កូរ៉េខាងត្បូង៖ រយៈពេល២០ថ្ងៃដំបូងនៃខែមីនា ការនាំចេញរបស់កូរ៉េខាងត្បូងកើនបានដល់ ១២.៥% ប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ដែលបង្ហាញពីការងើបឡើងវិញនៃតម្រូវការពាណិជ្ជកម្មនាំចេញ នាំចូលរបស់កូរ៉េខាងត្បូងក្នុងបរិការណ៍នៃស្ថានការណ៍កូវីដ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News នៅថ្ងៃចន្ទនេះ។
តាមការចុះផ្សាយ ទិន្នន័យរបស់គយកូរ៉េខាងត្បូងបង្ហាញថាទំហំនៃការនាំចេញរបស់កូរ៉េខាងត្បូងក្នុងរយៈពេលពីថ្ងៃទី១ ដល់ថ្ងៃទី២០ខែមីនា មានដល់ ៣៣.៩ប៊ីលានដុល្លារ បើប្រៀបទៅនឹងទំហំត្រឹម ៣០.១ប៊ីលានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ ខណៈដែលទំហំការនាំចូលមកវិញកើនដល់ ១៦.៣%ផងដែរមានទំហំជាង ៣៣ប៊ីលានដុល្លារ បើប្រៀបទៅនឹងឆ្នាំ២០២០។
ទិន្នន័យនេះបញ្ជាក់ថាក្នុងរយៈពេល២០ថ្ងៃនៃខែមីនានេះ កូរ៉េខាងត្បូងមានអតិរេកពាណិជ្ជកម្មដល់ទៅ ៨២០លានដុល្លារអាម៉េរិកឯណោះ (មានន័យថាការនាំចេញ ទំហំធំជាងការនាំចូល)។
បើគិតតាមវិស័យសំខាន់ៗវិញ ការនាំចេញឈីបមេម៉ូរីកើនដល់ ១៣.៦% ប្រៀបទៅនឹងឆ្នាំទៅ ហើយយានយន្តវិញបានកើនដល់ទៅ១៣% ចំណែកឯផលិតផលពីឥន្ធនៈក៏បានកើនដល់ ១២.៤%ផងដែរដោយសារតែការកើនឡើងនៃតម្លៃ និងតម្រូវការប្រេងលើទីផ្សារអន្តរជាតិ។ ក្នុងចំណោមផលិតផលសំខាន់ៗដែលបាននាំចេញ គ្រឿងបង្គុំអគ្គិសនី (Semiconductor) មានទំហំដល់ទៅ២០% នៃទំហំនៃការចេញសរុប ដែលជាមុខទំនិញនាំមុខរបស់ក្រុមហ៊ុនអេឡិកត្រូនិក Samsung និងក្រុមហ៊ុនអេឡិកត្រូនិកក្នុងស្រុកដទៃទៀត។
បើគិតពីប្រទេសដៃគូពាណិជ្ជកម្មវិញ ប្រទេសចិនជាទិសដៅនាំចេញធំជាងគេ ដែលក្នុងរយៈពេលនេះកើនដល់ទៅ២៣.៤% ខណៈដែលទំហំនៃការនាំចេញទៅសហរដ្ឋអាម៉េរិកកើនដល់ទៅ ៧.៤%ផងដែរ។
ការនាំចេញដែលមានលក្ខណៈប្រសើរឡើងនេះ ជាផ្នែកមួយដើម្បីស្រោចស្រង់ផលប៉ះពាល់សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងដែលបានរងគ្រោះជាងមួយឆ្នាំកន្លងមកដោយសារតែបញ្ហាជំងឺកូវីដ ជាពិសេសគឺស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសដែលរងការប៉ះពាល់ខ្លាំងដោយសារការអនុវត្តវិធានការគម្លាតសង្គមតឹងរ៉ឹងកន្លងមក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១នេះ ធនាគារជាតិកូរ៉េបានព្យាករណ៍ថាពាណិជ្ជកម្មការនាំចេញរបស់កូរ៉េនឹងកើនដល់ ៧.១% ឯណោះ។