កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ត្រូវបានទទួលកិត្តិយសជ្រើសរើស និងទទួលស្គាល់ជាតំណាងស្ថានទូតដែលមានកិច្ចស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការផ្នែកការទូតវប្បធម៌រវាងប្រទេសកម្ពុជា និងកូរ៉េ តាមរយៈសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ នេះបើតាមការចែករំលែកនារសៀលថ្ងៃព្រហស្បត្តិ៍នេះក្នុងទំព័រស្ថានទូតផ្ទាល់។
ពានរង្វាន់ និងការទទួលស្គាល់ដែលមានត្រូវបានសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ ដាក់ប្រសិទ្ធនាមថា “ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១” នេះត្រូវបានប្រគល់ជូនដល់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងកិច្ចការងារ បេសកកម្មដ៏ថ្លៃថ្លារបស់លោកឯកអគ្គរាជទូត ក្រុមការងារ និងស្ថានទូតទាំងមូល ក្នុងការពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងកូរ៉េ និងកម្ពុជានៅក្នុងអាណត្តិបេសកកម្មការទូតដ៏ថ្លៃថ្លារបស់លោកទូត។
ក្នុងនោះដែរ ស្ថានទូតបានគូសបញ្ជាក់ថា កិច្ចការងារការទូតវប្បធម៌ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាគោលនយោបាយអាទិភាពមួយក្នុងចង្កោមការទូតសេដ្ឋកិច្ច ដែលកម្ពុជាត្រូវបង្ហាញឲ្យគេបានស្គាល់នូវអត្តសញ្ញាណជាតិរបស់ខ្លួន បើកចំហរទទួលនូវពហុវប្បធម៌ ដើម្បីពង្រីកការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ជាមួយពិភពលោក។
យើងទាំងអស់គ្នាជាពលរដ្ឋខ្មែរនៅក្នុងទឹកដីកូរ៉េ ពិតជាមោទនភាព និងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ត្រី និងបុគ្គលិកស្ថានទូតកម្ពុជានៅសេអ៊ូលគ្រប់រូប ហើយសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងទាំងអស់នៅពេលបច្ចុប្បន្ន និងទៅពេលអនាគតក្នុងបេសកកម្មការទូតរបស់ស្ថានទូត នឹងជួយឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងបម្រើឱ្យប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាគ្រប់ៗរូប។