កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចគ្រូសមីស៊ីលចំនួន២គ្រាប់ ចេញពីឆ្នេរភាគខាងលិចប្រទេសខ្លួនកាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ជាការបាញ់បង្ហោះសាកល្បងនូវគ្រាប់មីស៊ីលរបស់ខ្លួនលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំចុងក្រោយ និងលើកដំបូងបង្អស់ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាម៉េរិកថ្មីឡើងកាន់តំណែង នេះបើតាមប្រភពនៃយោធាកូរ៉េខាងត្បូងបានបញ្ចេញព័ត៌មាន ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមប្រភពនៃយោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ប្រភេទកាំជ្រួចដែលកូរ៉េខាងជើងបានបាញ់បង្ហោះចេញនោះគឺប្រភេទកាំជ្រួចគ្រូសមីស៊ីល (Cruise Missiles) មិនមែនជាប្រភេទកាំជ្រួចបាលីស្ទីកមីស៊ីល (Ballistic Missiles) នោះទេ ដែលកាំជ្រួចបាញ់ចេញសាកល្បងរបស់កូរ៉េខាងជើងនោះត្រូវបានចាប់ជាប់ក្នុងរ៉ាដាកូរ៉េខាងត្បូង។ យ៉ាងណាក៏ដោយ គេមិនទាន់អាចកំណត់បានពីប្រភេទ និងម៉ូដែលជាក់លាក់នៃកាំជ្រួចគ្រូសមីស៊ីលនេះនៅឡើយទេ។
តាមប្រភពដដែលបញ្ជាក់ថា ប្រសិនបើព័ត៌មាននេះជាការពិត ការបាញ់បង្ហោះនេះជាការបាញ់បង្ហោះកាំជ្រួចលើកដំបូងរបស់កូរ៉េខាងជើងចាប់តាំងពីខែមេសា ឆ្នាំ២០២០មក ដែលកាលនោះកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចគ្រូសមីស៊ីលរយៈចម្ងាយខ្លីទៅក្នុងសមុទ្រខាងកើត (East Sea) និងជាការបាញ់បង្ហោះលើកដំបូងក្នុងរដ្ឋបាលនៃលោក ចូ បៃឌិន ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិក។
ខុសពីកាំជ្រួចបាលីស្ទីកមីស៊ីល ប្រភេទកាំជ្រួចគ្រូសមីស៊ីលនេះមិនត្រូវបានហាមឃាត់ដោយសេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ហើយមន្ត្រីជាន់ខ្ពស់អាម៉េរិកដែលតាមដានលម្អិតលើករណីនេះជាមួយដៃគូកូរ៉េខាងត្បូងក៏បានបញ្ជាក់ថា ការធ្វើតេស្តរបស់កូរ៉េខាងជើងមិនល្មើសទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនោះឡើយ។

គេសង្កេតឃើញថាការធ្វើតេស្តនេះ គឺកើតឡើងក្រោយពេលរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកបានទស្សនកិច្ចមកកាន់ប្រទេសកូរ៉េខាងត្បូង និងបានព្រមព្រៀងជាមួយដៃគូកូរ៉េខាងត្បូងលើការសហការគ្នាឈានទៅកាន់ការដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងជាបញ្ហាអាទិភាពកំពូល។
ការបាញ់នេះកើតឡើង ប៉ុន្មានថ្ងៃក្រោយពីកូរ៉េខាងត្បូង និងអាម៉េរិកកាលពីប៉ុន្មានថ្ងៃចុងក្រោយនេះបានកំពុងធ្វើសមយុទ្ធយោធារួមគ្នាមួយរយៈពេល ៩ថ្ងៃដល់ថ្ងៃព្រហស្បត្តិ៍ផងដែរនោះ។ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកដែលសុទ្ធជាសត្រូវកូរ៉េខាងជើងនេះ កន្លងមកកូរ៉េខាងជើងបានតវ៉ាយ៉ាងខ្លាំង និងគំរាមរំសាយចោលទាំងអស់នូវកិច្ចព្រមព្រៀងអន្តរទ្វីបកូរ៉េដែលមានកន្លងមកផងដែរ។
សូមបញ្ជាក់ថា ការចេញព័ត៌មានអំពីការបាញ់បង្ហោះកាំជ្រួចគ្រូសមីស៊ីលរបស់កូរ៉េខាងជើង នេះគឺត្រូវបានចេញយឺតជាងព្រឹត្តិការណ៍ជាក់ស្តែងដល់ទៅ ៣ថ្ងៃមកហើយ ដោយសារតែសេនានុព័ន្ធយោធារួមកូរ៉េខាងត្បូង (JCS) បញ្ជាក់ថាខ្លួនមិនចេញព័ត៌មានពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលកូរ៉េខាងជើងឡើយ បើមិនមែនជាការបាញ់បង្ហោះគ្រាប់បាលីស្ទីកមីស៊ីលនោះ។
