កូរ៉េខាងត្បូង៖ ផ្កាយរណបអង្កេតការណ៍ជំនាន់ថ្មីរបស់កូរ៉េខាងត្បូង ត្រូវបានបាញ់បង្ហោះចេញពីផែនដី និងបានចុះចតនៅក្នុងស្ថានីយ៍អវកាសដោយជោគជ័យនៅថ្ងៃចន្ទនេះហើយ បើតាមការបញ្ជាក់របស់ក្រសួងវិទ្យាសាស្រ្តកូរ៉េខាងត្បូង រាយការណ៍ផ្សាយក្នុងសារព័ត៌មាន Yonhap News។
ផ្កាយរណបទំងន់ជាងកន្លះតោន ទំហំមធ្យមម៉ូដែល CAS500 នេះបានចុះចតដោយសុវត្ថិភាពនៅនឹងស្ថានីយ៍អវកាស Svalbard Satellite Station របស់ប្រទេសណរវ៉េស ប្រមាណ១០០នាទីក្រោយពីបានផ្តាច់ខ្លួនចេញពីយានរុក្កែត Soyuz-2.1a របស់រុស្ស៊ីដែលបានបាញ់បង្ហោះចេញពីទីតាំងបាញ់បង្ហោះនៅប្រទេសកាហ្សាក់ស្ថាននៅវេលាម៉ោង ១១:០៧ នាទី (ម៉ោងក្នុងស្រុកនៃប្រទេសកាហ្សាក់ស្ថាន) បើតាមការបញ្ជាក់លម្អិតរបស់ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង។ បើតាមព័ត៌មានបន្ថែមផ្តល់ដោយវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) បានឱ្យដឹងថាផ្កាយរណបនេះបានចាប់ផ្តើមប្រតិបត្តិការហើយ ក្រោយពីបានចុះចតនៅគន្លងស្ថានីយ៍អវកាសគោលដៅនៅចន្លោះពី ៤៨៤ ទៅ ៥០៨គីឡូម៉ែត្រពីផែនដី។
ផ្កាយរណបនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធសេនស័ររូបភាពដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវកូរ៉េ ហើយប្រតិបត្តិការរបស់វានឹងផ្តោតលើការអង្កេតនៅពីលើផ្ទៃនៃភពផែនដីប្រមាណជាង ៤៩៧.៨គីឡូមែ៉ត្រ រយៈពេល៤ឆ្នាំ ហើយបើតាមការគ្រោង ផ្កាយរណបនេះនឹងអាចផ្តល់នូវវីដេអូរបស់ភពផែនដី អង្កេតពីលើស្ថានីយ៍គន្លងអវកាសរបស់ខ្លួនមកចាប់ពីខែតុលាខាងមុខ គឺក្រោយពីរយៈពេល៦ខែនៃការដំណើរការសាកល្បងសិន។
គម្រោងនេះជាផ្នែកនៃផែនការរដ្ឋាភិបាលកូរ៉េក្នុងការបង្កើនសមត្ថភាពនៃឧស្សាហកម្មអវកាសក្នុងស្រុកផងដែរ។ គម្រោងដ៏មានមហិច្ឆិតានេះជាជំហានដំបូងសម្រាប់ប្រទេសកូរ៉េខាងត្បូងឈានជើងចូលក្នុងវិស័យស្រាវជ្រាវអវកាស ដែលកូរ៉េខាងត្បូងបើប្រៀបទៅនឹងតួអង្គប្រទេសធំៗដទៃទៀតនៅក្នុងអវកាស គឺជាប្រទេសដែលឈានជើងចូលក្រោយគេទៅហើយ តែយ៉ាងណាកូរ៉េខាងត្បូងបានបោះទុនជាបន្តបន្ទាប់រាប់លានក្នុងវិស័យថ្មីស្រឡាងនេះផងដែរ។ ចាប់តាំងពីឆ្នាំ២០១៥មក កូរ៉េខាងត្បូងបានចំណាយដល់ទៅ ១៥៨ប៊ីលានវ៉ុន (ប្រមាណដល់១៣៩លានដុល្លារ) ក្នុងគម្រោងអវកាសរបស់ខ្លួន ហើយក្នុងនោះគ្រឿងបង្គុំសំខាន់ៗសម្រាប់ការផលិតផ្កាយអវកាសនេះគឺត្រូវបង្កើត និងតម្លើងដោយវិទ្យាស្ថានស្រាវជ្រាវ និងក្រុមហ៊ុនក្នុងស្រុក ដូចជាក្រុមហ៊ុន Hanwha Systems Co. ជាដើម។