កូរ៉េខាងត្បូង៖ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានទទួលវ៉ាក់សាំងកូវីដ AstraZeneca របស់អង់គ្លេសរួចរាល់ហើយ ជាការបញ្ជាក់ជាថ្មីពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកូរ៉េខាងត្បូង ទៅលើជំនឿទុកចិត្តលើសុវត្ថិភាពនៃវ៉ាក់សាំងនេះសម្រាប់ប្រជាជនខ្លួន បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង ឈុង ស៊ីឃ្យ៉ុន (Chung Sye-kyun) ដែលមានវ័យ ៧១ឆ្នាំ បានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ AstraZeneca នៅមណ្ឌលសុខភាពសាធារណៈនៅសង្កាត់ចុងណូ (Jongno Ward) ដែលនៅក្បែរទីតាំងអាគាររដ្ឋាភិបាលនៅកណ្តាលក្រុងសេអ៊ូលនៅរសៀលថ្ងៃសុក្រនេះ ដែលលោកនាយករដ្ឋមន្ត្រីក៏ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីមហាផ្ទៃ ដែលបានចាក់វ៉ាក់សាំងនេះដូចគ្នាផងដែរ។
ក្រោយពីបានចាក់រួចរាល់ លោកនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីធំៗដទៃទៀតបានស្ថិតនៅកន្លែងចាក់នោះរយៈពេល៣០នាទីបន្ទាប់ ដែលជាវិធានការទូទៅសម្រាប់អ្នកចាក់វ៉ាក់សាំងកូវីដរួចរាល់ ដើម្បីអាចពិនិត្យមើលថាតើមានប្រតិកម្មវ៉ាក់សាំងដែរឬយ៉ាងណាក្រោយពីចាក់។ ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងមិនឈឺនោះទេ គឺដូចគ្នាទៅនឹងការចាក់វ៉ាក់សាំងផ្តាសាយធម្មតាប៉ុណ្ណោះ។
ជាថ្នាក់ដឹកនាំកំពូលដែលបានទទួលវ៉ាក់សាំងកូវីដ AstraZeneca នេះការបង្ហាញជាថ្មីលើជំនឿជឿជាក់របស់មន្ត្រីកំពូលនៃរដ្ឋាភិបាលទៅលើសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង ដែលកន្លងទៅកាលពីថ្ងៃទី២៣មីនា លោកប្រធានាធិបតី មូន ជេអ៊ីន និងភរិយា បានអញ្ជើញចាក់វ៉ាក់សាំងនេះដែរនៅថ្ងៃទីមួយនៃការផ្តល់វ៉ាក់សាំងនេះជូនដល់ក្រុមមនុស្សវ័យចំណាស់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការចាក់វា៉ក់សាំងគឺជាកិច្ចការពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត មិនមែនជាកិច្ចការនយោបាយដើម្បីទាក់ទាញផលប្រយោជន៍នោះទេ។
ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថាសាធារណជនត្រូវប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយក្នុងចេនាមិនល្អទាំងឡាយ ដែលអះអាងថាការចាក់វ៉ាក់សាំងកូវីដមានគ្រោះថ្នាក់ជាដើមនោះ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១នៃការចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ ពីថ្ងៃទី២៦ ខែកុម្ភៈ ២០២១កន្លងមកដល់ព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកចាក់វា៉ក់សាំងនៅកូរ៉េខាងត្បូងមានដល់ ៧៦៧,៤៥១នាក់ហើយ ដែលក្នុងនោះមួយភាគធំគឺអ្នកទទួលវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca។