ក្រុមហ៊ុន LG Uplus បើកសម្ភោធហាងសាខាដំបូងបង្អស់របស់ខ្លួន ដំណើរការដោយបច្ចេកវិទ្យាសុទ្ធ និងគ្មានបុគ្គលិកជាមនុស្សទេ ក្នុងបរិបទថ្មីកូវីដ-១៩

កូរ៉េខាងត្បូង៖ ក្រុមហ៊ុន LG Uplus Corp., បានសម្ភោធសាខាងហាងដំបូងបង្អស់របស់ខ្លួននៅក្នុងប្រទេសកូរ៉េដែលដំណើរការដោយបច្ចេកវិទ្យា AI សុទ្ធសាធ និងមិនមានបុគ្គលិកជាមនុស្សផ្ទាល់នៅក្នុងហាង ជាយន្តការបច្ចេកវិទ្យាថ្មីឆ្លើយតបទៅនឹងស្ថានការណ៍បរិបទថ្មីនៃជំងឺកូវីដ-១៩ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap News។

ហាងសាខាថ្មីបំផុតរបស់ក្រុមហ៊ុន LG Uplus Corp., នេះបើកដំណើរការនៅក្នុងទីក្រុងសេអ៊ូលនៅសង្កាត់ចុងណូ (Jongno) ដែលមានភ្ជាប់មកជាមួយនូវបច្ចកវិទ្យាស្វ័យប្រវត្តិជាច្រើនមុខ ដូចជាម៉ាស៊ីនបញ្ជាឌីជីថលដែលអាចឱ្យអតិថិជនធ្វើការផ្លាស់ប្តូគម្រោងទូរស័ព្ទរបស់ខ្លួន ឬបញ្ជាទិញទូរស័ព្ទថ្មី ឬស៊ីមកាតថ្មី ដោយប្រតិបត្តិការទាំងអស់ធ្វើឡើងដោយមិនចាំបាច់មានការជួយពីសំណាក់បុគ្គលិកជាមនុស្សនោះទេ។

នៅក្នុងហាងដែលមានបច្ចេកវិទ្យាថ្មីចុងក្រោយនេះ អតិថិជនដែលចូលទៅនឹងត្រូវផ្តល់ឱ្យនូវកូដ QR Code ដើម្បីអាចទទួលយកទំនិញ ឬសេវាកម្មណាមួយដែលគេបញ្ជាទិញនៅក្នុងហាងនោះ ដែលនឹងចេញមកនៅក្នុងទូឌីជីថលក្នុងហាងនោះតែម្តង។ ហាងថ្មីនេះនឹងអាចដំណើរការទាំងថ្ងៃ និងយប់ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបសេរ៊ីចុងក្រោយគេបង្អស់ គឺបច្ចេកវិទ្យា AI (Artificial Intelligence)។

ក្រុមហ៊ុនបានបញ្ជាក់ថាគ្រោងនឹងបើកដំណើរការហាងប្រភេទថ្មីនេះបន្ថែមទៀតនៅប៊ូសាន និងដេជុនក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០២១នេះ​ និងនៅតំបន់ដេហ្គូ និងក្វាងជូនៅក្នុងពាក់កណ្តាលចុងឆ្នាំ២០២១ខាងមុខ។

ហាងប្រភេទនេះក្រៅពីបង្ហាញពីភាពទាន់សម័យនៃបច្ចេកវិទ្យាចុងក្រោយគេហើយនោះ ក៏បានជួយកាត់បន្ថយនូវសកម្មភាពទំនាក់ទំនងផ្ទាល់រវាងមនុស្សនិងមនុស្ស ក្នុងបរិបទនៃជំងឺកូវីដ-១៩ នេះផងដែរ ដែលទំនោរនេះអាចនឹងក្លាយជាផ្នែកមួយនៃភាពធម្មតាបែបថ្មីនាពេលខាងមុខដ៏ខ្លីនេះផងដែរ។

សូមបញ្ជាក់ថា ហាងប្រភេទនេះជាសាខាទីមួយរបស់ក្រុមហ៊ុន LG Uplus Corp., ប៉ុន្តែមិនមែនជាប្រភេទហាងដំណើរការដោយបច្ចេកវិទ្យាសុទ្ធដោយគ្មានបុគ្គលិកជាមនុស្សផ្ទាល់ដំបូងគេនោះទេ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុន SK Telecom Co. បានបើកសាខាដំបូងបង្អស់នៃហាងប្រភេទនេះនៅសេអ៊ូលផងដែរ ដែលមានសេវាកម្មប្រហាក់ប្រហែលគ្នាទៅនឹងហាងរបស់ LG Uplus Corp. នេះដែរ។

Leave a Reply

Your email address will not be published. Required fields are marked *