កូរ៉េខាងត្បូងនឹងចាប់ផ្តើមចាក់វ៉ាក់សាំង AstraZeneca ដល់ក្រុមមនុស្សវ័យចំណាស់ ៦៥ឆ្នាំឡើង នៅថ្ងៃអង្គារនេះហើយ ក្រោយទិន្នន័យបង្ហាញថាសុវត្ថិភាព

កូរ៉េខាងត្បូង៖ ចាប់ពីថ្ងៃអង្គារសប្តាហ៍ក្រោយនេះទៅ កូរ៉េខាងត្បូងនឹងចាប់ផ្តើមកម្មវិធីផ្តល់វ៉ាក់សាំងដល់អ្នកជំងឺ និងមន្ត្រីសុខាភិបាលដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ដែលព្យាបាល និងបំពេញការងារនៅតាមមណ្ឌលចាស់ជរា និងមន្ទីរពេទ្យសម្រាប់អ្នកជំងឺឈឺធ្ងន់ នេះបើតាមការបញ្ជាក់ចុងក្រោយរបស់អជ្ញាធរសុខាភិបាលកូរ៉េនៅថ្ងៃអាទិត្យនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ចាប់ពីថ្ងៃអង្គារទី២៣ ខែមីនា ២០២១នេះទៅ បើតាមផែនការរបស់អជ្ញាធរសុខាភិបាលនៃមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េខាងត្បូង (KDCA) យ៉ាងហោចណាស់មន្ត្រីពេទ្យ និងអ្នកជំងឺដែលមានវ័យចំណាស់ពី៦៥ឆ្នាំឡើងទៅ ដែលព្យាបាល និងបំពេញការងារនៅតាមមណ្ឌលចាស់ជរា និងមន្ទីរពេទ្យសម្រាប់អ្នកជំងឺឈឺធ្ងន់ និងមណ្ឌលកែប្រែនីតិសម្បទាចំនួន ៣៧០,០០០នាក់ នឹងជាក្រុមអាទិភាពដែលត្រូវទទួលវ៉ាក់សាំងកូវីដរបស់អង់គ្លេស AstraZeneca ដូសទី១។

តាមការបញ្ជាក់របស់អជ្ញាធរដដែល ក្រុមអាទិភាពខាងលើនឹងទទួលវ៉ាក់សាំង AstraZeneca ដដែលនេះដូសទី២ នៅក្នុងអំឡុងសប្តាហ៍ទី១នៃខែមិថុនាខាងមុខ ដែលអនុវត្តទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដែលបានណែនាំថាចន្លោះពេលទទួលវ៉ាក់សាំងកូវីដរវាងដូសទី១ និងដូសទី២ គឺប្រហែលជាពី ៨ ទៅ១២សប្តាហ៍។

សូមបញ្ជាក់ថា កន្លងមកប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងតាំងពីថ្ងៃទី​២៦ ខែកុម្ភៈ ២០២១ ប៉ុន្តែការផ្តល់វ៉ាក់សាំងសម្រាប់មនុស្សចាស់វ័យពី៦៥ឆ្នាំឡើងទៅត្រូវបានផ្អាកសិន ដោយសារតែកង្វះនៃទិន្នន័យសម្រាប់បញ្ជាក់ពីប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងសម្រាប់មនុស្សចាស់ តែក្រោយពីទិន្នន័យនៃការធ្វើតេស្តរបស់វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំងដទៃទៀតមួយចំនួន បានបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់ផ្តល់ជូនក្រុមមនុស្សវ័យចំណាស់រួចមក រដ្ឋាភិបាលកូរ៉េបានអនុញ្ញាតផ្តល់ភ្លើងខៀវក្នុងការចាក់វ៉ាក់សាំងនេះជូនដល់ក្រុមមនុស្សវ័យចំណាស់។

បើតាមផែនការមេនៃការផ្តល់វ៉ាក់សាំង ចាប់ផ្តើមពីត្រីមាសទី២ឆ្នាំ២០២១នេះទៅ យ៉ាងហោចណាស់ក្រុមមនុស្សវ័យចំណាស់អាយុលើសពី៦៥ឆ្នាំឡើងទៅ គ្រូបង្រៀន និងអ្នកដែលធ្វើការក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា មន្ត្រីប៉ូលីស អ្នកពន្លត់អគ្គីភ័យ អ្នកបម្រើការតាមយន្តហោះជាដើម ប្រមាណដល់ទៅ១១.៥លាននាក់ គ្រោងនឹងអាច​ទទួលវ៉ាក់សាំងកូវីដ។ បើគិតត្រឹមខែកញ្ញា រដ្ឋាភិបាលគ្រោងនឹងចាក់វ៉ាក់សាំងជូនប្រជាជនឱ្យបានយ៉ាងហោចណាស់ ៧០% ដើម្បីអាចបង្កើតជាប្រព័ន្ធភាពស៊ាំក្នុងសង្គម ឱ្យបានត្រឹមខែវិច្ឆកាខាងមុខនេះ។

ក្នុងនោះដែរ លោកប្រធានាធិបតី មូន ជេអ៊ីន វ័យ៦៨ឆ្នាំ និងភរិយាវ័យ ៦៦ឆ្នាំ នឹងទទួលវ៉ាក់សាំង AstraZeneca នេះនៅថ្ងៃអង្គារនេះដែរ ដើម្បីជាការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំក្រុម G-7 នៅប្រទេសអង់គ្លេសក្នុងអំឡុងខែមិថុនាខាងមុខផង និងដើម្បីជាការបញ្ជាក់ជូនសាធារណជនផងអំពីសុវត្ថិភាព និងជំនឿចិត្តរបស់រដ្ឋាភិបាលលើវ៉ាក់សាំង AstraZeneca នេះផង។

បើគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មានមនុស្សចំនួន ៦៧៦,៥៨៧នាក់ហើយ ដែលបានទទួលវ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះ ៦១៩,១០០នាក់ ទទួលវ៉ាក់សាំង AstraZeneca និង ៥៧,៤៨៧នាក់ទទួលវ៉ាក់សាំង Pfizer របស់អាម៉េរិក។ តួលេខអ្នកទទួលគឺមានប្រមាណ១.៣% នៃប្រជាជនក្នុងប្រទេសសរុប ហើយបានប្រមាណ ៨៤% នៃផែនការសម្រាប់អ្នកទទួលវ៉ាក់សាំងក្នុងខែមីនានេះ។

Leave a Reply

Your email address will not be published. Required fields are marked *