កូរ៉េខាងត្បូង៖ ប៉ូលីសកូរ៉េខាងត្បូងកំពុងបើកការស៊ើបអង្កេតលើករណីជនសង្ស័យជាបុរសម្នាក់ ដែលបានជះកាហ្វេក្តៅដោយចេតនាលើស្ត្រីជាច្រើននាក់នៅលើដងផ្លូវសាធារណៈ ដោយសង្ស័យថាជាករណីរើសអើងស្អប់ស្រ្តី នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
ករណីនេះកើតឡើងនៅក្នុងទីក្រុងឆាងវ៉ុន ប្រមាណ៤០០គីឡូម៉ែត្រពីក្រុងសេអ៊ូល ដែលកន្លងមកនេះបុរសម្នាក់ត្រូវបានគេរាយការណ៍ថាបានជិះកង់ និងបានជះកាហ្វេក្តៅលើស្រ្តីចំនួន ៦ នាក់ជាបន្តបន្ទាប់ ខណៈដែលស្រ្តីរងគ្រោះទាំងនោះកំពុងឈរតែម្នាក់ឯងនៅចំណតឡានក្រុង ឬនៅតាមបង់អង្គុយសាធារណៈ នាពេលយប់ចាប់ពីថ្ងៃទី ៩ ដល់២១ ខែមីនា កន្លងមក។
ក្នុងករណីនេះ ប៉ូលីសបានលើកឡើងថាកំពុងបន្តតាមដានសកម្មភាពតាមរយៈវីដេអូកាម៉េរាតាមដងផ្លូវ ដើម្បីអាចកំណត់ភិនភាគ និងអត្តសញ្ញាណជនសង្ស័យនេះបាន ដោយប៉ូលីសបញ្ជាក់ថា ករណីរើសអើងគោលដៅប្រឆាំងស្រ្តីនេះ នឹងត្រូវតាមប្រម៉ាញ់តាមគ្រប់មធ្យោបាយពីសំណាក់អជ្ញាធរ។