ប្លែកណាស់! ករណីបុរសរោគចិត្ត សម្រាតខោអាវ ដោយពាក់តែខោក្នុងស្រ្តី ទៅបន្លាចបុគ្គលិកស្រ្តីនៅក្នុងម៉ាតនៅសេអ៊ូលដដែល ជាង៣០ដង ត្រូវប៉ូលីសឃាត់ខ្លួន

កូរ៉េខាងត្បូង៖ បុរសម្នាក់សង្ស័យមានជំងឺរោគចិត្ត ត្រូវបានប៉ូលីសកូរ៉េឃាត់ខ្លួន និងបញ្ជូនសំណុំរឿងឡើងតុលាការ ក្រោយពីបានធ្វើសកម្មភាពសម្រាតខោអាវក្រៅ ដោយពាក់តែខោអាវក្នុងនារី នៅចំពោះមុខអ្នកគិតលុយស្រ្តីជនជាតិរុស្ស៊ីម្នាក់នៅក្នុងម៉ាតទីក្រុងសេអ៊ូល ជាច្រើនលើកច្រើនសារកន្លងមក នេះបើតាមការបញ្ជាក់របស់ប៉ូលីសនៅថ្ងៃពុធ ចុះផ្សាយដោយសារព័ត៌មាន Korea Times។

ប៉ូលីសនៅដុងដេមូន ក្រុងសេអ៊ូលបានបញ្ជាក់ថាក្រុមប៉ូលីសបានឃាត់ខ្លួនបុរសសង្ស័យរូបនេះ ដែលកំពុងធ្វើសកម្មភាពសម្រាតខោអាវចោល ដោយសល់តែខោអាវក្នុងនារី នៅក្នុងហាងម៉ាតមួយកន្លែងនៅសេអ៊ូល កណ្តាលយប់ថ្ងៃទី១១ មីនាកន្លងទៅ ហើយករណីនេះត្រូវបានបញ្ជូនបន្តទៅកាន់ព្រះរាជអជ្ញា ដើម្បីបន្តនីតិវិធីឡើងតុលាការកាលពីថ្ងៃទី ១៧ ខែមីនា ២០២១នេះហើយ។

ជនសង្ស័យនេះ ត្រូវបានប៉ូលីសផ្តល់អត្តសញ្ញាញថាឈ្មោះ ផាក អាយុ ៣៧ឆ្នាំ ហើយកន្លងមកអស់ជាច្រើនខែមកហើយ បានប៉ុនប៉ងដោយចេតនាមកធ្វើសកម្មភាពមិនគួរគប្បីនេះនៅក្នុងទីតាំងដដែល ពេលវេលាដដែល (ប្រហែលពីម៉ោង៣ ដល់ម៉ោង ៦ព្រឹក) និងនៅចំពោះមុខជនរងគ្រោះជានារីជនជាតិរុស្ស៊ី ជាអ្នកគិតលុយវេនយប់នៅក្នុងម៉ាតកន្លែងកើតហេតុនោះដដែលផងដែរ។

ករណីនេះត្រូវបានម្ចាស់ហាងម៉ាតនេះ រាយការណ៍ជូនដល់ប៉ូលីស តាមរយៈវីដេអូកាំមេរ៉ាសុវត្ថិភាពក្នុងហាង ដែលបានបង្ហាញពីសកម្មភាពបុរសនេះយ៉ាងច្បាស់ទាំងស្រុង។ តាមរយៈវីដេអូនោះ បុរសជាជនសង្ស័យនេះបានដើរចូលទៅក្នុងហាង ដោយពាក់អាវធំរុំពីក្រៅពណ៌ខ្មៅ ឬក្រហម ជាមួយនឹងសំពត់ខ្លី និងឈុតខោអាវក្នុងស្រី្ត នៅខាងក្នុង ហើយបន្លំជាចូលមកទិញឥវ៉ាន់ក្នុងហាងនេះ នៅចំវេនធ្វើការយប់របស់បុគ្គលិកស្រ្តីដដែលនោះ។ នៅពេលដែលគ្មានអតិថិជនដទៃទៀតនៅក្នុងហាង បុរសជនសង្ស័យចាប់ផ្តើមសកម្មភាពដោះអាវធំក្រៅចេញ ដើម្បីបង្ហាញខ្លួនស្រាតជាមួយនឹងខោអាវក្នុងស្រ្តីដែលខ្លួនបានស្លៀកនោះ ហើយដើរទៅកាន់បុគ្គលិកស្រ្តីនោះ និងបង់ប្រាក់លើឥវ៉ាន់ដែលខ្លួនបានទិញ ហើយក៏ដើរចេញទៅធម្មតា។

បើតា​មការរៀបរាប់របស់ម្ចាស់ហាង គឺខ្លួនបានដឹងហេតុការណ៍នេះក្រោយពីបុគ្គលិកស្រ្តីដែលរងគ្រោះ ក្រោយពីជួបប្រទះនូវហេតុការណ៍នេះដដែលជាច្រើនដង ក៏បានរាយការណ៍ ហើយបើតាមការបញ្ជាក់គឺបុរសសង្ស័យនេះ ធ្លាប់បានធ្វើសកម្មភាពអសីលធម៌នេះដដែលៗរហូតដល់ទៅជាង ៣០ដងឯណោះ ចាប់តាំងពីខែធ្នូ ឆ្នាំមុនមក រហូតដល់ពេលឃាត់ខ្លួន។

នៅថ្ងៃទី១១ មីនា ២០២១ ជាថ្ងៃដែលត្រូវឃាត់ខ្លួន គឹប៉ូលីសបានមកឆ្មក់ចាំបុរសរូបនេះនៅមុខទីតាំងម៉ាត រហូតដល់ឃើញមុខសញ្ញាទើបចាប់ខ្លួនបុរសសង្ស័យរូបនេះនៅនឹងទីតាំង ដែលតាមការបញ្ជាក់ក្នុងសារព័ត៌មាន Korean daily Chosun Ilbo បុរសសង្ស័យរូបនោះ នៅពេលឃាត់ខ្លួនមានអាការៈញ័រ និងភ័យខ្លាចជាខ្លាំង និងមិនអាចនិយាយចេញសូម្បីមួយម៉ាត់។

បើតាមការវិភាគពីសំណាក់អ្នកជំនាញចិត្តវិទ្យា ដែលសិក្សាទៅលើអាកប្បកិរិយា និងសកម្មភាពរបស់ជនសង្ស័យបានបញ្ជាក់ថាជនសង្ស័យអាចមានអាការៈរោគចិត្តពាក់ព័ន្ធចំណង់ផ្លូវភេទ (sexual perversion) ជាអាការៈមួយប្រភេទដែលនាំឱ្យគាត់មានអារម្មណ៍រំភើបផ្លូវភេទ នៅពេលដែលឃើញអ្នកដទៃភ័យខ្លាច និងភ្ញាក់ផ្អើលខ្លាំងទៅនឹងសកម្មភាពរបស់ខ្លួន។

បុគ្គលិកជាស្រ្តីរងគ្រោះ ព្យាយាមដើរគេចចេញពីបុរសជនសង្ស័យខាងលើ

 

Leave a Reply

Your email address will not be published. Required fields are marked *