៉េខាងត្បូងកំណត់គោលការណ៍លើកលែងមិនឱ្យអជ្ញាធរសុខាភិបាលធ្វើតេស្ត ទាមទារនូវឯកសារអត្តសញ្ញាណប័ណ្ណ ទិដ្ឋាការមានសុពលភាព ឬឯកសារដទៃដែលអាចនាំដល់កំណត់ភិនភាគផ្លូវច្បាប់របស់អ្នកមកធ្វើតេស្តនោះទេ។ ទាំងនេះហើយ ជាវិធានការអនុគ្រោះដែលរដ្ឋាភិបាលបានដាក់ចេញ លើកទឹកចិត្តឱ្យពលករបរទេសអាចចេញទៅធ្វើតេស្តបានដោយសេរី និងមិនមានការភ័យខ្លាច។

ការចុះពិនិត្យ និងស្នើឱ្យពលករបរទេសចេញទៅធ្វើតេស្តកូវីដឱ្យបានច្រើនតាមគោលការណ៍ស្ម័គ្រចិត្តនេះ គឺធ្វើឡើងប្រហែលជាមួយសប្តាហ៍ក្រោយពីទីក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគីមានបញ្ហាក្តៅទាក់ទងនឹងវិធានការតម្រូវដាច់ខាតឱ្យពលករបរទេសទាំងអស់ចេញទៅធ្វើតេស្តកូវីដ ដែលត្រូវបានសហគមន៍អន្តរជាតិចាត់ទុក និងតវ៉ាថាជាការរើងអើងដល់សហគមន៍ពលករ និងជនបរទេសរស់នៅក្នុងប្រទេសកូរ៉េ និងជាវិធានការមិនសមស្រប និងមិនមានប្រសិទ្ធភាពទាល់តែសោះ។ យ៉ាងណាមិញ វិធានការទាំងនោះ ត្រូវបានរំសាយចោលវិញ ដោយផ្លាស់ប្តូរទៅជាការជំរុញអំពាវនាវឱ្យពលករបរទេសទៅធ្វើតេស្តកូវីដ តាមការស្ម័គ្រចិត្តរៀងៗខ្លួនវិញ។

ទិដ្ឋភាពនៃការតម្រង់ជួរទៅធ្វើតេស្តកូវីដពីសំណាក់ពលករបរទេស នៅពេលវិធានការមិនទាន់ត្រូវបានកែសម្រួល

Leave a Reply

Your email address will not be published. Required fields are marked *