តំណាងពលករបរទេស តវ៉ារដ្ឋាភិបាលកូរ៉េ ឱ្យកែប្រែលក្ខខណ្ឌការងារវិស័យដឹកទំនិញ ឱ្យបានប្រសើរសិន មុននឹងកែច្បាប់ឱ្យពលករបរទេសធ្វើការក្នុងវិស័យនេះ

កូរ៉េខាងត្បូង៖ សហជីពតំណាងពលករបរទេសនៅកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ បានចេញសេចក្តីអំពាវនាវដល់រដ្ឋាភិបាលកូរ៉េឱ្យសម្រួលលើស្ថានភាពការងារក្នុងឧស្សាហកម្មរៀបទំនិញសម្រាប់ការដឹកជញ្ជូនជាមុនសិន មុននឹងចាប់ផ្តើមនីតិវិធីអនុញ្ញាតឱ្យពលករបរទេសអាចធ្វើការបានក្នុងវិស័យមួយនេះ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ការចេញសេចក្តីអំពាវនាវនេះធ្វើឡើងក្រោយពីពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងនឹងធ្វើវិសោធនកម្ម (កែប្រែច្បាប់) សម្រាប់ឱ្យពលករបរទេសកាន់វីសា H-2 អាចចូលបំពេញការងារក្នុងវិស័យថ្មីមួយចំនួន រួមមានទាំងវិស័យដឹកជញ្ជូននេះផងដែរ  ខណៈដែលមានការលើកឡើងភ្លាមៗបារម្ភពីលក្ខខណ្ឌការងារលំបាកខ្លាំង និងខ្វះខាងក្នុងវិស័យដឹកជញ្ជូននេះ។

តាមការអំពាវនាវក្នុងសេចក្តីប្រកាសរបស់សហជីពពាណិជ្ជកម្មពលករបរទេស (MTU) ដោយលោកប្រធានសហជីព Udaya Rai បានលើកឡើងថា ការរៀបចំទំនិញ និងលើកដាក់ទំនិញក្នុងវិស័យដឹកជញ្ជូននេះជាការងារធ្ងន់ធ្ងរ និងមានភាពលំបាកខ្លាំងជាងគេក្នុងវិស័យឡូជីស្ទីក ហើយការដែលកែប្រែច្បាប់ភ្លាមៗអនុញ្ញាតឱ្យពលករបរទេសចូលធ្វើការក្នុងវិស័យនេះ ក្នុងលក្ខខណ្ឌការងារបច្ចុប្បន្នេះប្រៀបបានទៅនឹងការផ្ទេរការងារគ្រោះថ្នាក់មកឱ្យពលករបរទេស “outsourcing of hazards”។ ដូចនេះ ដើម្បីសម្រួលដល់លក្ខខណ្ឌការងារសម្រាប់ពលករបរទេសដែលអាចនឹងចូលរួមបម្រើការងារក្នុងវិស័យនេះនាពេលខាងមុខ រដ្ឋាភិបាលគួររៀបចំកែសម្រួល និងកែលម្អលក្ខខណ្ឌការងារក្នុងវិស័យនេះជាមុនសិន។

ការតវ៉ាពីសំណាក់អ្នកតំណាងក្រុមអ្នកធ្វើការងារដឹកជញ្ជូន ដើម្បីកែលម្អលក្ខខណ្ឌការងារឡើងវិញ

កាលពីថ្ងៃចន្ទកន្លងទៅនេះ ស្ថាប័នតំណាងឱ្យពលករក្នុងស្រុក ចំនួន៩ស្ថាប័នក៏បានចេញសេចក្តីថ្លែងការណ៍ក្នុងន័យប្រហាក់ប្រហែលគ្នានេះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅនេះ ក្រសួងយុត្តិធម៌បានប្រកាសថាគ្រោងនឹងធ្វើការកែសម្រួលលើច្បាប់ការងារ និងពលករបរទេស​ ដើម្បីអនុញ្ញាតឱ្យពលករបរទេសកាន់វីសា H-2 អាចធ្វើការបានក្នុងវិស័យឡូជីស្ទីក និងដឹកជញ្ជូនឥវ៉ាន់នេះ ក្នុងចំណោមវិស័យបន្ថែមមួយចំនួនទៀត។ ការបន្ថែមឱ្យពលករបរទេសអាចធ្វើការក្នុងវិស័យទាំងនេះ ដោយសារតែកូរ៉េខាងត្បូងមានបញ្ហាខ្វះខាតកម្លាំងពលកម្ម ខណៈមានការកើនឡើងនូវតម្រូវការក្នុងវិស័យឡូជីស្ទីក និងដឹកជញ្ជូននេះជាពិសេសក្នុងបរិការណ៍នៃជំងឺកូវីដនេះតែម្តង។

យ៉ាងណាមិញ វិស័យនេះត្រូវទទួលការរិះគន់ថាមាននូវលក្ខខណ្ឌការងារអាក្រក់ និងមានបន្ទុកការងារសម្រាប់អ្នកធ្វើការលើសកម្រិតដែលកន្លងមកក្នុងឆ្នាំ២០២០នេះ មានអ្នកដឹកជញ្ជូនដល់ទៅ១៦នាក់ ត្រូវបានសន្និដ្ឋានថាបាត់បង់ជីវិតដោយសារតែបន្ទុកការងារច្រើនហួសហេតុពេក។

តាមការបញ្ជាក់មក អ្នកដឹកជញ្ជូនទូទៅធ្វើការជាមធ្យម ៧១ម៉ោង និង១៨នាទី ក្នុងមួយសប្តាហ៍ ហើយចំណាយពេលត្រឹមតែ១២នាទី និង១២វិនាទីប៉ុណ្ណោះសម្រាប់សម្រាកទទួលទានអាហារជារៀងរាល់ថ្ងៃ បើតាមលទ្ធផលនៃការធ្វើសម្រង់មតិមួយលើអ្នកធ្វើការដឹកជញ្ជូនដល់ទៅ ១,៣៤១នាក់ កាលពីខែវិច្ឆិកាកន្លងទៅ។

Leave a Reply

Your email address will not be published. Required fields are marked *