វ៉ាក់សាំងកូវីដ Pfizer ជើងទី២ សម្រាប់មនុស្ស ៥០ម៉ឺននាក់ គ្រោងដឹកដល់កូរ៉េខាងត្បូង ចុងខែមីនានេះ សម្រាប់ចាក់ជូនប្រជាជនដើមខែមេសាខាងមុខ

កូរ៉េខាងត្បូង៖ វ៉ាក់សាំងកូវីដ Pfizer របស់អាម៉េរិកសម្រាប់មនុស្ស ៥០ម៉ឺននាក់បន្ថែមទៀតនឹងត្រូវដឹកមកដល់ប្រទេសកូរ៉េខាងត្បូងនៅចុងខែមីនានេះហើយ ជាវ៉ាក់សាំង Pfizer ជើងទីពីរដែលដឹកមកដល់កូរ៉េខាងត្បូង នេះបើតាមការបញ្ជាក់របស់អជ្ញាធរសុខាភិបាលកូរ៉េនៅថ្ងៃពុធនេះ ចុះផ្សាយក្នុងសារព័ត៌មាន Yonhap News។

តាមការបញ្ជាក់របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងកូរ៉េនេះ វា៉ក់សាំង Pfizer សម្រាប់មនុស្ស ២៥ម៉ឺននាក់ដំបូងនឹងត្រូវដឹកមកដល់កូរ៉េខាងត្បូងនៅថ្ងៃទី ២៤ ខែមីនា សប្តាហ៍ក្រោយ ខណៈវា៉ក់សាំង Pfizer សម្រាប់មនុស្ស ២៥ម៉ឺននាក់ទៀត នឹងត្រូវដឹកមកដល់ក្នុងសប្តាហ៍ចុងក្រោយនៃខែមីនានេះដែរ។

សម្រាប់បច្ចុប្បន្ន អជ្ញាធរកូរ៉េខាងត្បូងរៀបចំវ៉ាក់សាំង Pfizer នេះសម្រាប់ក្រុមមនុស្សវ័យចំណាស់ពី ៧៥ឆ្នាំឡើងទៅ និងក្រុមមនុស្សងាយរងគ្រោះដទៃទៀត ហើយវ៉ាក់សាំងនេះគ្រោងនឹងចាប់ផ្តើមចាក់ជូនជនអាទិភាពចាប់ពីដើមខែមេសាខាងមុខ រួមជាមួយនឹងវ៉ាក់សាំង AstraZeneca ដែលនឹងដឹកមកដល់ឆាប់ៗខាងមុខនេះផងដែរ។

តាមការបញ្ជាក់របស់អជ្ញាធរ វ៉ាក់សាំង Pfizer នឹងត្រូវដាក់ជូនទីតាំងផ្តល់វ៉ាក់សាំងចំនួន ២២ ទីតាំងទូទាំងប្រទេស ដោយសារតែស្ថានភាពតម្រូវឱ្យមានការទុកដាក់ពិសេសក្នុងសីតុណ្ហភាពត្រជាក់ខ្លាំងរហូតដល់ ៧០ អង្សារក្រោមសូន្យឯណោះ ហើយបើតាមការបញ្ជាក់របស់អជ្ញាធរ គ្រោងនឹងបង្កើតទីតាំងដែលមានសមត្ថភាពរក្សាទុកវ៉ាក់សាំង និងផ្តល់វ៉ាក់សាំង Pfizer នេះឱ្យបានដល់ ២៥៤ ទីតាំងទូទាំងប្រទេសនៅតាមមន្ទីរពេទ្យ ទីតាំងហាត់ប្រាណ ឬទីតាំងកំណត់ដទៃទៀតឱ្យបានត្រឹមខែកក្កដាខាងមុខផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃពុធទី ១៧ ខែមីនានេះ ចំនួនអ្នកទទួលវ៉ាក់សាំងកូវីដក្នុងប្រទេសកូរ៉េមានដល ៦២១,៧៣៤នាក់ហើយ ដែលក្នុងនោះអ្នកទទួលវ៉ាក់សាំង AstraZeneca មាន ៥៨៧,៩៩៦នាក់ និងអ្នកទទួលវ៉ាក់សាំង Pfizer មាន ៣៣,៧៣៨ នាក់ ហើយតាមការរាយការណ៍កន្លងមក អ្នកដែលមានប្រតិកម្មក្រោយទទួលវ៉ាក់សាំងមានដល់ ៩,០០៣ ករណីដែលត្រូវបានរាយការណ៍ ដែលក្នុងនោះ ៨,៨៩៨ ជាករណីប្រតិកម្មស្រាលធម្មតាប៉ុណ្ណោះ។

ការហ្វឹកហាត់ត្រៀម ករណីអ្នកទទួលវ៉ាក់សាំងមានប្រតិកម្មវ៉ាក់សាំងធ្ងន់ធ្ងរ

Leave a Reply

Your email address will not be published. Required fields are marked *