កូរ៉េខាងត្បូង៖ ហាងលក់ឥវ៉ាន់ មីនីម៉ាត ស៊ីយូ (CU) បានវ៉ាដាច់ឡើងតំណែងលេខ១ ក្នុងចំណោមហាងមីនីម៉ាតក្នុងប្រទេសកូរ៉េខាងត្បូង វិញហើយ ជាតំណែងដែលមានសាខាហាងប្រកបអាជីវកម្មច្រើនជាងគេក្នុងឆ្នាំ២០២០ នេះបើតាមទិន្នន័យបង្ហាញនូវថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
តាមទិន្នន័យដែលចងក្រងដោយអជ្ញាធរត្រួតពិនិត្យសេវាកម្មហិរញ្ញវត្ថុកូរ៉េ និងប្រភពពីឧស្សាហកម្មលក់ឥវ៉ាន់រាយនេះ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ហាងមីនីម៉ាត CU ដែលជាហាងមីនីម៉ាតដ៏ល្បីក្នុងប្រទេសកូរ៉េ ប្រតិបត្តិការដោយក្រុមហ៊ុន BGF Retail Co., បានគ្រងដំណែងលេខមួយជាហាងមីនីម៉ាតដែលមានសាខាដំណើរការទូទាំងប្រទេសកូរ៉េខាងត្បូងច្រើនបំផុត ដល់ទៅ ១៤,៩២៣ សាខា ក្នុងឆ្នាំ២០២០កន្លងទៅនេះ ដែលបានកើនឡើងចំនួន ១,០៤៦ សាខាថ្មីប្រៀបទៅនឹងឆ្នាំ២០១៩។ ចំនួនសាខាដល់ទៅ ១៤,៩២៣ សាខានេះបានវ៉ាដាច់ហាងមីនីម៉ាត២ ធំៗទៀតដែលជាគូប្រកួតប្រជែង គឺហាងមីនីម៉ាត GS25 និងមីនីម៉ាត 7-Eleven។
ហាងមីនីម៉ាត GS25 ដែលប្រតិបត្តិការដោយក្រុមហ៊ុន GS Retail Co., វិញមានសាខាទូទាំងប្រទេសចំនួន ១៤,៦៨៨ សាខា ដែលបានកើនពីឆ្នាំ២០១៩មក ចំនួន ៧៧០ ទីតាំងបន្ថែម។ សូមបញ្ជាក់ថា កន្លងទៅក្នុងឆ្នាំ២០១៩ ហាងមីនីម៉ាត GS25 បានងើបឡើងខ្លាំងក្លាយជាហាងមីនីម៉ាតដែលមានសាខាច្រើនបំផុត ដែលកាលនោះមានសាខាចំនួន ១៣,៩១៨សាខា ទូទាំងប្រទេស និងបានផ្តួលតំណែងកំពូលរបស់ហាងមីនីម៉ាត CU ដែលជាហាងមីនីម៉ាតប្រតិបត្តិការច្រើនជាងគេក្នុងប្រទេសកូរ៉េអស់រយៈពេល ១៧ ឆ្នាំកន្លងមកហើយ។
យ៉ាងណាមិញ ហាងមីនីម៉ាតធំៗបន្តបន្ទាប់ក្នុងប្រទេសកូរ៉េនោះគឺ ហាង 7-Eleven ដែលមានសាខាទូទាំងប្រទេសចំនួន ១០,៥០១ ទីតាំងក្នុងឆ្នាំ២០២០ និងហាង Emart24 ដែលមានសាខាទូទាំងប្រទេស ៥,១៦៥ ទីតាំង។
ហាងមីនីម៉ាតទាំង៤នេះ គ្រប់គ្រងទីផ្សារក្នុងប្រទេសកូរ៉េដល់ទៅ៩០% នេះបើតាមទិន្នន័យនៃប្រភពឧស្សាហកម្មលក់ឥវ៉ាន់រាយនេះ។