កូរ៉េខាងត្បូង៖ ក្រុមហ៊ុនដឹកជញ្ជូន និងលក់ទំនិញអនឡាញដ៏ធំរបស់កូរ៉េខាងត្បូង Coupang Inc. បានចេញមុខបញ្ជាក់លើករណីបុគ្គលិករបស់ខ្លួនម្នាក់ទៀតដែលបានបាត់បង់ជីវិតកាលពីថ្ងៃពុធម្សិលមិញនេះ គឺដោយសារតែបញ្ហាសុខភាពបេះដូង ហើយបុគ្គលិកដែលបានបាត់បង់ជីវិតរូបនេះ ទើបនឹងចូលមកធ្វើការនៅក្នុងក្រុមហ៊ុនបានពីថ្ងៃប៉ុណ្ណោះ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
បុគ្គលិកអ្នកដឹកជញ្ជូនរបស់ក្រុមហ៊ុន Coupang ដែលបានបាត់បង់ជីវិតកាលពីថ្ងៃពុធម្សិលមិញនេះ មានអាយុ៤៣ឆ្នាំ ហើយត្រូវបានគេរកឃើញបាត់បង់ស្មារតីនៅក្នុងគេហដ្ឋានរបស់ខ្លួននៅក្នុងក្រុងអ៊ីនឆន់ កាលពីម៉ោង ១២:៥៧ នាទីថ្ងៃត្រង់កាលពីថ្ងៃពុធ និងបានបាត់បង់ជីវិតពេលដែលកំពុងដឹកទៅមន្ទីរពេទ្យ។ ករណីបាត់បង់ជីវិតនេះ នាំឱ្យមានការសន្និដ្ឋានភ្លាមៗពីមហាជនថាជាករណីថ្មី ពាក់ព័ន្ធទៅនឹងការបាត់បង់ជីវិតក្នុងការងាររបស់អ្នកធ្វើការងារដឹកជញ្ជូន ដោយសារតែការធ្វើការងារហួសកម្លាំង ដែលក្នុងឆ្នាំ២០២០ កន្លងទៅមានករណីពាក់ព័ន្ធដូចគ្នានេះដល់ទៅ ១៦ករណីផងដែរ។
យ៉ាងណាមិញ ក្រុមហ៊ុន Coupang បានចេញសេចក្តីថ្លែងការណ៍ថាបុគ្គលិកដឹកជញ្ជូនរូបនេះ ទើបនឹងបម្រើការងាររបស់ខ្លួនបាន២ថ្ងៃប៉ុណ្ណោះ ខណៈដែលបុគ្គលិកនេះបានកំពុងពិនិត្យតាមដានសុខភាពផ្ទាល់ខ្លួនរបស់គាត់ពាក់ព័ន្ធបញ្ហាបេះដូងផងដែរ ក្រោយពីមានបង្ហាញសញ្ញាមិនប្រក្រតីនៃបញ្ហាទាក់ទងនឹងបេះដូងកាលពីលទ្ធផលនៃការពិនិត្យសុខភាពរបស់ខ្លួនកន្លងមក។ ក្រុមហ៊ុនបានលើកឡើងទៀតថា បុគ្គលិករូបនេះចាប់ផ្តើមការងារដឹកជញ្ជូនផ្ទាល់ ក្រោយពីបានជ្រើសរើសឱ្យចូលធ្វើការ និងបានបញ្ចប់វគ្គសិក្សាត្រៀមមួយសប្តាហ៍មុនហើយប៉ុណ្ណោះ ហើយជាទូទៅបុគ្គលិកថ្មីតែងត្រូវទទួលបានការងារដឹកជញ្ជូនតិចជាង បុគ្គលិកដែលមានបទពិសោធន៍ផងដែរ ដែលក្នុងករណីនេះ ក្រុមហ៊ុនបានធ្វើការច្រានចោលការសន្និដ្ឋានដែលថា ករណីបាត់បង់ជីវិតរបស់គាត់ពាក់ព័ន្ធនឹងការធ្វើការហួសកម្លាំង។
ទោះជាមានសេចក្តីថ្លែងការណ៍ ក្រុមការងារប៉ូលីសក៏បានបើកការស៊ើបអង្កេតលើករណីបាត់បង់ជីវិតនេះ ហើយបានកំពុងសាកសួរនាំព័ត៌មានពីបណ្តាអ្នកពាក់ព័ន្ធទាំងភាគីក្រុមហ៊ុន និងភាគីគ្រួសារសព រួមនឹងអ្នកពាក់ព័ន្ធដទៃទៀត។ ប៉ូលីសបានលើកឡើងថាមិនមានរកឃើញស្លាកស្នាមរបួសខាងក្រៅណាមួយលើសាកសពនោះទេ ហើយបុគ្គលិកខាងលើនេះបានដួលសន្លប់ប្រហែល ៥០ម៉ែត្រប៉ុណ្ណោះ ដើរផុតពីយានយន្តដឹកជញ្ជូនរបស់ខ្លួន។
ក្នុងករណីមួយដោយឡែកទៀត មានករណីបុគ្គលិកដឹកជញ្ជូនពីក្រុមហ៊ុនធំមួយទៀត CJ Logistics Co. បានសន្លប់បាត់ស្មារតី ក្នុងករណីដែលគេសនិដ្ឋានថាជាការដាច់សរសៃឈាមខួរក្បាល នៅក្នុងផ្ទះរបស់ខ្លួនកាលពីថ្ងៃពុធដូចគ្នាដែរ។ ហើយបើតាមការលើកឡើងរបស់ក្រុមអ្នកការពារសិទ្ធអ្នកដឹកជញ្ជូន បានឱ្យដឹងថា បុរសរូបនេះធ្វើការ១២ម៉ោង ក្នុងមួយថ្ងៃ ៦ថ្ងៃក្នុងមួយសប្តាហ៍ ហើយដឹកជញ្ជូនទំនិញពី ២០០ ទៅ២៥០កញ្ចប់ក្នុងមួយថ្ងៃ និងពី ៥៥០០ ទៅ៦០០០ កញ្ចប់ក្នុងមួយខែ ហើយធ្វើដំណើរមួយថ្ងៃៗជាង១០០គីឡូម៉ែត្រ។