ចែករំលែក! កូរ៉េខាងត្បូងនឹងបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានបច្ចុប្បន្ន បន្ថែមរយៈពេល២សប្តាហ៍ទៀត ខណៈដែលស្ថានការណ៍កូវីដមិនទាន់ធូរស្រាល

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃសុក្រនេះហើយថា កូរ៉េខាងត្បូងនឹងបន្តអនុវត្តវិធានការគម្លាតសង្គមដែលមានបច្ចុប្បន្ននេះ​រយៈពេល ២ សប្តាហ៍បន្ថែមទៀត ខណៈដែលស្ថានការណ៍កូវីដនៅតែមានភាពលំបាក ហើយមិនទាន់មានសភាពធូរស្រាលនៅឡើយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅព្រឹកថ្ងៃសុក្រនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំឆ្លើយតបនឹងស្ថានការណ៍កូវីដ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋាភិបាលនឹងបន្តវិធានការគម្លាតសង្គមដែលមានបច្ចុប្បន្ន រួមទាំងការហាមឃាត់មិនឱ្យមានការជួបជុំគ្នាលើសពី៥នាក់ឡើងទៅ សម្រាប់ពេលពីរសប្តាហ៍បន្ថែមទៀត ចាប់ផ្តើមពីសប្តាហ៍ក្រោយទៅ។

តាមរយៈការពន្យារពេលនៃការអនុវត្តវិធានការគម្លាតសង្គមនេះ ទីក្រុងសេអ៊ូល ខេត្តឃ្យ៉ុងគី និងក្រុងអ៊ីនឆន់ នឹងត្រូវស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត​២ ខណៈតំបន់ផ្សេងទៀតទូទាំងប្រទេសនឹងត្រូវបន្តស្ថិតក្រោមវិធានការគម្លាតសង្គមកម្រិត ១.៥ ហើយក្នុងនោះការហាមឃាត់ជួបជុំលើសពីគ្នា៥នាក់ឡើងទៅ និងការរឹតត្បិតលើអាជីវកម្មមួយចំនួននឹងនៅតែបន្តអនុវត្តរយៈពេល២សប្តាហ៍បន្ថែមទៀត។

លោកនាយករដ្ឋមន្ត្រីបានគូសបញ្ចាក់ផងដែរ សាធារណជនទូទៅហាក់មានការនឿយហត់កាន់តែខ្លាំងហើយទៅនឹងវិធានការគម្លាតសង្គមដែលបានដាក់ចេញមកជាច្រើនខែកន្លងមកហើយនេះ ដែលអាចនឹងនាំឱ្យការប្រុងប្រយ័ត្ន និងការការពារខ្លួនរបស់ប្រជាជនពីហានិភ័យនៃការចម្លងកូវីដ អាចនឹងមានការថយចុះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *