កូរ៉េខាងត្បូង៖ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងនៅថ្ងៃពុធនេះ ប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងដោយប្រើវ៉ាក់សាំង AstraZeneca របស់អង់គ្លេស នឹងនៅតែបន្តជាធម្មតា បើទោះបីជាមានប្រទេសជាបន្តបន្ទាប់ជាពិសេសនៅតំបន់អឺរ៉ុបធ្វើការផ្អាកផ្តល់វ៉ាក់សាំងកូវីដរបស់ AstraZeneca ក៏ដោយ នេះបើតាមការចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) បានបញ្ជាក់ថា មិនមានភស្តុតាងណាបញ្ជាក់ពីការជាប់ពាក់ព័ន្ធគ្នារវាងបញ្ហាកកដុំឈាម ជាមួយនឹងការទទួលវ៉ាក់សាំង AstraZeneca ផលិតដោយក្រុមហ៊ុនអង់គ្លេស និងស៊ុយអែត AstraZeneca និងសាកលវិទ្យាល័យ Oxford នោះទេ។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រោយពីបណ្តាប្រទេសអឺរ៉ុបជាង២០ប្រទេសហើយបច្ចុប្បន្ននេះ រួមទាំងអាល្លឺម៉ង់ និងអ៊ីតាលីបានធ្វើការផ្អាកផ្តល់វ៉ាក់សាំងរបស់ AstraZeneca ដោយរង់ចាំពិនិត្យមើលលទ្ធផលស៊ើបអង្កេតលើករណីដែលថាមានការកកដុំឈាម ចំពោះអ្នកដែលបានចាក់វ៉ាក់សាំង AstraZeneca នេះកន្លងមក។
យ៉ាងណាមិញ អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា មិនមានភស្តុតាងណាជាក់លាក់ដែលបញ្ជាក់ពីផលប៉ះពាល់នៃបញ្ហាកកដុំឈាមដូចបានលើកឡើងនោះទេ ហើយក៏បានបញ្ជាក់ថាសម្រាប់ស្ថានការណ៍បច្ចុប្បន្ននេះ ហានិភ័យនៃការចម្លងជំងឺកូវីដ និងការបាត់បង់ជីវិតដោយសារកូវីដ មានគ្រោះថ្នាក់ខ្លាំងជាងលទ្ធភាពដែលអាចកើតមានបញ្ហាប្រឈមប៉ះពាល់ពីការចាក់វ៉ាក់សាំងនេះទៅទៀត បើទោះជាបញ្ហាប៉ះពាល់នោះជាការពិតមែននោះក៏ដោយ។
កន្លងមកក្នុងប្រទេសកូរ៉េ មានករណីបាត់បង់ជីវិតដល់ ១៦ករណី ក្រោយពីបានទទួលវ៉ាក់សាំងកូវីដរបស់ AstraZeneca ដែលក្នុងនោះមាន១ករណីរកឃើញថាមានបញ្ហាកកដុំឈាមនេះដែរ ប៉ុន្តែអជ្ញាធរសុខាភិបាលកូរ៉េលើកឡើងថា ការបាត់បង់ជីវិតនេះមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងការចាក់វ៉ាក់សាំងកូវីដនោះទេ ហើយបានថាការបាត់បង់ជីវិតទាំងអស់អាចកើតឡើងដោយសារតែបញ្ហាផ្ទាល់ខ្លួនរបស់អ្នកជំងឺប៉ុណ្ណោះ ដូចជាស្ថានភាពជំងឺរលាកសួត ឬគាំងបេះដូងជាដើម។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េ (KDCA) ក៏បានបញ្ជាក់ថា លទ្ធភាពដែលអ្នកជំងឺវ័យចំណាស់អាចកើតមានបញ្ហាកកដុំឈាមដោយខ្លួនឯងនោះ មានកម្រិតខ្ពស់ដែលអាចកើតឡើងរហូតដល់ ៥០០នាក់ជាង ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។
សូមបញ្ជាក់ថា កាលពីថ្មីៗចុងក្រោយនេះ អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានផ្តល់ភ្លើងខៀវរួចរាល់ហើយ សម្រាប់ការចាក់វ៉ាក់សាំង AstraZeneca នេះសម្រាប់មនុស្សវ័យចំណាស់ចាប់ពី ៦៥ឆ្នាំឡើងទៅ ក្រោយពីមានស្ថិតិសិក្សាកន្លងមកបានបង្ហាញពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះសម្រាប់មនុស្សវ័យចំណាស់នោះ។ ក្នុងនោះដែរ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន និងភរិយា ព្រមទាំងមន្ត្រីជាន់ខ្ពស់កូរ៉េខាងត្បូងមួយចំនួនគ្រោងនឹងទទួលវ៉ាក់សាំង AstraZeneca នេះមុនគេ នៅថ្ងៃទី២៣ មីនា ខាងមុខ ជាថ្ងៃដំបូងបង្អស់ដែលអជ្ញាធរចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋវ័យចំណាស់នោះ។
គិតមកដល់ត្រឹមថ្ងៃនេះ ចំនួនអ្នកទទួលវ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េមានដល ៦២១,៧៣៤នាក់ហើយ ដែលក្នុងនោះអ្នកទទួលវ៉ាក់សាំង AstraZeneca មាន ៥៨៧,៩៩៦នាក់ និងអ្នកទទួលវ៉ាក់សាំង Pfizer មាន ៣៣,៧៣៨ នាក់។