ប្រធានាធិបតីកូរ៉េខាងត្បូង អញ្ជើញទទួលវ៉ាក់សាំងកូវីដ AstraZeneca សម្រាប់ក្រុមវ័យ ៦៥ឆ្នាំឡើងមុនគេ ត្រៀមទៅប្រជុំ G-7 និងបញ្ជាក់ពីសុវត្ថិភាពវ៉ាក់សាំង

កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានអញ្ជើញទទួលចាក់វ៉ាក់សាំងកូវីដ AstraZeneca របស់អង់គ្លេស ស៊ុយអែតហើយនៅព្រឹកថ្ងៃអង្គារនេះ ជាថ្ងៃដំបូងនៃការចាប់ផ្តើមចាក់វ៉ាក់សាំងនេះជូនក្រុមមនុស្សវ័យចំណាស់អាយុ៦៥ឆ្នាំឡើងទៅក្នុងប្រទេសកូរ៉េខាងត្បូង បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

លោកប្រធានាធិបតី មូន ជេអ៊ីន ជាថ្នាក់ដឹកនាំកំពូលរបស់កូរ៉េខាងត្បូង​ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងនេះមុនគេតាំងពីម៉ោង ៩ព្រឹក (ម៉ោងក្នុងស្រុក) នៅមន្ទីរពេទ្យនៅតំបន់ចុងណូ ក្នុងទីក្រុងសេអ៊ូល ក្បែរវិមានប្រធានាធិបតី ជាមួយនឹងភរិយារបស់លោក រួមនឹងមន្ត្រីជំនិតរបស់លោក ៩នាក់ទៀត ដែលនឹងត្រូវអញ្ជើញទៅចូលរួមអមដំណើររបស់លោកប្រធានាធិបតីទៅចូលរួមកិច្ចប្រជុំកំពូលក្រុម G-7 នាអំឡុងថ្ងៃទី១១ ដល់១៣ ខែមិថុនា ២០២១ខាងមុខនេះនៅអង់គ្លេស។ ការចាក់វ៉ាក់សាំងដំបូងគេជូនថ្នាក់ដឹកនាំនេះ គឺដោយសារតែហេតុផលពិសេស ដែលបណ្តាថ្នាក់ដឹកនាំត្រូវអញ្ជើញទៅចូលរួមកម្មវិធីនេះឯងដោយផ្ទាល់នៅក្រៅប្រទេស។

លោកប្រធានាធិបតីបានលើកដៃអាវរបស់ខ្លួនឡើងដើម្បីទទួលវ៉ាក់សាំង និងបាននិយាយបែបកំប្លែងជាមួយលោកគ្រូពេទ្យថា «ដោយសារលោកគ្រូពេទ្យជំនាញក្នុងការចាក់វ៉ាក់សាំង លោកមិនមានអារម្មណ៍ថាឈឺចាប់ទាល់តែសោះ»។

ការអញ្ជើញទទួលវ៉ាក់សាំងដំបូងគេនេះផងដែរ សម្រាប់ក្រុមមនុស្សវ័យចំនាស់ដែលត្រូវទទួលវ៉ាក់សាំង AstraZeneca ក៏ជាការបង្ហាញសារដល់សាធារណជនកូរ៉េផងដែរថា អាចជឿទុកចិត្តបានលើសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ បើទោះបីមានការលើកឡើងជាបន្តបន្ទាប់ពីបញ្ហាកកដុំឈាម លើអ្នកដែលបានចាក់វ៉ាក់សាំងនេះរួចរាល់កន្លងមកក៏ដោយ។

ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះកន្លងមក អជ្ញាធរសុខាភិបាលកូរ៉េបានច្រានចោលការលើកឡើងទាំងនោះ ដោយលើកឡើងថាគ្មានហេតុផលណាមួយដែលអ្នកជំនាញរកឃើញថាមានការជាប់ពាក់ព័ន្ធរវាងការចាក់វ៉ាក់សាំង និងផលប៉ះពាល់នៃការកកដុំឈាមនោះទេ ហើយកន្លងទៅការពិនិត្យរបស់និយ័តករជំនាញនៅតំបន់អឺរ៉ុបក៏បានបញ្ជាក់ថាវ៉ាក់សាំង AstraZeneca នេះមានសុវត្ថិភាព និងប្រសិទ្ធភាពផងដែរ ហើយរាល់ផលប្រយោជន៍នៃការទទួលវ៉ាក់សាំងក្នុងខណៈពេលនេះ គឺលើសលប់ប្រៀបទៅនឹងផលប៉ះពាល់តិចតួចដែលអាចកើតមានឡើងផងដែរ។

សូមបញ្ជាក់ថា វ៉ាក់សាំង AstraZeneca នេះត្រូវបានពន្យារចាក់ជូនក្រុមមនុស្សវ័យចំណាស់រយៈពេលមួយខែមកហើយចាប់តាំងពីថ្ងៃចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដំបូងក្នុងប្រទេសកូរ៉េកាលពីថ្ងៃទី២៦ ខែកុម្ភៈ ២០២១កន្លងមកដោយសារតែកង្វះទិន្នន័យមកគាំទ្រលើការចាក់វ៉ាក់សាំងជូនក្រុមមនុស្សវ័យចំណាស់នេះ។ វ៉ាក់សាំងនេះត្រូវចាក់ចំនួន ២ ដូស ដែលរយៈពេលចន្លោះសម្រាប់ដូសទីមួយ និងដូសទីពីរត្រូវការពី ៨ ទៅ១២សប្តាហ៍។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ អ្នកទទួលបានវ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូងមានដល់ ៦៨០,៥៦០នាក់ហើយ ប្រមាណ១.៣%នៃចំនួនប្រជាជនសរុប ដែលក្នុងនោះ ៦២២,៤៣៧ នាក់បានទទួលវ៉ាក់សាំង AstraZeneca និង ៥៨,១២៣នាក់បានទទួលវ៉ាក់សាំង Pfizer។

Leave a Reply

Your email address will not be published. Required fields are marked *