នាយករដ្ឋមន្ត្រីកូរ៉េ ណែនាំអជ្ញាធរខ្លួនឱ្យប្រុងប្រយ័ត្ន និងមានវិធានការចំាបាច់ បង្ការការឆ្លងរលកកូវីដថ្មី អំឡុងពេលបោះឆ្នោតចៅហ្វាយក្រុងខាងមុខ

កូរ៉េខាងត្បូង៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងអំពាវនាវឱ្យអជ្ញាធរសុខាភិបាលរបស់ខ្លួនត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីទប់ស្កាត់ហានិភ័យនៃការផ្ទុះរលកកូរ៉ូណាថ្មីទៀត ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុងនាខែមេសាខាងមុខនេះ បើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

ការប្រកាសរបស់នាយករដ្ឋមន្ត្រីបែបនេះ គឺដើម្បីឱ្យអជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ការរៀបចំការបោះឆ្នោតចៅហ្វាយក្រុងធំៗពីរនាថ្ងៃទី៧ ​ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។ ការបោះឆ្នោតចៅហ្វាយក្រុងដែលនឹងខិតចូលមកដល់នេះ គឺសម្រាប់ទីក្រុងធំៗជាងគេ២នៅក្នុងប្រទេស គឺទីក្រុងសេអ៊ូល និងទីក្រុងប៊ូសាន ដែលក្រៅពីជ្រើសរើសចៅហ្វាយក្រុង ក៏នៅមានតំណែងសម្រាប់រដ្ឋបាលថ្នាក់ក្រោម និងតំណែងក្រុមប្រឹក្សានៅទីក្រុងទាំងពីរនេះផងដែរ ដែលទាំងអស់មាន ២១តំណែងដែលត្រូវប្រកួតប្រជែងតាមការបោះឆ្នោតនេះ។

សម្រាប់តំណែងចៅហ្វាយក្រុងទាំងពីរគឺសុទ្ធតែទំនេរទាំងអស់ ដោយចៅហ្វាយក្រុងសេអ៊ូលចាស់ត្រូវបានរកឃើញក្នុងករណីដែលគេសន្និដ្ឋានថាជាការធ្វើអត្តឃាតកាលពីខែកក្កដា ឆ្នាំ២០២០ ក្រោយមានការពាក់ព័ន្ធនឹងករណីបំពានផ្លូវភេទលើមន្ត្រីរបស់ខ្លួន ចំណែកឯតំណែងចៅហ្វាយក្រុងប៊ូសាន គឺទំនេរដូចគ្នា ក្រោយពីចៅហ្វាយក្រុងចាស់បានស្នើសុំលាលែងពីតំណែង ក្នុងករណីរងការចោទប្រកាន់ដូចគ្នាពីបទបំពានផ្លូវភេទកាលពីខែមេសាកន្លងទៅ។

ក្នុងការត្រៀមរៀបចំការបោះឆ្នោតនេះ លោកនាយករដ្ឋមន្ត្រី ឈុង ស៊ីឃ្យ៉ុន (Chung Sye-kyun) បានណែនាំដល់មន្ត្រីសុខាភិបាលមិនឱ្យមានការធ្វេសប្រហែលនោះឡើយ បើទោះបីជាការបោះឆ្នោតមានលក្ខណៈទ្រង់ទ្រាយតូចក៏ដោយ ជាពិសេសត្រូវរៀនសូត្រ និងអនុវត្តឱ្យបានជោគជ័យដូចគ្នាទៅនឹងលទ្ធផលនៃការអនុវត្តយ៉ាងប្រសើរកាលពីអំឡុងការបោះឆ្នោតរដ្ឋសភាទូទាំងប្រទេសកាលពីឆ្នាំ២០២០កន្លងទៅ ខណៈដែលពេលនោះប្រទេសកូរ៉េខាងត្បូងក៏កំពុងរងគ្រោះដោយសាររលកនៃជំងឺកូវីដដូចគ្នាដែរ។

យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងការបោះឆ្នោតកាលពីឆ្នាំ២០២០កន្លងទៅ ចំនួនករណីឆ្លងប្រចាំថ្ងៃកាលនោះមានត្រឹមប្រហែល ២០នាក់ជាងប៉ុណ្ណោះ ខណៈដែលស្ថានការណ៍បច្ចុប្បន្ននេះ ករណីឆ្លងប្រចាំថ្ងៃមានប្រហែលដល់ជាង ៤០០ករណីជាប្រចាំឯណោះ ដែលនេះជាចំណុចត្រូវប្រុងប្រយ័ត្នឱ្យបានខ្លាំងជាទីបំផុត។

ក្នុងនោះដែរ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវជាថ្មីផងដែរ ឱ្យប្រជាជនទាំងអស់មានជំនឿចិត្តលើរដ្ឋាភិបាលក្នុងការផ្តល់វ៉ាក់សាំងកូវីដជូនប្រជាជនខ្លួន ដើម្បីការពារពីការបន្តចម្លងមេរោគនេះទៀត។ បើតាមការគ្រោងទុកក្នុងផែនការមេនៃកម្មវិធីផ្តល់វ៉ាក់សាំង កូរ៉េខាងត្បូងគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនខ្លួនឱ្យបានដល់ ១២លាននាក់ត្រឹមចុងខែមិថុនាខាងមុខ ហើយសង្ឃឹមថានឹងអាចបង្កើតប្រព័ន្ធភាពស៊ាំពីមេរោគកូរ៉ូណានេះក្នុងប្រទេសទាំងមូលឱ្យបានត្រឹមខែវិច្ឆិកាចុងឆ្នាំ២០២១នេះ។

Leave a Reply

Your email address will not be published. Required fields are marked *