រកឃើញករណីឆ្លងកូវីដតគ្នាដល់ ១៣នាក់ហើយ ក្នុងចំណោមនិស្សិតបរទេសនៅសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងសុងណាំ

កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់និស្សិតបរទេសចំនួន១៣នាក់ហើយ នៅសាកលវិទ្យាល័យមួយក្នុងក្រុងសុងណាំ (Seongnam) ខេត្តឃ្យ៉ុងគី ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ បើតាមការបញ្ជាក់របស់អជ្ញាធរក្រុងសុងណាំ នៅថ្ងៃសៅរ៍រសៀលនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ក្នុងករណីផ្ទុះឆ្លងចំណោមនិស្សិតបរទេសនេះ ករណីដំបូងត្រូវបានគេរកឃើញពីនិស្សិតបរទេសមួយរូប ដែលកំពុងសិក្សានៅសាកលវិទ្យាល័យក្នុងក្រុងសុងណាំ កាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ ហើយក្រោយមកទៀតនិស្សិតបរទេស ២ នាក់ទៀតដែលស្នាក់នៅបន្ទប់ជាមួយគ្នានោះក៏បានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃបន្ទាប់មកទៀត បើតាមការបញ្ជាក់របស់អជ្ញាធរ។

ក្រោយមកទៀត នៅថ្ងៃសុក្រម្សិលមិញនេះ និស្សិតបរទេស៨នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានបន្តគ្នា ខណៈដែលថ្ងៃសៅរ៍នេះគេរកឃើញករណីវិជ្ជមាន ២នាក់ផ្សេងទៀត ដែលនាំឱ្យករណីឆ្លងក្នុងចំណោមនិស្សិតបរទេសនៅសាកលវិទ្យាល័យខាងលើនេះ កើនដល់១៣នាក់ហើយ។

អជ្ញាធរកំពុងបន្តស្វែងរកប្រភពអ្នកដែលអាចរងហានិភ័យប៉ះពាល់បន្តជាមួយអ្នកវិជ្ជមានបន្ថែមទៀត ហើយករណីឆ្លងនេះរាលដាលលឿនដោយសារតែនិស្សិតបរទេសទាំងនោះស្នាក់នៅក្នុងអន្តេវាសិកដ្ឋានជាមួយគ្នា អាចបន្ទប់មួយគ្នា២នាក់ ឬ៤នាក់ ដែលនាំឱ្យមានការងាយស្រួលក្នុងការឆ្លងតគ្នានេះ។

បើតាមការបញ្ជាក់របស់សាកលវិទ្យាល័យ សិស្សទាំងអស់ដែលត្រូវរកឃើញវិជ្ជមាននេះ គឺបានសិក្សាកន្លងមកតាមរយៈកម្មវិធីសិក្សាអនឡាញ ដែលនាំឱ្យហានិភ័យនៃការចម្លងទៅសិស្សដទៃទៀតថយចុះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *