វិទ្យាស្ថាន AMRO៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងរំពឹងនឹងកើនដល់ ៣.២% ក្នុងឆ្នាំ២០២១ ដោយសេដ្ឋកិច្ចរំពឹងងើបវិញ ក្រោយចាក់វ៉ាក់សាំងកូវីដរួចរាល់

កូរ៉េខាងត្បូង៖ សេដ្ឋកិច្ចកូរ៉េខាងត្បូងរំពឹងថានឹងកើន ៣.២% ក្នុងឆ្នាំ២០២១នេះ ដោយសារតែលទ្ធផលនៃការចាក់វ៉ាក់សាំងកូវីដ-១៩ដែលនឹងនាំឱ្យដំណើរការសេដ្ឋកិច្ចកូរ៉េងើបឡើងវិញ នេះបើតាមការបញ្ជាក់របស់វិទ្យាស្ថានស្រាវជ្រាវមួយ លើកឡើងនៅថ្ងៃព្រហស្បត្តិ៍នេះ និងចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

ការព្យាករណ៍ថាសេដ្ឋកិច្ចកូរ៉េនឹងលូតដល់ ៣​.២% នេះ ធ្វើឡើងដោយការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) ដែលផ្តល់នូវតួលេខវិជ្ជមានខ្ពស់ជាងតួលេខព្យាករណ៍ដោយធនាគារជាតិកូរ៉េ ដែលបានព្យាករណ៍ថាសេដ្ឋកិច្ចកូរ៉េងើបឡើងត្រឹម ៣ ភាគរយ។ ការលូតលាស់នេះ គឺជាលទ្ធផលនៃការងើបឡើងវិញសកម្មភាពសេដ្ឋកិច្ច ក្រោយពីកូរ៉េខាងត្បូងគ្រប់គ្រងស្ថានការណ៍កូវីដតាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្លួនរួចរាល់។

ប៉ុន្តែក្នុងនោះដែរ វិទ្យាស្ថាន AMRO បានបញ្ជាក់ផងដែរការលូតលាស់ឡើងវិញក៏មិនមានភាពស្មើគ្នាទាំងស្រុងគ្រប់វិស័យនោះទេ ដោយវិស័យមួយចំនួនដូចជាវិស័យសេវាកម្ម និងវិស័យពាណិជ្ជកម្មក្នុងស្រុកអាចនឹងប្រឈមនូវបញ្ហាលំបាក និងលូតលាស់យឺតដោយសារតែវិធានការគម្លាតសង្គមដែលនៅតែបន្តអនុវត្តសព្វថ្ងៃនេះ។ ក្នុងនោះដែរ បញ្ហាប្រឈមមួយទៀតគឺពាក់ព័ន្ធនឹងបំណុលធនាគាររបស់ប្រជាជនដែលបន្តកើនឡើងក្នុងបរិការណ៍នៃវិបត្តិកូវីដនេះ ដែលថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុកូរ៉េត្រូវបន្តដោះស្រាយផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ សេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងបានថយចុះ ១% ជាលទ្ធផលអាក្រក់បំផុតក្នុងរយៈពេលជាង ២០ឆ្នាំចុងក្រោយ។

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO) នេះជាការិយាល័យស្រាវជ្រាវក្នុងវិស័យម៉ាក្រូសេដ្ឋកិច្ច និងស្ថេរភាពហិរញ្ញវត្ថុនៅក្នុងតំបន់អាស៊ី ដែលរាប់បញ្ចូលទាំងប្រទេសអាស៊ានទាំង១០ប្រទេស និងប្រទេសកូរ៉េខាងត្បូង ចិន និងជប៉ុនផងដែរ ហើយជារៀងរាល់ឆ្នាំវិទ្យាស្ថានស្រាវជ្រាវតែងតែមកទស្សនកិច្ចកូរ៉េខាងត្បូងដើម្បីពិភាក្សាជាមួយថ្នាក់ដឹកនាំអំពីគោលនយោបាយសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង។

Leave a Reply

Your email address will not be published. Required fields are marked *