កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងបន្តតាមដានដោយយកចិត្តទុកដាក់លើសកម្មភាពយោធាកូរ៉េខាងជើង ដែលហាក់មានសញ្ញាកំពុងផ្លាស់ប្តូរទីតាំងនៃកំាភ្លើងបាញ់គ្រាប់រុក្កែតរបស់ខ្លួន ទៅតំបន់កោះភាគខាងលិចជាប់ព្រំដែន នេះបើតាមការបញ្ជាក់របស់បញ្ជាការដ្ឋានរួម (JCS) របស់កូរ៉េខាងត្បូងនៅព្រឹកថ្ងៃអង្គារនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមប្រភពពីបញ្ជាការដ្ឋានរួមរបស់កូរ៉េខាងត្បូង បានលើកឡើងថាគេរកឃើញសកម្មភាពមួយចំនួននៅតាមតំបន់ព្រំដែន ដែលរដ្ឋកុំម្មុយនីស្តកូរ៉េខាងជើងបានចាប់ផ្តើមពង្រាយកំាភ្លើងបាញ់គ្រាប់រុក្កែតរបស់ខ្លួន និងសព្វាវុធដទៃទៀតនៅតាមតំបន់អន្តរព្រំដែនរវាងកូរ៉េទាំងពីរនៅប្រជុំកោះឆាងរីន (islet of Changrin) នៅព្រឹកថ្ងៃអង្គារនេះ។
អ្នកនាំពាក្យបញ្ជាការដ្ឋាន JCS កូរ៉េខាងត្បូងបានលើកឡើងថា យោធារបស់កូរ៉េខាងត្បូងបានបន្តតាមដានសកម្មភាពគួរឱ្យសង្ស័យរបស់កូរ៉េខាងជើងនេះ យ៉ាងយកចិត្តទុកដាក់គ្រប់ជំហាន ខណៈដែលក្រុមអ្នកជំនាញកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកបានបន្តសហការគ្នាជិតស្និទ្ធលើករណីនេះផងដែរ។ ក្នុងនោះដែរ កងកម្លាំងកូរ៉េខាងត្បូងត្រៀមលក្ខណៈរួចរាល់ សម្រាប់រាល់សកម្មភាពដែលកូរ៉េខាងជើងអាចនឹងចាប់ផ្តើមមុននោះ។
សូមបញ្ជាក់ថា ក្នុងសកម្មភាពប្រហាក់ប្រហែលគ្នានេះដែល កាលពីខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក កូរ៉េខាងជើងធ្លាប់ធ្វើសមយុទ្ធយោធាបាញ់គ្រាប់កាំភ្លើងធំពិតចេញពីកាំភ្លើងការពារឆ្នេរសមុទ្ររបស់ខ្លួនផងដែរ។
