អជ្ញាធរខេត្តឃ្យ៉ុងគី លុបចោលវិញហើយ វិធានការតម្រូវឱ្យពលករបរទេស មានលទ្ធផលតេស្តកូវីដ ‘អវិជ្ជមាន’ ទើបអាចដាក់ពាក្យស្វែងរកការងារបាននោះ

កូរ៉េខាងត្បូង៖ រដ្ឋបាលខេត្តឃ្យ៉ុងគីបានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា គោលការណ៍ដែលតម្រូវឱ្យពលករបរទេសបង្ហាញលទ្ធផលធ្វើតេស្តកូវីដអវិជ្ជមាននៅពេលស្វែងរកការងារធ្វើនោះ ត្រូវបានដកចេញវិញហើយក្រោយរងការរិះគន់ជាបន្តបន្ទាប់ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Korea Times នៅរសៀលថ្ងៃសុក្រនេះ។

ការប្រកាសលុបចោលនេះ គឺស្របពេលដែលមានការរិះគន់យ៉ាងខ្លាំងលើចំណាត់ការបែបនេះ ដែលគេលើកឡើងថាជាចំណាត់ការបែបរើសអើងលើជនបរទេសនៅក្នុងប្រទេសកូរ៉េ។ មន្ត្រីជំនាញចត្តាឡីស័កមួយរូបបានលើកឡើងថា ក្រោយពីមានការពិនិត្យឡើងវិញទៅលើគោលការណ៍ដែលបានដាក់ចេញពាក់ព័ន្ធនឹងការតម្រូវឱ្យពលករបរទេសទាំងអស់ ត្រូវបង្ហាញលទ្ធផលធ្វើតេស្តកូវីដអវិជ្ជមាននៅពេលស្វែងរកការងារថ្មីនេះរួចមក អជ្ញាធរខេត្តឃ្យ៉ុងគីសម្រេចថានឹងមិនអនុវត្តវិញ ហើយក៏សូមអធ្យាស្រ័យផងដែរ ចំពោះការបង្កើតឱ្យមានករណីនេះឡើងមក។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តឃ្យ៉ុងគីបានប្រកាសពីផែនការដាក់ចេញនូវគោលការណ៍ចម្រូងចម្រាស់នេះ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបានលើកឡើងថាវិធានការនេះនឹងឆ្លើយតបទៅនឹងករណីឆ្លងកូវីដជាចង្កោមជាបន្តបន្ទាប់ចេញពីក្រុមហ៊ុន និងកន្លែងការងារដែលមានពលករបរទេសនៅក្នុងខេត្តឃ្យ៉ុងគីនេះ។

ក្នុងនោះដែរ កាលពីសប្តាហ៍កន្លងទៅ សាលាខេត្តឃ្យ៉ុងគីក៏បានចេញបទបញ្ជារដ្ឋបាលតម្រូវឱ្យពលករបរទេសទាំងអស់ក្នុងខេត្តឃ្យ៉ុងគីទៅធ្វើតេស្តកូវីដជាកំហិតឱ្យបានមុនថ្ងៃទី២២ ខែមីនា ២០២១នេះផងដែរ ដើម្បីជាវិធានការទប់ស្កាត់ករណីឆ្លងចេញពីសហគមន៍បរទេសនៅក្នុងខេត្តនេះ។ ក្រោយមកទៀត សាលាក្រុងសេអ៊ូលក៏បានចេញនូវបទបញ្ជារដ្ឋបាលប្រហាក់ប្រហែលគ្នានេះដែរ សម្រាប់ពលករបរទេសទាំងអស់ក្នុងទីក្រុងសេអ៊ូលទៅធ្វើតេស្តកូវីដឱ្យបានមុនចុងខែមីនា ឆ្នាំ២០២១។

យ៉ាងណាមិញ ការដាក់ចេញបទបញ្ជារបស់សាលាក្រុងសេអ៊ូលថ្មីនេះ បាននាំឱ្យមានការផ្ទុះរិះគន់យ៉ាងខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ រួមទាំងសហគមន៍តំណាងការទូតបរទេសធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ ថាវិធានការនេះបង្កប់នូវការរើសអើងចំពោះជនបរទេស និងមិនមានប្រសិទ្ធភាពទាល់តែសោះក្នុងការទប់ស្កាត់ការចម្លងកូវីដ ដោយសារតែប្រជាជនបរទេស និងកូរ៉េសុទ្ធតែអាចឆ្លង និងចម្លងកូវីដបានដូចគ្នា តែវិធានការនេះដាក់កំហិតតែលើជនបរទេសទៅវិញ។

ស្ថានទូត និងស្ថាប័នបរទេសធំៗដទៃទៀត ដូចជាស្ថានទូតបារាំង ស្ថានទូតកាណាដា និងស្ថានទូតអង់គ្លេស សភាពាណិជ្ជកម្មអឺរ៉ុប ក៏បានចេញមុខតវ៉ាផងដែរទៅលើចំណាត់ការបែបនេះ។ ជាក់ស្តែង ឯកអគ្គរាជទូតអង់គ្លេសបានថ្លែងនៅក្នុងវីដេអូមួយថា ស្ថានទូតអង់គ្លេសបានរៀបចំលិខិតជូនទៅរដ្ឋាភិបាល និងអជ្ញាធរសេអ៊ូល និងឃ្យ៉ុងគី ដោយបញ្ជាក់ថាស្ថានទូតចាត់ទុកវិធានការដែលបានដាក់ចេញនេះអយុត្តិធម៌ និងមិនសមស្របទៅនឹងស្ថានការណ៍ជាក់ស្តែង ហើយក៏នឹងមិនមានប្រសិទ្ធភាពផងដែរ។

ហើយបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Korea Times កាលពីល្ងាចម្សិលមិញនេះ ក៏បានឱ្យដឹងថាអជ្ញាធរកូរ៉េបានជូនដំណឹងដល់បណ្តាតំណាងការទូតបរទេសថាបទបញ្ជារបស់សាលាក្រុងសេអ៊ូល និងខេត្តឃ្យ៉ុងគីតម្រូវឱ្យពលករបរទេសទាំងអស់ទៅធ្វើតេស្តកូវីដជាកំហិតនេះ អាចនឹងត្រូវធ្វើការកែសម្រួលឆាប់ៗខាងមុខនេះផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *