កូរ៉េខាងជើងបង្ហោះកាំជ្រួចបាលីស្ទីក ២ គ្រាប់បន្ថែមទៀត ទៅក្នុងសមុទ្រ ខណៈសហរដ្ឋអាម៉េរិកឥឡូវកំពុងពិនិត្យគោលនយោបាយខ្លួន ជាមួយកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ នៅថ្ងៃព្រហស្បត្តិ៍នេះ ប្រភពពីសេនាធិការរបស់កូរ៉េខាងត្បូងបានបញ្ជាក់ឱ្យដឹងថា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចបាលីស្ទីកមីស៊ីលរយៈចម្ងាយខ្លីពីរគ្រាប់ទៅក្នុងសមុទ្រខាងកើត (East Sea) ជាការបាញ់បង្ហោះជាថ្មី ក្រោយពីថ្ងៃអាទិត្យកន្លងទៅ កូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់កាំជ្រួចគ្រូសមីស៊ីល ២ គ្រាប់ផងដែរនោះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

គ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងនេះ ត្រូវបានបាញ់បង្ហោះចេញពីក្រុងហាមជូ (Hamju) នៃខេត្តហាមយ៉ុងភាគខាងត្បូង (South Hamyong) នៃប្រទេសកូរ៉េខាងជើង នៅវេលាម៉ោង ៧:០៦ និង ៧:២៥ នាទីព្រឹក (ម៉ោងនៅកូរ៉េ) និងបានហោះរយៈចម្ងាយ៤៥០គីឡូម៉ែត្រ នៅកម្ពស់៦០គីឡូម៉ែត្រ នេះបើតាមការបញ្ជាក់របស់សេនាធិការរួមរបស់កូរ៉េខាងត្បូង (JCS)។ ក្នុងព្រឹត្តិការណ៍បាញ់បង្ហោះថ្មីនេះ អជ្ញាធរចារកិច្ចនៃប្រទេសកូរ៉េខាងត្បូង រួមនឹងសម្ព័ន្ធមិត្តសហរដ្ឋអាម៉េរិកកំពុងបន្តវិភាគលើប្រភេទនៃគ្រាប់ដែលបានបាញ់ចេញនេះ ហើយការសន្និដ្ឋានបឋមឥឡូវនេះគឺអាចជាគ្រាប់កាំជ្រួចបាលីស្ទីកមីស៊ីលរយៈចម្ងាយ។

អជ្ញាធរកូរ៉េខាងត្បូងមិនទាន់ទទួលបានព័ត៌មានចារកិច្ចមកថាតើប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅពិនិត្យការបាញ់បង្ហោះគ្រាប់មីស៊ីលនេះដោយផ្ទាល់ដែរ ឬយ៉ាងណានោះទេ។ កន្លងមក កូរ៉េខាងជើងបាញ់បង្ហោះប្រភេទគ្រាប់កាំជ្រួចបាលីស្ទីក ក្នុងខែមីនា កាលពីឆ្នាំ២០២០។

ក្នុងស្ថានការណ៍បច្ចុប្បន្ន កងកម្លាំងយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថាខ្លួនបានត្រៀមខ្លួនជានិច្ច និងរួចជាស្រេចប្រសិនបើកូរ៉េខាងជើងចង់បន្តនូវសកម្មភាពរបស់ខ្លួនបន្ថែមទៀត ទោះក្នុងកម្រិតណាក៏ដោយ ហើយកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើចេនារបស់រដ្ឋកូរ៉េខាងជើងមួយនេះ។ ក្នុងនោះដែរ កូរ៉េខាងត្បូងបានកោះប្រជុំសន្តិសុខបន្ទាន់មួយផងដែរនៅវិមានប្រធានាធិបតី ដោយបានចេញសេចក្តីថ្លែងការណ៍បង្ហាញពីការបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពថ្មីចុងក្រោយរបស់កូរ៉េខាងជើងនេះ។

យ៉ាងណាមិញ ក្រោមគោលការណ៍អន្តរជាតិ ការបាញ់បង្ហោះកាំជ្រួចបាលីស្ទីកមីស៊ីលគឺល្មើសទៅនឹងសេចក្តីថ្លែងការណ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើទោះបីជាកន្លងមកតាំងពីឆ្នាំ២០១៧ កូរ៉េខាងជើងបានប្រកាសមិនទទួលស្គាល់លើសេចក្តីថ្លែងការណ៍នេះ។ គេមិនទាន់ឃើញប្រតិកម្មផ្លូវការណាមួយពីសំណាក់រដ្ឋបាលសហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែយោធាអាម៉េរិកបានបញ្ជាក់ថាការបាញ់បង្ហោះនេះ ជាការគំរាមមកលើសន្តិសុខតំបន់។

នេះជាការបាញ់បង្ហោះគ្រាប់មីស៊ីលលើកទី២ហើយ ក្នុងរយៈពេល៤ថ្ងៃចុងក្រោយ ដែលកាលពីថ្ងៃអាទិត្យកន្លងមកកូរ៉េខាងជើងបានបាញ់បង្ហោះគ្រាប់កាំជ្រួចគ្រូសមីស៊ីល ២ គ្រាប់ តែចំពោះការបាញ់បង្ហោះគ្រាប់កាំជ្រួចគ្រូសមីស៊ីលនោះ ត្រូវបានប្រធានាធិបតីសហរដ្ឋអាម៉េរិកចាត់ទុកកាលពីម្សិលមិញនេះថាគ្រាន់ជាការបាញ់បង្ហោះធ្វើតេស្តធម្មតា និងមិនមានជាបញ្ហាចោទអ្វីនោះទេ។

ដូចនេះ ការបាញ់បង្ហោះគ្រាប់បាលីស្ទីកមីស៊ីលនៅថ្ងៃនេះ អាចជាការបង្ហាញចេតនារបស់កូរ៉េខាងជើង ក្នុងការដាក់សម្ពាធឱ្យរដ្ឋបាលប្រធានាធិបតី ចូ បៃឌិន ងាកមករកតុចរចា ឬឱ្យតម្លៃលើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង ដើម្បីអាចរក្សាសន្តិភាពក្នុងតំបន់ឧបទ្វីបកូរ៉េបាន។ អ្នកជំនាញលើកឡើងថា ការបាញ់បង្ហោះនេះវាស្របទៅនឹងស្ថានការណ៍បច្ចុប្បន្នដែលរដ្ឋបាលថ្មីរបស់ប្រធានាធិបតី ចូ បៃឌិន កំពុងរៀបចំពិនិត្យឡើងវិញលើគោលនយោបាយរបស់ខ្លួនជាមួយកូរ៉េខាងជើង។

​សូមបញ្ជាក់ថា គ្រាប់កាំជ្រួចបាលីស្ទីកមីស៊ីលនេះ មានលក្ខណៈទំនើប និងគ្រោះថ្នាក់ជាងគ្រាប់កាំជ្រួចគ្រូសមីស៊ីល ដោយសារកាំជ្រួចបាលីស្ទីកទំហំដូចគ្នា អាចបាញ់បានល្បឿនលឿនជាង និងអាចមានផ្ទុកនូវក្បាលគ្រាប់អាវុធនុយក្លេអ៊ែរផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *