កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងកំពុងរៀបចំពន្លឿនឡើងវិញនូវដំណើរការចាក់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន AstraZeneca ក្រោយពីស្ថាប័ននិយ័តករគ្រប់គ្រងគុណភាពថ្នាំរបស់អឺរ៉ុប (EMA) បានចេញសេចក្តីប្រកាសបញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះថា វ៉ាក់សាំងកូវីដរបស់ AstraZeneca មានសុវត្ថិភាព និងប្រសិទ្ធភាព នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមរយៈសេចក្តីប្រកាសរបស់អជ្ញាធរត្រួតពិនិត្យគុណភាពថ្នាំពេទ្យអឺរ៉ុប (EMA) លើលទ្ធផលពិនិត្យដំបូងទៅលើវ៉ាក់សាំង AstraZeneca ចេញនៅថ្ងៃទី១៨ មីនា ២០២១នេះ បានបញ្ជាក់ថាវ៉ាក់សាំងនេះមាន “សុវត្ថិភាព និងប្រសិទ្ធភាព” ក្នុងការប្រើប្រាស់ តែក៏មិនបានបដិសេធចោលនូវការលើកឡើងដែលថាវ៉ាក់សាំងនេះនាំឱ្យមានករណីកកដុំឈាមនេះដែរ ដោយស្ថាប័នជំនាញនេះបញ្ជាក់ថាគួរមានការត្រួតពិនិត្យបន្តទៀតនាពេលខាងមុខ។
ការលើកឡើងនេះមានន័យថាករណីដែលអាចនាំឱ្យមានការកើតកកដុំឈាមនេះ អាចជាករណីផលប៉ះពាល់កម្រពីការចាក់វ៉ាក់សាំង តែបើទោះបីជាគេរកមិនទាន់ឃើញមូលហេតុជំនាញណាមួយដែលពាក់ព័ន្ធគ្នារវាងវ៉ាក់សាំង និងករណីកកដុំឈាមនេះ ក៏គេមិនទាន់បដិសេធទាំងស្រុងថាជាការសន្និដ្ឋានមិនត្រឹមត្រូវនោះដែរ។ យ៉ាងណាមិញ សេចក្តីប្រកាសលទ្ធផលនេះដដែលធ្វើការសន្និដ្ឋានថា ផលប្រយោជន៍របស់វ៉ាក់សាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (បើទោះជាអាចមានករណីកម្រណាមួយ ដែលនាំឱ្យមានកកដុំឈាម) គឺធំជាងផលប៉ះពាល់ណាមួយដែលអាចកើតមានឡើង។
ការសនិ្នដ្ឋានបែបនេះគឺដូចគ្នាទៅនឹងការលើកឡើងកន្លងមករបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់ភ្លើងខៀវក្នុងការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង AstraZeneca នេះកន្លងមក ដោយលើកឡើងហានិភ័យនៃការធ្លាក់ខ្លួនឈឺ ឬបាត់បង់ជីវិតដោយសារជំងឺកូវីដ មានគ្រោះថ្នាក់ជាងហានិភ័យនៃផលប៉ះពាល់សុខភាពដែលអាចនឹងកើតមានឡើងដោយការទទួលវ៉ាក់សាំងទៅទៀត។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការលើកឡើងជាបន្តបន្ទាប់អំពីក្តីបារម្ភលើសុវត្ថិភាពនៃវ៉ាក់សាំង AstraZeneca នេះ ដែលប្រទេសនៅអឺរ៉ុបបាននាំគ្នាផ្អាកការចាក់វ៉ាក់សាំងនេះជូនប្រជាជនខ្លួន ដោយរង់ចាំលទ្ធផលពិនិត្យបន្ថែមពីអ្នកជំនាញជាថ្មីនោះ ដោយសារតែមានការរាយការណ៍ពីករណីកកដុំឈាម ជាផលប៉ះពាល់ផ្ទាល់ក្រោយពីចាក់វ៉ាក់សាំងរបស់អង់គ្លេសនេះ។
ក្នុងនោះដែរ ថ្មីៗនេះការបារម្ភដូចគ្នានេះបានកើនឡើងនៅក្នុងប្រទេសកូរ៉េដែរ ដោយមានការរាយការណ៍ពីករណីសង្ស័យកកដុំឈាមដូចគ្នា លើអ្នកដែលបានទទួលវ៉ាក់សាំង AstraZeneca នេះចំនួន២ករណី ដែលក្នុងនោះអ្នកជំងឺម្នាក់បានបាត់បង់ជីវិត ហើយអជ្ញាធរសុខាភិបាលបញ្ជាក់ថាទំនងជាដោយសារតែស្ថានភាពជំងឺប្រចាំកាយរបស់គាត់ច្រើនជាងបណ្តាលមកពីផលប៉ះពាល់នៃវ៉ាក់សាំង ខណៈដែលអ្នកជំងឺម្នាក់ទៀតក្នុងអាយុ២០ឆ្នាំជាង បានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយមានស្ថានភាពសុខភាពប្រក្រតីជាធម្មតា។
នៅចំពោះមុខការលើកឡើងបែបនេះ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) ដែលជាស្ថាប័នជំនាញលើកម្មវិធីចាក់វ៉ាក់សាំងនៅកូរ៉េខាងត្បូង បានប្រកាសថាកម្មវិធីចាក់វា៉ក់សាំងរបស់ AstraZeneca នៅតែបន្តជាប្រក្រតីធម្មតា និងបានធានាលើសុវត្ថិភាព និងសន្យាផ្តល់ព័ត៌មានមិនលាក់បាំងលើផលប៉ះពាល់ណាមួយដែលរកឃើញ ប្រសិនបើកើតមាន តែអជ្ញាធរជំនាញក៏បន្តតាមដាននូវការវាយតម្លៃរបស់ស្ថាប័នជំនាញអឺរ៉ុបលើបញ្ហាសុវត្ថិភាពនេះដែរ។
ថ្មីៗនេះផងដែរ អជ្ញាធរសុខាភិបាលកូរ៉េបានអនុញ្ញាតផ្តល់វ៉ាក់សាំង AstraZeneca នេះសម្រាប់ក្រុមមនុស្សវ័យ៦៥ឆ្នាំឡើងផងដែរ ហើយបើតាមការប្រកាសរបស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកប្រធានាធិបតី មូន ជេអ៊ីន និងភរិយា រួមទាំងមន្ត្រីកំពូលមួយចំនួនរបស់កូរ៉េខាងត្បូង នឹងទទួលចាក់វ៉ាក់សាំង AstraZeneca ក្នុងក្រុមមនុស្សវ័យ៦៥ឆ្នាំឡើងនេះ មុនគេនៅថ្ងៃទី២៣ ខែមីនា ២០២១ខាងមុខផងដែរ។
គិតមកដល់ព្រឹកថ្ងៃសុក្រនេះ ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េមាន ៦៥៩,៤៧៥នាក់ហើយ ដែលក្នុងនោះ ៦០៨,០៩៨ នាក់បានទទួលវ៉ាក់សាំងកូវីដរបស់ AstraZeneca នេះសម្រាប់ដូសទី១។
ជាមួយនឹងការចេញសេចក្តីប្រកាសរបស់ស្ថាប័នជំនាញអឺរ៉ុបនេះភ្លាម ប្រទេសអឺរ៉ុបមួយចំនួនដូចជាអេស្ប៉ាញ អាល្លឺម៉ង់ អ៊ីតាលី និងបារាំង បានប្រកាសភ្លាមៗចាប់ផ្តើមឡើងវិញកម្មវិធីចាក់វា៉ក់សាំងរបស់ AstraZeneca ផងដែរ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន EuroNews។